កាលបើបានមកដល់ក្រុងសៀមរាបពេលណា បើនិយាយពីការដើរលេង សម្រាប់មនុស្សម្នារទូទៅ ប្រាង្គប្រាសាទនៅក្នុងតំបន់អង្គរគឺដឹងតែស្ថិតនៅកំពូលតារាងតែម្តង។ ចុះមានធ្លាប់បានសួរខ្លួនឯងទេថា មានកន្លែងណាដែរ យើងអាចនឹងរំលង ពេលមកលេងសៀមរាបរាល់ដង ដែរឬអត់? ប្រសិនជាមានមន្ទិលហើយ លើកនេះយើងសូមណែនាំកន្លែងមួយចំនួនស្ថិតនៅក្នុងខេត្តសៀមរាប កន្លែងខ្លះអាចចេញពីក្រុង ខ្លះនៅជាយក្រុង ឯខ្លះទៀតគឺនៅកណ្តាលក្រុងតែម្តង តែអ្នកអាចនឹងមិនធ្លាប់បានទៅដល់ពីមុនមក។
ប្រមាណជាជាង ៧០ គ. ម. អំពីក្រុងសៀមរាបឆ្ពោះទៅទិសខាងជើងភ្នំគូលែន គឺជាភ្នំដ៏ពិសិដ្ឋ និមិត្តរូបនៃភ្នំព្រះសុមេរុ៍ ជាទីក្រុងសម័យអង្គរទី ១។ ដំណើរទស្សនាចរណ៍នេះតម្រូវឲ្យយើងដើរកាត់ល្អាងភ្នំមួយ ឈ្មោះល្អាងពើងប្រចៀវ ប្រសិនយើងឆ្លៀតចូលយើងនិងឃើញសុទ្ធតែសត្វប្រជៀវ រាប់ពាន់ក្បាល។ បន្តដំណើរប្រហែល 800 ម៉ែត្រទៀត យើងនឹងមកដល់បុរាណស្ថានដ៏ពិសិដ្ឋនោះគឺ ស្រះដំរី នេះឯង។ នៅទីនោះមានរូបចម្លាក់ស្ដេចដំរីមួយដ៏ធំសម្បើម ដែលមានអក្សរបុរាណចារឹកថា “ឥន្រ្ទតបតិសិហ” ក្រៅពីនេះនៅមានរូបចម្លាក់ ស្ដេចកង្កែប ស្ដេចតោ ២ និង ព្រះគោ ហើយនៅខាងមុខរូបសំណាកដែលឆ្លាក់ពីថ្មភ្នំធម្មជាតិទាំងនេះ ក៏នៅមានស្រះទឹកមួយទៀតផងដែរ។ ទីកន្លែងមួយនេះកម្រនឹងមានអ្នកមកដល់ណាស់ ព្រោះស្ថិតនៅក្នុងព្រៃលើភ្នំ ហើយផ្លូវចូល ជិះបានតែម៉ូតូ និងថ្មើជើងប៉ុណ្ណោះ ដែលធ្វើឲ្យអ្នកដែលបានទៅស្គាល់មានអារម្មណ៍ថារំភើបនឹងទិដ្ឋភាពដ៏ស្រស់ត្រកាលនេះ។
វត្តរាជបូណ៌ ឬវត្តបូណ៌ (ប្រជាជនហៅកាត់) ជាបូជនីយដ្ឋាននិងបុរាណដ្ឋានដ៏ល្បីមួយនៅក្នុងខេត្តសៀមរាប កសាងឡើងក្នុងរវាងឆ្នាំ១៦៥០ ហើយព្រះវិហារកសាងនាសម័យកាលក្រោយ ក្នុងរជ្ជកាល សម្តេច ព្រះបាទនរោត្តម។ អ្វីដែលជាទីគួរឲ្យចង់គយគន់ និងផ្តិតយករូបភាព សម្រាប់អ្នកទេសចរ អ្នកស្រាវជ្រាវជាតិ-អន្តរជាតិគឺ តួព្រះវិហារបុរាណ គ្រឹះ ហោជាង សន្លឹកទ្វារ សន្លឹកបង្អួច ព្រះពុទ្ធបដិមា បល្ល័ង្ក សសរ រូបគំនូរ ពណ៌ គឺសុទ្ធតែប្រណិត ដែលឆ្លុះបញ្ចាំងអំពីភាពផ្ចិតផ្ចង់ នៃសិល្បករ ស្ថាបត្យករ និងសិល្បៈបុរាណខ្មែរសម្រាប់សាសនា។ នៅលើជញ្ជាំងព្រះវិហារផ្នែកខាងក្នុងមានសិល្បៈដ៏រស់រវើកល្អវិចិត្រគឺគំនូរបុរាណរឿង «រាមកេរ្តិ៍» ដែលជារឿងល្បីល្បាញនៅអាស៊ីអាគ្នេយ៍ គូរនៅរវាងឆ្នាំ១៩២០-១៩២៤ ដោយជាងឈ្មោះ ប៉ិល និងក្មួយរបស់គាត់ឈ្មោះ ឌិត។ ជាងគំនូរទាំង២នាក់នេះ គឺជាជាងធ្វើណាំងសម្រាប់ល្ខោនស្បែកធំ ទើបគំនូរមានទម្រង់កាយវិការបែបដូចស្បែកធំ។ ចំណែកនៅផ្នែកខាងក្រៅមានចម្លាក់លៀនយ៉ាងរស់រវើកនៅលើទ្វារ និងបង្អួច ដោយលោកកុសលបានបញ្ជាក់ថា ព្រះវិហារដ៏ចំណាស់មួយនេះធ្លាប់មានការជួសជុលតាំងពីសម័យអាណានិគមបារាំងមកម្ល៉េះ។ បច្ចុប្បន្ននេះ ព្រះវិហារបុរាណ វត្តរាជបូណ៌ ត្រូវបានបញ្ចប់ការជួសជុល និងបើកឲ្យចូលទស្សនាបានជាធម្មតា សម្រាប់ទិដ្ឋភាពខាងក្នុង ទស្សនាចរគួរតែទៅក្នុងកំឡុងម៉ោង ៤រសៀល ទៅ៦ល្ងាច ដែលជាវេលាមួយដែលព្រះសង្ឃ បើកទ្វារព្រះវិហារ ដើម្បីចម្រើននមស្ការព្រះសម្មាសម្ពុទ្ធ។
ប្រាសាទទទឹងថ្ងៃ កំពុងលាក់ខ្លួនកំបាំងក្នុងព្រៃឬស្សី ក្នុងតំបន់រលួស ដែលក្លាយពីឈ្មោះរាជធានីខ្មែរនាដើមសម័យអង្គរ ហរិហរាល័យ ដែលមាន ប្រាសាទបាគង ជាប្រាសាទស្នូល។ ហាក់ដូចជានៅដាច់ស្រយោល ឆ្ងាយពីក្រុមប្រាសាទដទៃ ប្រាសាទទទឹងថ្ងៃ នេះហាក់មិនសូវមានទេសចរទៅដល់ទេ ព្រោះត្រូវធ្វើដំណើរកាត់ផ្លូវភូមិ ហើយឆ្ងាយប្រមាណ ១៦គីឡូម៉ែត្រ ពីក្រុងសៀមរាប តែផ្លូវធ្វើដំណើរក៏ពុំមានអ្វីជាឧបសគ្គធំដុំដែរ។ មកដល់ប្រាសាទនេះអ្នកនឹងប្លែកអារម្មណ៍ ច្បាស់ណាស់ដែលប្រាសាទបុរាណសតវត្សរ៍ទី១០ មួយនេះត្រូវបានបាក់បែកស្ទើរទាំងស្រុង ប៉ុន្តែស្លាកស្នាមដែលនៅសេសសល់បានបង្កើតចេញជាទិដ្ឋភាពមួយដែលធ្វើឲ្យទេសចរចង់ទស្សនា និងផ្តិតយករូបភាព ជាមួយនឹងស៊ុមទ្វារជាច្រើនដែលនៅបញ្ឍរពាសពេញផ្ទៃប្រាសាទ បើទោះបីជាតួប្រាសាទត្រូវបានរលំរប៉ាត់រប៉ាយក្តី។
ផែនទី៖ “ប្រាសាទទទឹងថ្ងៃ” ស្លាកស្នាមនៃរាជធានីហរិហរាល័យ ក្រុមប្រាសាទបាគង
ជាសិល្បៈចេតិយមួយ ដែលសង់ក្នុងសម័យកាលថ្មីទេ ប៉ុន្តែមានក្បាច់ក្បូររចនាយ៉ាងល្អប្រណីត ខ្ពស់ស្រឡះ ដែលបើសិនជាបានទៅដល់ជាមួយអ្នកពូកែថត ដឹងតែផ្តិតយកបានរូបភាពដែលស្រស់ស្អាតតែម្តង។ ចេតិយស្ថិតនៅក្នុងក្រុងសៀមរាប ក្នុងវត្តប្រាសាទឥន្ទ្រា (វត្តគោកប៉ាទ្រី) តាមបណ្តោយផ្លូវជាតិ លេខ៦។ ដោយសារទីនោះជាទីអារាម ដូចនេះទេសចរដែលបានទៅទស្សនាគួរ គយគន់ទិដ្ឋភាពដ៏ប្លែកភ្នែកនេះ ជាមួយនឹងភាពស្ងៀមស្ងាត់ និងស្មឹងស្មាត។
ផែនទី៖ វត្តប្រាសាទចេតិយ
ជាសិល្បៈចេតិយមួយ ដែលសង់ក្នុងសម័យកាលថ្មីទេ ប៉ុន្តែមានក្បាច់ក្បូររចនាយ៉ាងល្អប្រណីត ខ្ពស់ស្រឡះ ដែលបើសិនជាបានទៅដល់ជាមួយអ្នកពូកែថត ដឹងតែផ្តិតយកបានរូបភាពដែលស្រស់ស្អាតតែម្តង។ ចេតិយស្ថិតនៅក្នុងក្រុងសៀមរាប ក្នុងវត្តប្រាសាទឥន្ទ្រា (វត្តគោកប៉ាទ្រី) តាមបណ្តោយផ្លូវជាតិ លេខ៦។ ដោយសារទីនោះជាទីអារាម ដូចនេះទេសចរដែលបានទៅទស្សនាគួរ គយគន់ទិដ្ឋភាពដ៏ប្លែកភ្នែកនេះ ជាមួយនឹងភាពស្ងៀមស្ងាត់ និងស្មឹងស្មាត។