រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

កន្លែងញ៉ាំ និងហាងកាហ្វេ ដែលមិនគួររំលងពេលមកលេងក្រុងសៀមរាប

 

មកដល់ទឹកដីសៀមរាបពេលណាក៏ដោយ ក៏មនុស្សម្នារភាគច្រើនមិនភ្លេចទេ ដឹងថាទម្លាក់ឥវ៉ាន់ស្រុះស្រូតម្នីម្នារ ទៅលេងប្រាង្គប្រាសាទ ដែលជាកេរដំណែលដូនតា នៅឯអង្គរហើយ។ លុះពេលមកវិញ ហត់នឿយ អស់កម្លាំង ពោះក៏កូរ សំណួរមួយក៏លោតមកសួរថា​ «នៅសៀមរាបមានកន្លែងញ៉ាំអីថាប្លែក ហើយឆ្ងាញ់ឬអត់?»។ ឆ្លើយទៅកាន់សំណួរនេះ យើងអាចនិយាយបានថាសៀមរាបបច្ចុប្បន្ន បានវិវឌ្ឍន៍ខ្លួនយ៉ាងឆាប់រហ័ស​ ដែលផ្តល់ជូនទេសចរលើសពីការទស្សនាប្រាសាទ ដែលអាហារដ្ឋាន ភោជនីយដ្ឋាន និងហាងកាហ្វេ ថ្មីៗបើកជាបន្តបន្ទាប់គួរឲ្យកត់សម្គាល់។ ខាងក្រោមនេះដែលជាកន្លែងញ៉ាំ និងទទួលទានភេសជ្ជៈ ដែលអ្នកអាចសាកល្បងបានសម្រាប់ដំណើរកម្សាន្តរបស់អ្នកមកកាន់ក្រុងសៀមរាប៖

នំបញ្ចុកទឹកអំបិលប្រហុក

បើមកដល់សៀមរាប ដល់ត្រឹមកសិណទឹកអង្គរ ចន្លោះផ្លូវពី ប្រាសាទអង្គរវត្ត ទៅអង្គរធំ គេប្រទះឃើញ តូបនំបញ្ចុកមួយកន្លែង គឺជាតូបនំបញ្ចុុកទឹកអំបិលប្រហុក ដែលប្លែកពីគេ នំបញ្ចុកនោះ គេទទួលទានជ្រលក់ជាមួយទឹកអំបិលប្រហុក ហើយអន្លក់វិញគឺជាបន្លែស្រុះឆ្អិន តែ​៣​មុខ​ប៉ុណ្ណោះ​មាន​ស្ពៃក្ដោប ត្រកួន និង​សណ្ដែកកួរ។ បើនិយាយពីតម្លៃវិញ គឺសមរម្យបំផុត ក្នុងមួយចានមានតម្លៃប្រមាណត្រឹមតែ ៣០០០៛ ប៉ុណ្ណោះ។​

ទីតាំង៖  នំបញ្ចុកទឹកអំបិលប្រហុក

ហាងកាហ្វេបែបធម្មជាតិ Xyst Coffee & Co.

បើយើងមើលពីខាងក្រៅទៅ ហាងនេះមានភាពសាមញ្ញ តែបើយើងបានចូលទៅដល់ខាងក្នុងវិញគឺថាប្លែកភ្នែកតែម្តង ដែលហាងកាហ្វេមួយនេះ គឺមានរហូតដល់ពីរជាន់។ ពេលបានចូលទៅដល់ក្នុងហាងកាហ្វេនោះ អ្នកទាំងអស់គ្នា នឹងមានអារម្មណ៍ថា គ្រប់ជ្រុងគឺសុទ្ធតែជាកន្លែងដែលមានប្លង់ថតរូបស្អាតៗ។ ចំណែកឯជាន់លើវិញមានសុទ្ធតែរុក្ខជាតិស្រស់បំព្រងថែមទៀតផង។ បើនិយាយពីភេសជ្ជៈវិញគឺ មានច្រើនមុខ ច្រើនជម្រើស ជាមួយនឹងពណ៌ចម្រុះគួរឲ្យទាក់ចិត្តតែម្តង បន្ថែមពីនេះទៅទៀត ហាងកាហ្វេមួយនេះក៏មានលក់នំសម្រាប់ញ៉ាំកំដរមាត់ពេលទំនេរផងដែរ។

ទីតាំង៖  ហាងកាហ្វេបែបធម្មជាតិ Xyst Coffee & Co.

ហាងកាហ្វេ «ស្ថានទូត» The Bean Embassy

វាជាស្លាកយីហោហាងកាហ្វេក្នុងស្រុកទើបតែបើកថ្មីមួយ ក្នុងក្រុងសៀមរាប ដែលមានការរចនា តែងលម្អរហាងប្រកបដោយភាពច្នៃប្រតិដ្ឋខ្ពស់ មើលទៅលក្ខណៈប្លែកពីគេដាច់តែម្ដង បើប្រៀបទៅហាងកាហ្វេដទៃទៀតក្នុងក្រុងសៀមរាប។ ការរចនាហាងនេះធ្វើឲ្យមា​នសភាពបែបជាអាគារចាស់ លាយឡំ ជាមួយ និងភាពទាន់សម័យ ធ្វើឲ្យអតិថិជនដែលបានទៅញ៉ាំកាហ្វេនៅហាងនេះ មានអារម្មណ៍ថារសាយផងអស់ទុក្ខកង្វល់ទាំងឡាយ។ ដោយឡែក បើយើងក្រឡេកទៅមើលលើ Menu របស់ហាងវិញគឺពិសេសតែម្តង មិនមែនមានត្រឹមតែភេសជ្ជៈនោះទេ នៅហាងកាហ្វេ The Bean Embassy ក៏បានរបស់ញ៉ាំផងដែរ ដែលអតិថិជ​​នអាចកុម្មង់ទទួលទានជាមួយជាមួយកាហ្វេ ដែលមានរសជាតិឈ្ងុយទៀត នឹងធ្វើឲ្យអតិថិជនដកចិត្តមិនបានតែម្តង។

ផែនទី៖ ហាងកាហ្វេ «ស្ថានទូត» The Bean Embassy

Thai St. Food Truck Siem Reap

វាជាកន្លែងលក់អាហារបរទេសបែបថៃមួយ ដែលមានភាពច្នៃប្រឌិតខ្ពស់ មើលទៅគឺប្លែកដាច់ពីគេតែម្តង ដោយការយកឡានមកច្នៃជាកន្លែងសម្រាប់លក់អាហារ។ សម្រាប់អ្នកចូលចិត្តញ៉ាំគុយទាវបែបថៃ (Pad Thai) និងបាយដំណើបជាមួយស្វាយទុំ គឺដឹងតែត្រូវចិត្តតែម្តង ព្រោះថាវាជាអាហារប្រចាំហាងដែលមានរសជាតិឈ្ងុយឆ្ងាញ់ ញ៉ាំហើយចង់ញ៉ាំម្តងទៀត។ ដោយហេតុថាសៀមរាបជាក្រុងទេសចរណ៍ ដូចនេះការទទួលទានអាហារតាមផ្លូវគឺជារឿងធម្មតាមួយ។ តែជាមួយនឹងបរិយាកាស ប្លែកភ្នែក​បែបនេះ វានឹងអាចធ្វើឲ្យការទទួលទានអាហារនៅក្រៅហាង ផ្តល់មកនូវអារម្មណ៍មួយពិសេស រួមជាមួយនឹងរសជាតិអាហារពិេសសៗ ចម្អិនភ្លាមៗទៀត នឹងធ្វើឲ្យអ្នកជាប់ចិត្តជាមិនខាន។

ផែនទី៖  Thai St. Food Truck Siem Reap

Pou Cafe Wat Damnak

ហាងកាហ្វេមួយនេះ បង្កើតឡើងដោយយុវជនមួយក្រុមដែលបានបញ្ចប់ការសិក្សាពីសាលា សណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៉ូល។ ហាង Pou Cafe Wat Damnak បានរៀបចំលក្ខណៈជាផ្ទះចាស់បុរាណមានពីរជាន់ ហើយជាន់ខាងក្រោមជាលក្ខណៈសិស្សនិស្សិត យុវជន អាចមកអង្គុយញ៉ាំកាហ្វេនិងនិយាយគ្នាលេង រីឯជាន់ខាងលើ អាចហៅថាជាកូនបណ្ណាល័យតូចមួយដែលមានសៀវភៅជាច្រើនក្បាល​ ទុកសម្រាប់អតិថិជនអាចយកមកអានបាន។ លើសពីសេវាកម្មភេសជ្ជៈ ហាងPou Cafe Wat Damnak ក៏មានអាហារផងដែរ​ ដែលបម្រើជូនរហូតដល់ទៅ៣​ពេលគឺ ពេលព្រឹក ពេលថ្ងៃត្រង់ និងពេលល្ងាចផងដែរ។

ផែនទី៖ Pou Cafe Wat Damnak

គន្លឹះទាក់ទងសំខាន់ៗ