«រត់ដោយសុវត្ថិភាពជាមួយ មេនូឡាយហ្វ៍»
សៀមរាប ថ្ងៃទី ២ ខែមករា ឆ្នាំ ២០២២ - ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតលំដាប់អន្តរជាតិដំបូងបង្អស់នៅ កម្ពុជា ជាម្ចាស់ឧបត្តម្ភធំគាំទ្រ «ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង នៅអង្គរវត្ត លើកទី ២៦» រយៈពេល ៨ ឆ្នាំជាប់គ្នា ដែលជាផ្នែកមួយនៃការបន្តការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការធ្វើឲ្យជីវិតប្រជាជនកម្ពុជាកាន់តែប្រសើរឡើងជារៀងរាល់ថ្ងៃ។
ជំងឺរាតត្បាតកូវីដ១៩ បានជះឥទ្ធិពលដល់ការរស់នៅ និងសេដ្ឋកិច្ចទូទាំងប្រទេសកម្ពុជា និងជុំវិញពិភពលោក។ ការណ៍នេះបានបង្ហាញពីសារៈសំខាន់នៃសុខភាព និងសុខុមាលភាព ហើយញ៉ំាងឲ្យមាននូវការបន្តការឧបត្តម្ភធំគាំទ្រព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនេះ។ សកម្មភាពនេះក៏ជាការផ្ញើសារដ៏សំខាន់មួយដើម្បីលើកទឹកចិត្តឲ្យប្រជាជនយើងបន្តអនុវត្តនូវរបៀបរស់នៅប្រកបដោយភាពសកម្មទាំងផ្លូវកាយ និងផ្លូវចិត្ត តាមរយៈការចូលរួមរត់ក្នុងព្រឹត្តិការណ៍សប្បុរសធម៌ដ៏ធំជាងគេនៅប្រទេសកម្ពុជានេះផងដែរ។ ជាងនេះទៅទៀត ការឧបត្ថម្ភព្រឹត្តិការណ៍នេះគឺជាការចូលរួមចំណែកគាំទ្រដល់រដ្ឋាភិបាលកម្ពុជាក្នុងការបើកដំណើរការសេដ្ឋកិច្ចជាតិឡើងវិញ។
លោក Justin Helferich អគ្គនាយកប្រតិបត្តិ និងជានាយកចាត់ការទូទៅនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា មានប្រសាសន៍ថា៖ «គោលដៅរបស់យើងគឺកសាងអនាគតហិរញ្ញវត្ថុដ៏រឹងមាំ និងកាន់តែល្អប្រសើរសម្រាប់គ្រួសារកម្ពុជា ហេតុនេះហើយទើបយើងជឿជាក់ថា យើងមានតួនាទីសំខាន់ក្នុងការរួមចំណែកលើកកម្ពស់ការរស់នៅប្រកបដោយសុខភាពល្អ និងភាពសកម្ម។ ក្នុងនាមជាម្ចាស់ឧបត្តម្ភធំគាំទ្រព្រឹត្តិការណ៍អន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង នៅអង្គរវត្ត យើងបានធ្វើការសហការយ៉ាងយកចិត្តទុកដាក់ជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីស្វាគមន៍ ក៏ដូចជាធានាសុវត្ថិភាពដល់អ្នកចូលរួមទាំងអស់ក្នុងអំឡុងពេលរត់។»
ជារៀងរាល់ឆ្នាំ ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង នៅអង្គរវត្ត គឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យ មួយ ព្រោះថាផ្លូវរត់គឺត្រូវបានរៀបចំយ៉ាងពិសេសសម្រាប់អ្នកចូលរួមទាំងអស់អាចគយគន់ទេសភាពដ៏ស្រស់ត្រកាល ជុំវិញបរិវេណឧន្យានអង្គរ ដែលជាទីដ៏សែនមនោរម្យ។ ស្របតាមសាររបស់ព្រឹត្តិការណ៍ឆ្នាំនេះ គឺ «រត់ដោយសុវត្ថិភាពជាមួយ មេនូឡាយហ្វ៍» កម្មវិធីទាំងមូលប្រព្រឹត្តទៅនៅថ្ងៃទី ០២ ខែមករា នេះដោយមានអ្នករត់សរុបចំនួនប្រមាណ ២.២០០ នាក់ដែលជាប្រជាជនខ្មែរ និងជនបរទេសក្នុងស្រុក៕