ថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៤
ខេត្តសៀមរាប – ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិដំបូងបង្អស់នៅកម្ពុជា និងអាជ្ញាធរជាតិអប្សរា បានរៀបចំពិធីប្រគល់កិច្ចព្រមព្រៀង និងសម្ពោធជាផ្លូវការគម្រោង «ឧទ្យានសហគមន៍អង្គរ-មេនូឡាយហ្វ៍ (Angkor Manulife Community Park)” ដែលជាគម្រោងដាំ និងថែទាំដើមឈើចំនួនជាង ១០ ០០០ ដើម លើផ្ទៃដីជាង ៥.៥ ហិកតា ដែលមានទីតាំងនៅក្បែរបរិវេណប្រាសាទបន្ទាយប្រីដើម្បីអភិរក្សរមណីយដ្ឋានអង្គរដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកពីការគំរាមកំហែងបម្រែបម្រួលអាកាសធាតុ។
កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ដោយមានការចូលរួមពីលោក ជំទាវ ម៉ុម ថានី រដ្ឋលេខាធិការ តំណាង ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រី ក្រសួង បរិស្ថាន ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក អ៊ឹង គឹមលាង អភិបាលរងតំណាង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប លោកស្រី ង៉ាន់ លក្ខិណា ប្រធាននាយកដ្ឋានកិច្ចការទូទៅ តំណាង ឯកឧត្តម ប៊ូ ចាន់ភីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា តំណាងអង្គការ UNESCO ប្រចាំកម្ពុជា លោក ចាន់ រដ្ឋា អគ្គនាយក ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ព្រមទាំងថ្នាក់ដឹកនាំ បុគ្គលិក ភ្នាក់ងារធានារ៉ាប់រង អតិថិជនរបស់ ក្រុមហ៊ុន មេនូឡាយហ្វ៍ និងអគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន បុគ្គលិក ពលករនៃអាជ្ញាធរជាតិអប្សរា នគរបាលការពារបេតិកភណ្ឌ អាជ្ញាធរមូលដ្ឋាន ក៏ដូចជាសិស្សានុសិស្សចំនួនប្រមាណ ៣០០ នាក់ផងដែរ។
ថ្លែងក្នុងពិធីប្រគល់កិច្ចព្រមព្រៀង និងសម្ពោធគម្រោង លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា “ដើមឈើរាប់លានដើម ទាំងក្នុងគម្រោងរបស់ក្រុមហ៊ុនមេនូឡាយហ្វ៍ រួមទាំងវិស័យឯកជននានា ដែលបានសហការជាមួយអាជ្ញាធរជាតិអប្សរា ដាំដុះជាបន្តបន្ទាប់នៅក្នុងឧទ្យានអង្គរ។ នេះជាភារកិច្ចថ្មីមួយទៀត បន្ថែមលើកិច្ចការដែលយើងជាកូនខ្មែរត្រូវថែរក្សាបរិស្ថាន។ ហេតុអ្វី? ដោយសារនៅលើទឹកដីនេះ មានប្រាសាទរាប់រយ ដែលប្រាសាទ គឺជាចំណងមួយរវាងប្រាសាទ ធម្មជាតិ និងមនុស្ស។ អ្វីទាំងអស់នោះ បើសិនជាគ្មានព្រៃឈើជួយទេ បញ្ហាវានឹងកកើតឡើងដូចជា ភាពរាំងស្ងួត ហើយបរិស្ថានបៃតងជួយច្រើនលើសុខុមាលភាពរបស់មនុស្ស។ លោកជំទាវបណ្ឌិតសភាចារ្យ បានសម្តែងសេចក្តីរីករាយ ដែលរាជដ្ឋាភិបាល យកចិត្តទុកដាក់លើការបង្កើនគម្របព្រៃឈើ ហើយសកម្មភាពនេះ កាន់តែផុសផលច្រើនឡើង ពិសេសក្នុងចំណោមយុវជន។ លោកជំទាវ បណ្ឌិតសភាចារ្យ មានប្រសាសន៍បន្តថា អ្នកជំនាន់ក្រោយរស់នៅបានដោយសារសមិទ្ធផលរបស់អ្នកមុន នេះជាបំណងយើងទាំងអស់គ្នាបានទទួលនូវភោគផលដែលដូនតាយើងបន្សល់ទុកមក មានប្រាង្គប្រាសាទ មានសម្បត្តិធម្មជាតិ។ ដូច្នេះ ជាភារកិច្ចរបស់យើងថែរក្សា ក៏មានភារកិច្ចនឹងបន្តបង្កើតនូវអ្វីសម្រាប់ទុកឱ្យអ្នកជំនាន់ក្រោយដែរ។”
លោក ចាន់ រដ្ឋា អគ្គនាយក ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា មានប្រសាសន៍ផងដែរថា “ជាកិត្តិយស និងមោទកភាពណាស់ ដែលក្រុមហ៊ុន មេនូឡាយហ្វ៍ ទទួលបានការអនុញ្ញាត និងគាំទ្រពីអាជ្ញាធរជាតិអប្សរាក្នុងកិច្ចការពារបេតិកភណ្ឌវប្បធម៌ជាតិដ៏មានតម្លៃសម្រាប់មនុស្សជាតិ ជាពិសេសប្រជាជនដែលកំពុងរស់នៅ និងប្រកបការងារជុំវិញរមណីយដ្ឋានអង្គរ។ ទិសដៅនេះបានដើរស្របគ្នាយ៉ាងល្អឥតខ្ចោះទៅនឹងបេសកកម្មរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ជាសកល (Manulife Impact Agenda) ក្នុងការកសាងជីវិតប្រកបដោយសុខភាពល្អ ភាពរឹងមាំយូរអង្វែង និងកាន់តែប្រសើរជូនប្រជាជននៅទូទាំងពិភពលោករួមទាំងប្រទេសកម្ពុជាផងដែរ។”
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Manulife នៅទូទាំងសកលលោកបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពគាំទ្រសហគមន៍ក្រោមគោលដៅនៃការជំរុញអនាគតប្រកបដោយចីរភាព និងលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន តាមរយៈគំនិតផ្តួចផ្តើមជាច្រើនទៀតនៅក្រោមភាពជាដៃគូរវាង មេនូឡាយហ្វ៍ និងវេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) ផងដែរ។ ជាក់ស្តែង ដើមឈើជាង ១,៣ ពាន់លានដើមត្រូវបានដាំដោយ ក្រុមហ៊ុន ចាប់តាំងពីឆ្នាំ ១៩៨៥ មក។
ដើម្បីទទួលព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពីក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា សូមតាមដានទំព័រហ្វេសប៊ុក «Manulife Cambodia» តាមរយៈ www.facebook.com/ManulifeKH ឬ ចូលទៅកាន់គេហទំព័រ www.manulife.com.kh។