រាជធានីភ្នំពេញ ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២២៖ ក្នុងឱកាសប្រារព្ធខួប ១០ ឆ្នាំ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំជាប្រវត្តិសាស្ត្រក្រោមប្រធានបទ «បង្កើនភាពនាំមុខ» (Extend the Lead) ដើម្បីអបអរសារទរដល់សមិទ្ធផលដើមឆ្នាំ ២០២២ របស់នាយកដ្ឋានភាពជាដៃគូចែកចាយតាមធនាគារ រួមមាន ធនាគារ ABA និង ធនាគារ ស្ថាបនា។
កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងចែករំលែកបទពិសោធន៍ ក៏ដូចជាយុទ្ធសាស្ត្រថ្មីៗ ព្រមទាំងប្រគល់ពានរង្វាន់ និងជាពិសេសអបអរសាទរដល់មន្ត្រីជំនាញប្រឹក្សាធានារ៉ាប់រង ប្រធានផ្នែកលក់ និងប្រធានតំបន់ជាន់ខ្ពស់ផ្នែកលក់ឆ្នើមៗប្រមាណ ៣០ រូប ដែលប្រចាំការនៅដៃគូធនាគារទាំងពីរចំពោះភាពជោគជ័យ និងការសម្រេចបាននូវសមិទ្ធផលដ៏ត្រចះត្រចង់ក្នុងដើមឆ្នាំ ២០២២ ក្នុងបេសកកម្មចូលរួមចំណែកផ្តល់ការប្រឹក្សាយោលបល់ និងការការពារអនាគតហិរញ្ញវត្ថុជូនដល់ក្រុមគ្រួសារកម្ពុជា។
លោក ព្រូ ស៊ីថន នាយកគ្រប់គ្រងនាយកដ្ឋានចែកចាយតាមដៃគូធនាគារនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានសម្តែងការកោតសរសើរថា៖
«ខ្ញុំបាទពិតជាមានមោទនភាពណាស់ចំពោះការជួបជុំដ៏ធំមួយនេះ ដែលមានវត្តមានក្រុមការងារបណ្តាញចែកចាយតាមដៃគូធនាគារមកពីគ្រប់បណ្តាសាខាទូទាំងប្រទេស។ ការជួបជុំនេះគឺជាកិច្ចប្រជុំជាប្រវត្តិសាស្រ្តលើកទី ១ ដែលរៀបចំឡើងដោយផ្ទាល់ក្នុងទ្រង់ទ្រាយធំ និងមានការពិសារអាហាររួមគ្នាដើម្បីរឹតចំណងមិត្តភាពការងារ ការថ្លែងអំណរគុណ និងការទទួលស្គាល់ចំពោះសមិទ្ធផលដ៏ធំធេងដែលមហាគ្រួសារនៃនាយកដ្ឋានចែកចាយតាមដៃគូធនាគារសម្រេចបានកន្លងមក ទោះស្ថិតក្នុងការរីករាលដាលនៃជំងឺកូវីដ ១៩ ក៏ដោយ។ ការជួបជុំនេះក៏មានទិសដៅផ្តល់ព័ត៌មាន យុទ្ធសាស្រ្តថ្មីៗ និងចែករំលែកបទពិសោធន៍ល្អៗរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ មេនូឡាយហ្វ៍។ ខ្ញុំក៏សូមវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យក្រោមការដឹកនាំ និងគាំទ្រពីនាយកផ្នែកលក់តាមធនាគារទាំង ២ និងក្រុមការងារជួរក្រោយគ្រប់ផ្នែក ដែលតែងតែគាំទ្រគ្នាទៅវិញទៅមកជារៀងរាល់ថ្ងៃដើម្បីធ្វើឲ្យក្តីសុបិនរបស់អតិថិជនយើងក្លាយជាការពិត។»
ឆ្លៀតក្នុងឱកាសនេះលោក ព្រូ ស៊ីថន ក៍សូមធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូធនាគារទាំងពីរ រួមមាន ធនាគារ ស្ថាបនា (Sathapana Bank) និង អេប៊ីអេ (ABA Bank) ដែលជានិច្ចជាកាលតែងតែជួយជ្រោមជ្រែង គាំទ្រ និងផ្តល់ទំនុកចិត្តមកលើក្រុមហ៊ុន មេនូឡាយហ្វ៍ ក្នុងបេសកកម្មជួយផ្តល់ការការពារ និងដំណោះស្រាយហិរញ្ញវត្ថុសម្រាប់អតិថិជនរបស់ធនាគារទាំងពីរ។វិស័យធានារ៉ាប់រងអាយុជីវិតគឺជាឧស្សាហកម្មមួយដ៏ថ្មីស្រឡាងដែលទើបតែមានកំណើតបាន ១០ ឆ្នាំប៉ុណ្ណោះនៅកម្ពុជា និងជាវិស័យដែលឈរលើមូលដ្ឋានចម្បងនៃការគោរពពាក្យសន្យា ការផ្តល់ទំនុកចិត្ត និងការរក្សាទំនាក់ទំនងល្អជាមួយអិថិជន។ ដូច្នេះ លោក ព្រូ ស៊ីថន បានសង្កត់ធ្ងន់ផងដែរថា ភាពនាំមុខគេនៅទីផ្សារកម្ពុជារបស់ក្រុមហ៊ុនយើង និងនាយកដ្ឋានភាពជាដៃគូចែកចាយតាមធនាគារ បានឆ្លុះបញ្ចាំងពីវប្បធម៌ និងគុណតម្លៃនៃការបំពេញការងារដ៏ល្អពីនិយោជិតគ្រប់រូប ដែលក្រុមហ៊ុនបានកសាងឡើងតាំងពីឆ្នាំ ២០១២ មក។ លោកបានគូសបញ្ជាក់ថា ក្រុមហ៊ុននានាអាចមានផលិតផល បច្ចេកវិទ្យា ឬ ដំណើរការការងារដូច ឬស្រដៀងគ្នាបាន តែលក្ខណ:ពិសេស និងខុសប្លែកបែបវិជ្ជមានដែល មេនូឡាយហ្វ៍ មានគឺវប្បធម៌ការងារ គុណតម្លៃ បរិយាកាសការងារល្អ ឱកាសអភិវឌ្ឍសមត្ថភាព ការឲ្យតម្លៃ និងការយកចិត្តទុកដាក់ដល់បុគ្គលិកក្នុងស្រុកគ្រប់ៗរូប៕
សម្រាប់ព័ត៌មានពីផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា សូមចូលទៅកាន់៖ www.manulife.com.kh/km/products.html.
ដើម្បីក្លាយជាមន្ត្រីជំនាញប្រឹក្សាធានារ៉ាប់រងរបស់ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា សូមចូលទៅកាន់៖ www.manulife.com.kh/km/careers-with-us/insurance-specialist.html