រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

មេនូឡាយហ្វ៍ ទទួលបានពានរង្វាន់ ភាពល្អឥតខ្ចោះក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សពី LOMA

ក្នុងឆ្នាំ ២០១៩ ដែលទើបតែកន្លងផុតទៅនេះ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានទទួលបានពានរង្វាន់ «ភាពល្អឥតខ្ចោះក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស (Excellence in Education award)» ក្នុងចំណោមក្រុមហ៊ុនជាសមាជិកជាង ៩០០ ក្រុមហ៊ុន។ ពានរង្វាន់នេះ ទទួលស្គាល់លើការប្តេជ្ញាចិត្តរបស់ស្ថាប័នក្នុងការអភិវឌ្ឍន៍ជំនាញ និងចំណេះដឹងប្រកបដោយវិជ្ជាជីវៈរបស់បុគ្គលិកតាមរយៈកម្មវិធីបណ្តុះបណ្តាលរបស់ LOMA (Life Office Management Association) ក៏ដូចជាការផ្ដល់ឱកាសសិក្សា និងកម្មវិធីបណ្តុះបណ្តាលជាច្រើនទៀតរបស់ក្រុមហ៊ុន។

ពានរង្វាន់នេះ វាយតម្លៃលើក្រុមហ៊ុនជាសមាជិករបស់ LOMA ទូទាំងសកលលោក ដែលបង្ហាញពីការគាំទ្រ និងការលើកកម្ពស់កម្មវិធីអប់រំ LOMA ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងគិតគូដល់ការអភិវឌ្ឍវិជ្ជាជីវៈ សក្តានុពល និងទេពកោសល្យរបស់បុគ្គលិកក្នុងក្រុមហ៊ុន។

លោក David Levenson អគ្គនាយកប្រតិបត្តរបស់សមាគមន៍ LOMA បានមានប្រសាសន៍ថា៖ «ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ក្នុងការអភិវឌ្ឍន៍សមត្ថភាព និងចំណេះដឹងរបស់បុគ្គលិក ជាឧទាហរណ៍ដ៏ល្អបំផុតមួយដែលបង្ហាញពីភាពជាអ្នកដឹកនាំរបស់ក្រុមហ៊ុននេះ ក្នុងវិស័យធានារ៉ាប់រងអាយុជីវិត។ ការខិតខំប្រឹងប្រែងនេះធ្វើឲ្យវិស័យធានារ៉ាប់អាយុជីវិតទាំងមូលមានការរីកចម្រើន ហើយថែមទាំងជាគម្រូដ៏ល្អសម្រាប់ស្ថាប័នដទៃទៀតផងដែរ។»

LOMA (the Life Office Management Association) គឺជាសមាគមអន្តរជាតិដ៏ធំមួយនៅក្នុងវិស័យធានារ៉ាប់រងនៅសហរដ្ឋអាមេរិក ដែលផ្តល់នូវការបណ្តុះបណ្តាល និងកម្មវិធីអភិវឌ្ឍន៍ទេពកោសល្យបុគ្គលិកតាមរយៈក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតជាង ៧០ ប្រទេសទូទាំងពិភពលោក។

ចាប់ពីឆ្នាំ ២០១៥ មក បុគ្គលិករបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ចំនួន ៤៤ រូប បានបញ្ចប់វគ្គសិក្សា ២១៥ វគ្គរបស់ LOMA ហើយលើសពីនេះពួកគាត់ទទួលបាននូវឱកាសអភិវឌ្ឍន៍ចំណេះដឹងជាច្រើនទៀតពីក្រុមហ៊ុន មេនូឡាយហ្វ៍ ផ្ទាល់។

លោក យូ សាមឺឌី នាយកគ្រប់គ្រងនាយកដ្ឋានធនធានមនុស្សនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌាមានប្រសាសន៍ថា៖ «យើងខ្ញុំមានមោទនភាពក្រៃលែងដែលទទួលបានពានរង្វាន់ពី LOMA ដែលទទួលស្គាល់ពីភាពល្អឥតខ្ចោះ នៃការបណ្ដុះបណ្ដាលធនធានមនុស្សរបស់យើងតាមរយៈកម្មវិធីរបស់ស្ថាប័នកំពូលនេះផ្ទាល់។ ក្នុងចំណោមស្ថាប័នច្រើនជាង ៩០០ ដែលជាសមាជិករបស់ LOMA ទូទាំងសកលលោក មានតែ៥០ ស្ថាប័នប៉ុណ្ណោះ ដែលទទួលបានពានរង្វាន់នេះ។ ហើយនេះជាលទ្ធផលដ៏គួរឱ្យរំភើបមួយសម្រាប់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ក៏ដូចជាសម្រាប់បុគ្គលិករបស់យើងទាំងអស់ផងដែរ។»

 

ដើម្បីទទួលព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពី​ក្រុមហ៊ុន​ មេ​នូ​ឡាយ​ហ្វ៍​ ខេមបូឌា  សូម​​តាម​ដាន​ទំ​ព័រហ្វេសប៊ុក «Manulife Cambodia»  តាម​រយៈ www.facebook.com/ManulifeKH ឬ ​ចូល​ទៅកាន់​គេហ​ទំ​ព័រ www.manulife.com.kh