រាជធានីភ្នំពេញ៖ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិដំបូងបង្អស់នៅប្រទេសកម្ពុជា បរិច្ចាគថវិកាចំនួន ១១០.២៤៤ ដុល្លារអាមេរិកដល់មន្ទីរពេទ្យកុមារអង្គរ (AHC) ជាជំនួយសម្រាប់គម្រោង «អប់រំសុខភាពសហគមន៍» ក្នុងឆ្នាំ ២០២២។ គម្រោងនេះផ្តល់ការអប់រំសុខភាពសាធារណៈ និងលើកកម្ពស់ប្រព័ន្ធថែទាំសុខភាព ដើម្បីកាត់បន្ថយជំងឺ និងមរណភាពមាតា និងទារក។
លោក Justin Helferich អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា មានប្រសាសន៍ថា៖
«ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា យើងនឹងប្រារព្ធខួប ១០ឆ្នាំ នៅក្នុងខែមិថុនាខាងមុខនេះ។ ក្នុងនាមជាក្រុមហ៊ុនដែលមានវត្តមានយូរអង្វែងជាងគេក្នុងទីផ្សារកម្ពុជា យើងមានកិត្តិយសដែលបានបន្តផ្តល់នូវការគាំទ្រដល់សហគមន៍តាមរយៈមន្ទីរពេទ្យកុមារអង្គរដើម្បីការរស់នៅប្រកបដោយសុខភាពល្អសម្រាប់កុមារនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។»
លោកបានបន្តថា៖
«នេះគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាច្រើនដែលយើងកំពុងផ្តោតការយកចិត្តទុកដាក់ក្នុងការលើកកម្ពស់សុខភាព និងសុខុមាលភាព ជំរុញឱកាសសេដ្ឋកិច្ច និងការពន្លឿនអនាគតប្រកបដោយនិរន្តរភាពសម្រាប់សហគមន៍ អតិថិជន បុគ្គលិក និងដៃគូសហការរបស់យើង។»
ការបរិច្ចាគនេះនឹងគាំទ្រដល់ការអនុវត្តគម្រោង «អប់រំសុខភាពសហគមន៍» ផ្តោតលើការការពារជំងឺដល់ប្រជាពលរដ្ឋជិត ៤ ម៉ឺននាក់នៅស្រុកក្រឡាញ់ ខេត្តសៀមរាប ដែលជាសហគមន៍មានប្រព័ន្ធថែទាំសុខភាពនៅមានកម្រិតនៅឡើយ ហើយមានតម្រូវការខ្ពស់លើផ្នែកអប់រំសុខភាព។ គម្រោង «អប់រំសុខភាពសហគមន៍» នឹងធ្វើឡើងក្នុងសកម្មភាព និងការបណ្តុះបណ្តាលលើប្រធានបទសំខាន់ៗដូចជា ការថែទាំសុខភាពជាមូលដ្ឋាន ការសង្រ្គោះបឋម អនាម័យទូទៅ សុខភាពមាត់ធ្មេញ និងភ្នែក អាហារូបត្ថម្ភ ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងប្រធានបទសុខភាពផ្សេងៗទៀត។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ជាដៃគូសហការយ៉ាងជិតស្និត និងយូរអង្វែងជាមួយមន្ទីរពេទ្យកុមារអង្គរក្នុងសកម្មភាពគាំទ្រសហគមន៍។ ចាប់ពីឆ្នាំ ២០១៥ មកដល់បច្ចុប្បន្ន ទឹកប្រាក់សរុបចំនួន ៥៤០.២៤៤ ដុល្លារអាមេរិកត្រូវបានបរិច្ចាគដល់មន្ទីរពេទ្យកុមារអង្គរ តាមរយៈការរៃអង្គាសថវិកាពីបុគ្គលិក មេនូឡាយហ្វ៍ (Manulife) នៅទូទាំងពិភពលោកក្នុងព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនៅអង្គរវត្ត ក៏ដូចជាការបរិច្ចាគពីក្រុមហ៊ុនផ្ទាល់។
លោក វេជ្ជបណ្ឌិត ងួន ច័ន្ទភក្រ្តា ដែលជានាយកនៃមន្ទីរពេទ្យកុមារអង្គរ បានថ្លែងអំណរគុណដល់ទឹកចិត្តសប្បុរសរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ហើយលោកបានមានប្រសាសន៍ថា៖
«នេះមិនមែនជាលើកទីមួយឡើយដែលក្រុមហ៊ុន មេនូឡាយហ្វ៍ បានធ្វើការឧបត្ថម្ភនូវថវិកាមកកាន់មន្ទីរពេទ្យរបស់យើង ពោលគឺក្រុមហ៊ុនបានធ្វើការឧបត្ថម្ភជារៀងរាល់ឆ្នាំ។ សកម្មភាពមនុស្សធម៌នេះបានសបញ្ជាក់ពី ការប្តេជ្ញាចិត្តខ្ពស់ និងការរួមចំណែកយ៉ាងសកម្ម របស់ក្រុមហ៊ុន និងបុគ្គលិក ចំពោះការលើកកម្ពស់សុខភាពកុមារកម្ពុជា។»
ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានចំណាយថវិកាជាង ៤ លានដុល្លារអាមេរិករួចមកហើយគិតចាប់ពីឆ្នាំ ២០១២ មក ក្នុងសកម្មភាពគាំទ្រសហគមន៍កម្ពុជារួមមាន ការគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ការចែកមួកសុវត្ថិភាព ការឧបត្ថម្ភព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនៅអង្គរវត្ត ការរៃអង្គាសថវិកាដល់មន្ទីរពេទ្យកុមារ និងកម្មវិធីនានាជាច្រើនទៀត៕
ដើម្បីទទួលព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពីក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា សូមតាមដានទំព័រហ្វេសប៊ុក «Manulife Cambodia» តាមរយៈ www.facebook.com/ManulifeKH ឬ ចូលទៅកាន់គេហទំព័រ www.manulife.com.kh។