សៀមរាប ថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២២៖ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា (Manulife Cambodia) ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិដំបូងបង្អស់នៅកម្ពុជា បន្តជាម្ចាស់ឧបត្ថម្ភគាំទ្រ «ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនៅអង្គរវត្ត លើកទី ២៧» រយៈពេល ៩ ឆ្នាំជាប់គ្នា ដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការជួយប្រជាជនកម្ពុជាឱ្យមានសុខភាពល្អ និងជីវិតកាន់តែប្រសើរ ស្របពេលជាមួយគ្នា ជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់។
បន្ទាប់ពីការកាត់បន្ថយអ្នកចូលរួមដោយសារការរីករាលដាលនៃជំងឺកូវីដ១៩អស់រយៈពេលពីរឆ្នាំ ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិនេះបានវិលត្រលប់មកក្នុងទ្រង់ទ្រាយធំដូចដើម ដោយមានអ្នកចូលរួមរត់ប្រមាណ ៨០០០ នាក់មកពី ៦៩ ប្រទេស ហើយទើបធ្វើឱ្យព្រឹត្តិការណ៍នេះនៅតែជាព្រឹត្តិការណ៍កីឡាដ៏ធំបំផុតមួយប្រចាំប្រទេសកម្ពុជា។
តាមរយៈព្រឹត្តិការណ៍ប្រចាំឆ្នាំនេះដដែល និងដោយមានការគាំទ្រពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រុមហ៊ុន Manulife ក៏បានផ្តួចផ្តើមម្តងទៀតនូវយុទ្ធនាការរៃអង្គាសប្រាក់ពីបុគ្គលិក Manulife របស់ខ្លួននៅទូទាំងពិភពលោក ដើម្បីបរិច្ចាគដល់មន្ទីរពេទ្យកុមារអង្គរ (AHC) ដែលជាអង្គការថែទាំសុខភាពកុមារកំពុងផ្តល់ការព្យាបាលប្រកបដោយគុណភាពខ្ពស់ និងជួយសង្គ្រោះជីវិតកុមារកម្ពុជាជាង ២ លាននាក់ហើយក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ។ ជាលទ្ធផល ទឹកប្រាក់សរុបចំនួន US$44,755 ដុល្លារអាមេរិកត្រូវបានរៃអង្គាសក្នុងឆ្នាំនេះ ហើយទឹកប្រាក់សរុបចំនួនជិត US$600,000 ដុល្លារអាមេរិកត្រូវបានរៃអង្គាស និងបរិច្ចាគដល់មន្ទីរពេទ្យកុមារអង្គរកន្លងមក។
លោក Justin Helferich អគ្គនាយកប្រតិបត្តិ និងជានាយកចាត់ការទូទៅនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា មានប្រសាសន៍ថា៖ “ខ្ញុំបាទពិតជាមានមោទកភាពក្នុងការបន្តឧបត្ថម្ភគាំទ្រព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងក្នុងគោលដៅដដែល គឺលើកកម្ពស់សុខភាព និងសុខុមាលភាពគ្រួសារកម្ពុជា។ ការគាំទ្រព្រឹត្តិការណ៍នេះទៀតសោតក៏បានអនុញ្ញាតឲ្យយើងចូលរួមជាចំណែកមួយជួយដល់កំណើនសេដ្ឋកិច្ចក្នុងស្រុក និងការរីកចម្រើនវិស័យទេសចរណ៍ជាតិ ដែលចំណុចទាំងនេះដើរស្របគ្នាយ៉ាងល្អឥតខ្ចោះទៅនឹងជាបេសកកម្មរបស់យើង ក៏ដូចជាគោលដៅយុទ្ធសាស្រ្តជាសកលថ្មីមួយទៀតដែលមានឈ្មោះថា Manulife’s Impact Agenda ក្នុងន័យថា គ្រប់សកម្មភាពដែលយើងធ្វើនឹងជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចរួមគ្នា និងឆ្ពោះទៅអនាគតប្រកបដោយនិរន្តរភាពសម្រាប់អតិថិជន បុគ្គលិក សហគមន៍ នៃគ្រប់ទីផ្សារដែលក្រុមហ៊ុន Manulife កំពុងធ្វើប្រតិបត្តិការអាជីវកម្ម។"
គួរបញ្ជាក់ផងដែរថា ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនៅអង្គរវត្តត្រូវបានរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ១៩៩៦ មកក្នុងគោលបំណងលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន ព្រមទាំងរៃអង្គាសថវិកាដើម្បីគាំទ្រដល់អង្គការដែលជួយដល់កុមារក្រីក្រ និងជនរងគ្រោះដោយសារគ្រាប់មីននៅកម្ពុជា ក៏ដូចជាអង្គការសប្បុរសធម៌ មន្ទីរពេទ្យតាមអង្គការ និងមន្ទីរពេទ្យនានាផងដែរ៕
ដើម្បីទទួលព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពីក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា សូមតាមដានទំព័រហ្វេសប៊ុក «Manulife Cambodia» តាមរយៈ www.facebook.com/ManulifeKH ឬ ចូលទៅកាន់គេហទំព័រ www.manulife.com.kh។