ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២៤
ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង នៅអង្គរវត្ត គឺជាព្រឹត្តិការណ៍កីឡាដ៏ធំជាងគេប្រចាំឆ្នាំនៅកម្ពុជាដែលប្រារព្ធឡើងនៅខេត្តសៀមរាបជារៀងរាល់ឆ្នាំ ហើយបានលើកកម្ពស់សុខុមាលភាព ជំរុញកំណើនសេដ្ឋកិច្ចសហគមន៍មូលដ្ឋាន និងវិស័យទេសចរណ៍ក្នុងស្រុក ជាពិសេសគាំទ្រដល់អង្គការសប្បុរសធម៌ និងមន្ទីរពេទ្យកុមារនានាតាមរយៈការដឹកនាំរៀបចំរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងការឧបត្ថម្ភគាំទ្រផ្ដាច់មុខដោយក្រុមហ៊ុន មេនូឡាយហ្វ៍ (Manulife) ព្រមទាំងក្រសួងពាក់ព័ន្ធជាច្រើនទៀត។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានបញ្ជាក់ពីវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្នុងការចូលរួមព្រឹត្តិការណ៍រត់ប្រណាំងនៅចុងឆ្នាំនេះផងដែរ នៅក្នុងឱកាសបើកការដ្ឋានសាងសង់ជាផ្លូវការនូវសារមន្ទីរមួយក្នុងបរិវេណវត្តរាជបូណ៌ ខេត្តសៀមរាប កាលពីខែកក្កដា ឆ្នាំ២០២៤កន្លងទៅ។ ឆ្នាំនេះក៏ជាខួបគម្រប់ ១១ ឆ្នាំរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ក្នុងនាមជាម្ចាស់ឧបត្ថម្ភផ្ដាច់មុខ ហើយភាពជាដៃគូគាំទ្រដ៏យូរអង្វែងនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការគាំទ្ររាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មាធិការជាតិអូឡាំពិក ដើម្បីបម្រើឱ្យគោលបំណងជួយប្រជាជនកម្ពុជាឱ្យរស់នៅប្រកបដោយសុខភាពល្អ និងជីវិតកាន់តែប្រសើរ។
ជាក់ស្តែង កាលពីឆ្នាំ ២០២៣ ព្រឹត្តិការណ៍នេះបានទាក់ទាញអ្នករត់ប្រណាំងជាង ១០ ១៥៤ នាក់មកពី ៧៨ ប្រទេសទូទាំងពិភពលោកមកកាន់ទឹកដីខេត្តសៀមរាប ដែលក្នុងនោះមានការចូលរួមពីអ្នករត់ក្នុងស្រុកប្រមាណជាង ៦ ០០០ នាក់ផងដែរ។ ក្រៅពីជាម្ចាស់ឧបត្ថម្ភគាំទ្រ ក្រុមហ៊ុន មេនូឡាយហ្វ៍ ក៏បានរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យ កុមារអង្គរសរុបជាង ៦៥០ ០០០ ដុល្លារអាមេរិក ក្នុងចំណោមបុគ្គលិករបស់ខ្លួនទូទាំងពិភពលោក ហើយកុមារកម្ពុជាជាង ១៧ ៤០០នាក់ នាក់ត្រូវបានជួយសង្គ្រោះតាមរយៈការរៃអង្គាសថវិកានេះគិតតាំងពីឆ្នាំ ២០១៥ មក
គិតមកទល់ពេលនេះ ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងកំពុងបន្តទទួលការចុះឈ្មោះ ហើយរំពឹងថានឹងមានការចូលរួមយ៉ាងច្រើនកុះករពីប្រជាជននៅជុំវិញពិភពលោកច្រើនជាងឆ្នាំណាៗទាំងអស់ក្នុងនៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ។
ដើម្បីទទួលព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពីក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា សូមតាមដានទំព័រហ្វេសប៊ុក «Manulife Cambodia» តាមរយៈ www.facebook.com/ManulifeKH ឬ ចូលទៅកាន់គេហទំព័រ www.manulife.com.kh។