កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានទទួលពានរង្វាន់ "កិត្តិនាមនិយោជកឆ្នើម ប្រចាំឆ្នាំ ២០២០" ពីស្ថាប័នអន្តរជាតិមួយឈ្មោះថា Employer Branding Institute ក្នុងកម្មវិធីប្រគល់ពានរង្វាន់នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២០ ដែលកម្មវិធីនោះមានការចូលរួមពីស្ថាប័នជាតិ និងអន្តរជាតិក្នុងវិស័យនានាជាច្រើនរួមមាន វិស័យធានារ៉ាប់រងអាយុជីវិត ហិរញ្ញវត្ថុ អាកាសចរជាដើម។
គួរបញ្ជាក់ផងដែរថា នេះជាលើកទី ២ ហើយដែលក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ទទួលបានពានរង្វាន់នេះ ដែលពានរង្វាន់នេះវាយតម្លៃទៅលើសមត្ថភាពគ្រប់គ្រង និងការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនក្នុងការផ្ដល់បរិយាកាសការងារដ៏ល្អជូនដល់ បុគ្គលិករបស់ខ្លួន។ ពានរង្វាន់នេះក៏បង្ហាញផងដែរពីការទទួលស្គាល់កិត្តិនាមរបស់ក្រុមហ៊ុនក្នុងការផ្ដល់នូវភាពជាអ្នកដឹកនាំល្អ ព្រមទាំងសេវាកម្មប្រកបដោយគុណភាពខ្ពស់ជូនដល់ក្រុមគ្រួសារកម្ពុជា មិនថាជាអតិថិជន ឬបុគ្គលិករបស់ខ្លួននោះទេ។
លោក Robert Elliott អគ្គនាយកប្រតិបត្តិ និងជានាយកចាត់ការទូទៅរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា មានប្រសាសន៍ថា៖ "ការយកចិត្តទុកដាក់ចំពោះបុគ្គលិកជាចំណុចសំខាន់បំផុតមួយរបស់យើង ព្រោះធនធានមនុស្សជាកម្លាំងចលករដែលមិនអាចខ្វះបានដើម្បីជួយយើងឲ្យសម្រេចបាននូវភាពជោគជ័យរួមគ្នា។ ហេតុនេះហើយ ទើបយើងតែងតែខិតខំប្រឹងប្រែងបង្កើតបរិយាកាសការងារមួយដែលផ្ដល់ឱកាសឲ្យបុគ្គលិកអភិវឌ្ឍន៍ជំនាញ និងវិជ្ជាជីវៈ ដើម្បីឲ្យពួកគាត់កាន់តែមានសមត្ថភាពក្នុងការបំពេញការងារប្រចាំថ្ងៃរបស់ខ្លួន។" លោកបន្តថា៖ "ទំនុកចិត្តរបស់ប្រជាជនកម្ពុជាជាង ១១ ម៉ឺននាក់ដែលបានផ្តល់ឲ្យក្រុមហ៊ុនយើងកន្លងមក ក៏បានមកពីកិច្ចខិតខំប្រឹងប្រែង និងការរួមចំណែកយ៉ាងសកម្មរបស់បុគ្គលិកយើងម្នាក់ៗផងដែរ។"
លោក យូ សាមឺឌី នាយកគ្រប់គ្រងនាយកដ្ឋានធនធានមនុស្សនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា និងជាតំណាងក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ក្នុងពិធីទទួលពានរង្វាន់នោះមានប្រសាសន៍ថា៖ "ការយកចិត្តទុកដាក់ខ្ពស់ និងភាពជាអ្នកដឹកនាំល្អ ជាកត្តាដែលធ្វើឲ្យកិត្តិនាមរបស់ មេនូឡាយហ្វ៍ ខេមបូឌា ត្រូវបានទទួលស្គាល់លើឆាកអន្តរជាតិបែបនេះ ហើយឆន្ទៈ និងការជ្រោមជ្រែងពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន ក៏ដើរតួនាទីយ៉ាងសំខាន់ផងដែរក្នុងការជម្រុញឲ្យបុគ្គលិកពេញចិត្តនឹងការងារ និងសម្រេចបាននូវលទ្ធផលកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។"
បច្ចុប្បន្នក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា មានបុគ្គលិកច្រើនជាង ៤០០ នាក់ រួមទាំងទីប្រឹក្សាធានារ៉ាប់រងអាយុជីវិតប្រមាណ ៥ ០០០ នាក់ នៅទូទាំងប្រទេស ហើយក្រុមហ៊ុនតែងរៀបចំកម្មវិធី និងផ្ដល់ឱកាសដើម្បីឱ្យពួកគាត់អាចអភិវឌ្ឍន៍សមត្ថភាពបានកាន់តែខ្លាំងឡើង។
គួរបញ្ជាក់ផងដែរថាក្រៅពីពានរង្វាន់នេះ ក្រុមហ៊ុន មេនូឡាយហ្វ៍ ក៏ទទួលបានពានរង្វាន់លំដាប់អន្តរជាតិជាច្រើនទៀតផងដែររួមមាន ពានរង្វាន់ "ភាពល្អឥតខ្ចោះក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស (Excellence in Education award)" ពីស្ថាប័នពាណិជ្ជកម្មអន្តរជាតិ LOMA (Life Office Management Association) ពានរង្វាន់សេវាកម្មអតិថិជនល្អបំផុត ពានរង្វាន់អ្នកដឹកនាំផ្នែកទំនួលខុសត្រូវសង្គម និងការទទួលស្គាល់នានាជាច្រើនទៀត។
ដើម្បីទទួលព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពីក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា សូមតាមដានទំព័រហ្វេសប៊ុក «Manulife Cambodia» តាមរយៈ www.facebook.com/ManulifeKH ឬ ចូលទៅកាន់គេហទំព័រ www.manulife.com.kh។