ពិតណាស់ គន្លឹះសំខាន់ឆ្ពោះទៅកាន់ការមានអាយុវែង គឺការរស់នៅប្រកបដោយសុខភាពល្អ។ ប៉ុន្តែ ប្រសិនបើអ្នកមិនបញ្ចូល ការថែទាំសុខភាពមាត់ធ្មេញរបស់អ្នកចូលក្នុងគន្លឹះសំខាន់ទេនោះទេ លោកអ្នកប្រាកដជាបាត់បង់ចំណុចសំខាន់មួយក្នុងចំណោមជំហានសំខាន់ៗក្នុងការឆ្ពោះទៅកាន់ការមានអាយុវែងមិនខាន។ នេះគឺជាចំណុចដែលលោកអ្នកត្រូវតែយកចិត្តទុកដាក់ ព្រោះអ្នកដែលយកចិត្តទុកដាក់លើសុខភាពមាត់ធ្មេញ មានអត្រាស្លាប់ទាបជាងអ្នកដែលមិនសូវខ្វល់ខ្វាយពីអនាម័យមាត់ធ្មេញ។
ដោយសារតែមានការចាប់អារម្មណ៍ខ្លាំងទៅលើការជួយឲ្យមនុស្សមានអាយុវែង មានការសិក្សាស្រាវជ្រាវជាច្រើន ដែលផ្តោតលើអត្ថប្រយោជន៍នានា ក្នុងការធ្វើឲ្យមានអាយុវែង ដូចជាជម្រើសនៃរបៀបរបបរស់នៅផ្សេងគ្នាជាច្រើន ក្នុងនោះរាប់បញ្ចូលទាំងការយកចិត្តទុកដាក់លើការថែទាំសុខភាពមាត់ធ្មេញផងដែរ។
ការសិក្សាស្រាវជ្រាវមួយបានរកឃើញថា អ្នកដែលមានធ្មេញចំនួន១៩ ឬតិចជាងនេះ ប្រឈមមុខនឹងការស្លាប់លឿនជាងអ្នកមានធ្មេញចំនួន២០ រហូតដល់ទៅ៥ឆ្នាំ ២ដង។ ការសិក្សាស្រាវជ្រាវកាលពីឆ្នាំ២០១៥នេះ បានពិនិត្យមើលគំរូមនុស្សចំនួន៥៥៩នាក់ ដែលមានវ័យ៧០ឆ្នាំ ហើយបន្ទាប់មក ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា អ្នកមានធ្មេញចំនួន១៩ ឬតិចជាងនេះ មានអត្រាស្លាប់ដល់ទៅ៦,១% ប៉ុន្តែ អ្នកមានធ្មេញ២០ ឬច្រើនជាងនេះ មានអត្រាស្លាប់តែ២,៥%ប៉ុណ្ណោះ។
ការសិក្សាមួយទៀត ក្នុងឆ្នាំ២០១០ ដែលធ្វើទៅលើមនុស្សមានវ័យ២០ រហូតដល់៨៩ឆ្នាំ និងបានតាមដានអស់រយៈពេល១២ឆ្នាំ ហើយក្រុមអ្នកស្រាវជ្រាវបានរកឃើញនូវលទ្ធផលដូចគ្នា។ ពួកគេក៏បានរកឃើញផងដែរថា ធ្មេញរបស់មនុស្សមានការពាក់ព័ន្ធនឹងមូលហេតុនានាជាច្រើនដែលបណ្តាលឲ្យស្លាប់ ដូចជា ជំងឺបេះដូង និងការដាច់សរសៃឈាមក្នុងខួរក្បាលជាដើម។
ភស្តុតាងជាច្រើនបង្ហាញថា បញ្ហាចម្បងទាក់ទងនឹងសុខភាពមាត់ធ្មេញគឺជំងឺអញ្ចាញ ខណៈដែលជំងឺនេះ ពាក់ព័ន្ធនឹងបញ្ហាសុខភាពជាច្រើនដូចជា ជំងឺបេះដូង ទឹកនោមផ្អែម និងជំងឺមហារីកជាច្រើនប្រភេទ។ ហេតុនេះ លោកអ្នកត្រូវតែថែទាំសុខភាពមាត់ធ្មេញរបស់អ្នកជានិច្ច ព្រោះពេលដែលអ្នកមានធ្មេញកាន់តែច្រើន អ្នកក៏មានអាយុកាន់តែវែងផងដែរ។
ការស្រាវជ្រាវមួយដែលបានចេញផ្សាយក្នុងឆ្នាំ២០១៣ ក្រោយពីបានពិនិត្យមើលលើប្រជាជនជប៉ុនចំនួន២១០០០នាក់ ដែលមានវ័យចាប់ពី៦៥ឆ្នាំឡើងវិញ និងបានរកឃើញថា អ្នកមានធ្មេញកាន់តែច្រើន ប្រឈមមុខនឹងការស្លាប់កាន់តែតិចជាង បើធៀបទៅនឹងអ្នកដែលមានធ្មេញចំនួន១៩ ឬតិចជាងនេះ។
សរុបសេចក្តីមក ការថែរក្សាសុខភាពមាត់ធ្មេញពិតជាសំខាន់ណាស់ ព្រោះវាមិនត្រឹមតែធ្វើឲ្យយើងមានអាយុវែង និងគេចផុតពីជំងឺគ្រោះថ្នាក់ជាច្រើនប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងជួយឲ្យយើងរីករាយជាមួយនឹងសកម្មភាពជាច្រើនទៀតក្នុងពេលយើងមានវ័យកាន់តែចាស់ ពិសេសធ្វើឲ្យនៅតែសកម្មក្នុងសង្គម៕
ប្រភព៖ news.sabay.com.kh
គន្លឹះសុខភាព
ដើម្បីការរស់នៅប្រកបដោយសុខភាពល្អប្រសើរ!
គន្លឹះហិរញ្ញវត្ថុ
ដើម្បីការរៀបចំហិរញ្ញវត្ថុដ៏ឆ្លាតវៃ!
តើបច្ចុប្បន្នលោកអ្នកជាអតិថិជន មេនូឡាយហ្វ៍ ឬនៅ?