ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣
ប្រទេសកម្ពុជា៖ ក្រុមហ៊ុន Manulife និងអង្គការ Kiva ប្រកាសកិច្ចសហប្រតិបត្តិការក្នុងការផ្តល់មូលនិធិដល់សហគ្រិនខ្នាតតូច និងសហគមន៍ដែលពុំទទួលបានជំនួយគ្រប់គ្រាន់នៅលើពិភពលោកដោយផ្តោតសំខាន់លើប្រទេសកម្ពុជា ឥណ្ឌូណេស៊ី ហ្វីលីពីន និងវៀតណាម តាមរយៈជំនួយជាទឹកប្រាក់ចំនួន ១ ០០០ ០០០ ដុល្លារអាមេរិកសម្រាប់រយៈពេល ៣ ឆ្នាំ។ តាមរយៈភាពជាដៃគូនេះ អង្គការ Kiva នឹងអាចបង្កើនចំនួនសហគ្រិនដែលខ្លួនផ្តល់ឥណទានមីក្រូហិរញ្ញប្បទាននៅក្នុងទីផ្សារកំពុងរីកចម្រើនក្នុងតំបន់អាស៊ី និងជុំវិញពិភពលោក។
ភាពខ្វះចន្លោះនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុនាពេលបច្ចុប្បន្នបានរារាំងប្រជាជនជាង ១.៤ ពាន់លាននាក់នៅទូទាំងពិភពលោកក្នុងការកសាងអនាគតដ៏ល្អប្រសើរជាងមុនសម្រាប់ខ្លួនឯង និងក្រុមគ្រួសារ។ កិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Manulife និងអង្គការ Kiva នឹងផ្តល់លទ្ធភាពខ្ពស់ក្នុងការបំពេញភាពខ្វះចន្លោះទាំងនេះ ហើយនឹងផ្តោតលើការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុកាន់តែងាយស្រួលដល់ម្ចាស់អាជីវកម្មខ្នាតតូច និងប្រជាជនដែលមិនដែលបានទទួលឱកាសគ្រប់គ្រាន់ តាមរយៈគំនិតផ្តួចផ្តើមសំខាន់ៗចំនួន ២ ដូចខាងក្រោម៖
● បង្កើនលទ្ធភាពផ្តល់ឥណទានដល់ប្រទេសក្នុងតំបន់អាស៊ី ដើម្បីជួយអង្គការ Kiva ក្នុងការពង្រីកដៃគូផ្តល់ឥណទាននៅកម្ពុជា ឥណ្ឌូណេស៊ី ហ្វីលីពីន និងវៀតណាម ក៏ដូចជាផ្តល់ហិរញ្ញប្បទានដល់ដៃគូទាំងនេះដើម្បីបង្កើនលទ្ធភាពផ្តល់ឥណទានបន្តដល់សហគ្រិនខ្នាតតូចដែលមានសក្តានុពល។
● ផ្តល់ឥណទានដល់សហគ្រិនខ្នាតតូចនៅតំបន់អាស៊ី និងជុំវិញពិភពលោក៖ នេះគឺជាដំណោះស្រាយដែលមានឥទ្ធិពលក្នុងការផ្ដល់មូលនិធិដែលមានភាពបត់បែនដល់ម្ចាស់អាជីវកម្មខ្នាតតូច តាមរយៈការលើកទឹកចិត្តជាមូលនិធិផ្គូផ្គងសាជីវកម្ម ឬឥណទានពីអង្គការ Kiva ។
ជាផ្នែកមួយនៃភាពជាដៃគូនេះ មូលនិធិផ្គូផ្គងរបស់ក្រុមហ៊ុន Manulife (Manulife Match Fund) នឹងត្រូវដាក់ឲ្យប្រើប្រាស់ដើម្បីផ្តល់ទុនដល់សហគ្រិនខ្នាតតូច និងសហគមន៍ពុំទទួលបានជំនួយគ្រប់គ្រាន់នៅលើគេហទំព័ផ្តល់ហិរញ្ញប្បទាន (crowdfunding) របស់ Kiva ដែលនឹងផ្ដល់ភាពងាយស្រួលក្នុងការផ្តល់មូលនិធិបានឆាប់រហ័ស និងផ្ដល់ឱកាសសម្រាប់បុគ្គល និងសហគមន៍ដែលគ្មានលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុតាមវិធីសាស្រ្តចាស់ផងដែរ។ នៅពេលដែលឥណទានត្រូវបានទូទាត់សងមកវិញរួចរាល់ នោះប្រាក់មូលនិធិនឹងត្រូវបង្វិលជូនមូលនិធិផ្គូផ្គងរបស់ក្រុមហ៊ុន Manulife វិញ ហើយនឹងត្រូវបែងចែកទៅឱ្យសហគ្រិនខ្នាតតូចថ្មីៗទៀត។ ដោយប្រើប្រាស់ជាមូលនិធិទុនបង្វិលមួយ មូលនិធិផ្គូផ្គងរបស់ក្រុមហ៊ុន Manulife ជាមួយអង្គការ Kiva អាចដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនមូលនិធិសរុបដែលមានស្រាប់ និងការផ្តល់ឥណទានដល់សហគ្រិនបានកាន់តែឆាប់រហ័ស។
កិច្ចសហការនេះក៏នឹងអនុញ្ញាតឲ្យអង្គការ Kiva ធ្វើការសិក្សាលើទិន្នន័យសំខាន់ៗ និងផ្សព្វផ្សាយចំណេះដឹងសំខាន់ៗដល់ភាគីអ្នកខ្ចី ក៏ដូចជាលើកកម្ពស់ចំណេះដឹងមូលដ្ឋានពាក់ព័ន្ធនឹងបរិយាប័ន្នហិរញ្ញវត្ថុ ដើម្បីប្រាកដថា Kiva អាចបន្តជួយដៃគូផ្ដល់ឥណទានឱ្យទទួលបានលទ្ធផលសម្រាប់ភាគីអ្នកខ្ចី។
ការគាំទ្រពីក្រុមហ៊ុន Manulife នេះបានដើរស្របគ្នាយ៉ាងល្អឥតខ្ចោះទៅនឹងគោលដៅយុទ្ធសាស្រ្តមួយក្នុងចំណោមគោលដៅផ្សេងទៀតរបស់ Manulife Impact Agenda ដែលមានគោលបំណងជំរុញឱ្យមានឱកាសផ្នែកសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន ដើម្បីបង្កើតបរិយាកាសមួយដែលស្មើភាពគ្នា។ តាមរយៈភាពជាដៃគូជាមួយ Kiva ក្រុមហ៊ុន Manulife នឹងជួយពន្លឿនការលើកកម្ពស់សហគមន៍ដែលពុំសូវមានឱកាស និងធ្វើឲ្យដំណោះស្រាយហិរញ្ញវត្ថុកាន់តែងាយស្រួលទទួលបាន។
អ្នកស្រី Sarah Chapman, Manulife Global Chief Sustainability Officer បានមានប្រសាសន៍ថា “យើងខ្ញុំមានមោទកភាពចំពោះការចាប់ដៃគូជាមួយអង្គការ Kiva ដែលនឹងជួយសហគ្រិនក្នុងការទទួលបានធនធានហិរញ្ញវត្ថុដែលគាត់ត្រូវការ ដើម្បីកសាងសហគ្រាសដែលមានភាពរីកចម្រើន និងកែប្រែមុខមាត់សហគមន៍របស់ខ្លួន។ ការគាំទ្រនេះបានបង្ហាញពីអត្ថប្រយោជន៍នៃការផ្តល់ជំនួយហិរញ្ញវត្ថុរួមគ្នា ដែលអនុញ្ញាតឲ្យយើងជួយដល់បុគ្គល និងសហគមន៍ក្នុងទីផ្សារកំពុងរីកចម្រើននៅតំបន់អាស៊ី។ ស្របពេលដែលភាពជាដៃគូមួយនេះកំពុងលេចរូបរាងឡើង យើងខ្ញុំមានក្ដីសោមនស្សរីករាយក្នុងការពង្រឹងទំនាក់ទំនងជាមួយអតិថិជន បុគ្គលិក ភ្នាក់ងារធានារ៉ាប់រង និងភាគីពាក់ព័ន្ធទាំងអស់តាមរយៈសកម្មភាពផ្សេងទៀតនៃយុទ្ធនាការនេះ។
លោក Vishal Ghotge នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Kiva បានបង្ហាញចំណាប់អារម្មណ៍ថា “ក្រុមហ៊ុន Kiva មានក្តីសោមនស្សរីករាយក្នុងការចាប់ដៃគូជាមួយក្រុមហ៊ុន Manulife ដើម្បីពង្រីកវិសាលភាពការងាររបស់យើងក្នុងការរួមចំណែក បង្កើតពិភពលោកប្រកបដោយបរិយាប័ន្នផ្នែកហិរញ្ញវត្ថុ ដែលមនុស្សគ្រប់រូបមានសិទ្ធិរស់នៅជីវិតកាន់ប្រសើរឡើង។ គំនិតផ្តួចផ្តើមរបស់អង្គការ Kiva ផ្តល់លទ្ធភាពដល់បុគ្គល និងនាំមកនូវការផ្លាស់ប្តូរជាប្រព័ន្ធតាមរយៈសកម្មភាពតូចទៅមុន៖ ដូចជាក្រុមហ៊ុន Manulife ជាដើម ដែលចង់នាំមកនូវការផ្លាស់ប្តូរ និងសម្រាប់សហគ្រិនដែលត្រូវការជំនួយហិរញ្ញវត្ថុ ក្នុងការផ្លាស់ប្ដូរជីវិតឱ្យកាន់ប្រសើរឡើង។ យើងខ្ញុំពិតជាមានកិត្តិយសណាស់ក្នុងការចាប់ដៃគូជាមួយក្រុមហ៊ុន Manulife ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យរួមនេះ ដើម្បីឆ្ពោះទៅរកអនាគតហិរញ្ញវត្ថុមួយប្រកបដោយសមធម៌។”
អង្គការ Kiva ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2005 ក្នុងនាមជាក្រុមហ៊ុនផ្តល់មូលនិធិដំបូងគេដែលតភ្ជាប់ទំនាក់ទំនងរវាងស្ថាប័នផ្តល់កម្ចីជាមួយនឹងសហគ្រិន និងសហគមន៍នៅជុំវិញពិភពលោក។ ប្រជាជនជាង 2 លាននាក់បានវិនិយោគជាទឹកប្រាក់ 2ពាន់លានដុល្លារអាមេរិក ដើម្បីសម្រេចក្ដីសុបិន និងអាជីវកម្ម ហើយមានវិសាលភាពលើ 90 ប្រទេស និងអ្នកខ្ចីចំនួន 4.7 លាននាក់។ តាមរយៈ Kiva ក្រុមហ៊ុន Manulife បានផ្តល់មូលនិធិយ៉ាងច្រើនដល់សហគ្រិន និងអ្នកខ្ចីនៅតំបន់អាស៊ី រួមទាំងអ្នកស្រី សុខខឿន (Sokkhoerun) និងអ្នកស្រី វ៉ាន់នី (Vanny) ផងដែរ ក្នុងការចាប់ផ្តើម ឬពង្រីកអាជីវកម្ម ទទួលការបណ្តុះបណ្តាល ឬបញ្ចេញសក្ដានុពលរបស់ខ្លួន។
ករណីសិក្សាទី 1៖ ការគាំទ្រកសិករជាស្រ្តីក្នុងការពង្រីកអាជីវកម្មរបស់គាត់ក្នុងប្រទេសកម្ពុជា[1]
អ្នកស្រី សុខខឿន មានវ័យ 51ឆ្នាំ មកពីជនបទក្នុងប្រទេសកម្ពុជា។ គាត់មានស្វាមី និងកូនចំនួនបីនាក់ និងប្រកបរបរជាកសិករជាង ៦ ឆ្នាំមកហើយ។ យ៉ាងណាមិញ ការកើនឡើងនៃគូប្រជែង និងកង្វះខាតដើមទុន គឺជាបញ្ហាចម្បងបំផុតរបស់គាត់។ ដោយមើលឃើញពីសក្តានុពលនៃចីរភាពកសិកម្ម គាត់បានដាច់ចិត្តខ្ចីប្រាក់ 1,225 ដុល្លារអាមេរិក ដើម្បីទិញជីបន្ថែមសម្រាប់កសិដ្ឋានរបស់គាត់។ តាមរយៈជំនួយហិរញ្ញវត្ថុនេះ គាត់អាចរកប្រាក់ចំណូលបានគ្រប់គ្រាន់ដើម្បីពង្រីកអាជីវកម្ម ពង្រីកហាង តុបតែងកែលម្អផ្ទះរបស់គាត់ និងបញ្ជូនកូនៗរបស់គាត់ឱ្យរៀនដល់ថ្នាក់ឧត្តមសិក្សាផងដែរ។
[1] សូមចូលទៅកាន់គេហទំព័ររបស់ក្រុមហ៊ុន Kiva ដើម្បីទទួលបានព័ត៌មានបន្ថែមពាក់ព័ន្ធនឹងករណីសិក្សានេះ៖ https://www.kiva.org/lend/2629200
ករណីសិក្សាទី 2៖ ការជួយសហគ្រិនស្រ្តីនៅកម្ពុជាឱ្យបំពេញតម្រូវការអតិថិជន និងបង្កើនប្រាក់ចំណូល[2]
អ្នកស្រី វ៉ាន់នី (Vanny) ជាសហគ្រិនស្រ្តីម្នាក់ដែលឧស្សាហ៍ព្យាយាម ហើយបានប្រើប្រាស់ពេលវេលាពេញមួយជីវិតរបស់គាត់ប្រកបមុខរបរជាអ្នកលក់គ្រឿងទេស។ អាជីវកម្មនេះជួយក្រុមគ្រួសាររបស់គាត់ក្នុងការបំពេញតម្រូវការជាមូលដ្ឋាននានា និងជួយឱ្យកូនៗរបស់គាត់បានទៅសាលារៀនផងដែរ។ គាត់ផ្គត់ផ្គង់ទំនិញដល់ហាងលក់គ្រឿងទេសតូចៗនៅក្នុងស្រុករបស់គាត់។ ដោយសារផលិតផលរបស់គាត់មានតម្រូវការខ្ពស់ គាត់អាចរកប្រាក់ចំណេញបានយ៉ាងច្រើន។
អ្នកស្រី Vanny មានលទ្ធភាពសងប្រាក់កម្ចីពីមុនរបស់គាត់ដោយជោគជ័យ ដោយប្រាក់កម្ចីនោះបានជួយឱ្យគាត់អាចទិញទំនិញបានកាន់តែច្រើនបន្ថែមទៀតសម្រាប់ដំណើរការអាជីវកម្មលក់ដុំគ្រឿងទេស និងភេសជ្ជៈរបស់គាត់។ ដោយសង្ឃឹមថានឹងអាចពង្រីកអាជីវកម្មបន្ថែមទៀតនោះ គាត់បានស្នើសុំឱ្យ Kiva ផ្ដល់ប្រាក់កម្ចី ដើម្បីឱ្យគាត់បង្កើនទំនិញក្នុងស្ដុកលក់ដូរ ដែលកត្តានេះបានជួយបំពេញតម្រូវការអតិថិជនរបស់គាត់ និងជួយគាត់ទទួលបានប្រាក់ចំណេញកាន់តែច្រើន។ ប្រាក់កម្ចីដែលត្រូវបានសម្របសម្រួលផ្ដល់ជូនដោយក្រុមហ៊ុន Chamroeun Microfinancing Plc ដែលត្រូវជាដៃគូផ្តល់ឥណទានរបស់ Kiva ផ្ដល់លទ្ធភាពឱ្យអាជីវករអាចទទួលបានទាំងសេវាកម្មបណ្តុះបណ្តាលផ្នែកអាជីវកម្ម និងសហគមន៍។ មូលនិធិនេះត្រូវបានរៀបចំឡើង ដើម្បីជួយឱ្យអាជីវករទូទាត់សងត្រលប់មកវិញ នៅពេលដែលពួកគាត់រំពឹងថាអាចទទួលបានប្រាក់ចំណូលពីការប្រមូលផល ដោយធានាថា ពុំមានការដាក់សម្ពាធបន្ថែមទៀតទៅលើលំហូរសាច់ប្រាក់ក្នុងក្រុមគ្រួសាររបស់គាត់ឡើយ។
[2] សូមចូលទៅកាន់គេហទំព័ររបស់ក្រុមហ៊ុន Kiva ដើម្បីទទួលបានព័ត៌មានបន្ថែមពាក់ព័ន្ធនឹងករណីសិក្សានេះ៖ https://www.kiva.org/lend/2625074
សម្រាប់ព័ត៌មានបន្ថែមអំពីការភាពជាដៃគូរបស់ក្រុមហ៊ុន Manulife និង Kiva សូមចូលទៅកាន់ www.kiva.org/manulifematchfund។
ដើម្បីទទួលព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពីក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា សូមតាមដានទំព័រហ្វេសប៊ុក «Manulife Cambodia» តាមរយៈ www.facebook.com/ManulifeKH ឬ ចូលទៅកាន់គេហទំព័រ www.manulife.com.kh។