រាជធានីភ្នំពេញ, កាលពីថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២០ នេះ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានផ្តល់អត្ថប្រយោជន៍ធានារ៉ាប់រងដល់កាលកំណត់ដំបូងបង្អស់ជូនដល់ក្រុមគ្រួសារកម្ពុជាមួយដែលបានទិញគម្រោង «អនាគតការសិក្សារបស់កូនខ្ញុំជាមួយ មេនូឡាយហ្វ៍» កាលពីឆ្នាំ ២០១៣។ គម្រោង «អនាគតការសិក្សារបស់កូនខ្ញុំជាមួយ មេនូឡាយហ្វ៍» គឺជាដំណោះស្រាយធានារ៉ាប់រងអាយុជីវិតដែលរួមបញ្ចូលគ្នាទាំងការការពារ និងការសន្សំសម្រាប់ការសិក្សារបស់បុត្រធីតាក្នុងកម្រិតវិទ្យាល័យ ឬសាកលវិទ្យាល័យ។ នេះគឺជាការផ្ដល់អត្ថប្រយោជន៍ធានារ៉ាប់រងដល់កាលកំណត់ដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រនៃវិស័យធានារ៉ាប់រងអាយុជីវិតនៅកម្ពុជា។
កញ្ញា ឃុន ដាលីន ដែលបានសម្រេចចិត្តទិញបណ្ណសន្យារ៉ាប់រងសម្រាប់ប្អូនប្រុសពៅរបស់គាត់កាលពី ៧ ឆ្នាំមុនបាននិយាយថា៖ «សម្រាប់ខ្ញុំ នេះជាក្តីសុបិនដែលក្លាយជាការពិតមួយ។ ពេលនោះខ្ញុំបានចូលរួមសិក្ខាសាលាអប់រំស្តីពីការធានារ៉ាប់រងអាយុជីវិតដែលរៀបចំឡើងដោយក្រុមហ៊ុន មេនូឡាយហ្វ៍ ហើយខ្ញុំក៏បានចាប់ផ្តើមចាប់អារម្មណ៍ពីការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតហិរញ្ញវត្ថុរយៈពេលវែង។ ខ្ញុំចាប់ផ្តើមគិតចង់ធ្វើការសន្សំសម្រាប់ការសិក្សានៅវិទ្យាល័យរបស់ប្អូនប្រុសពៅខ្ញុំ ហើយពេលខ្ញុំត្រឡប់ទៅផ្ទះវិញ ខ្ញុំបានពិភាក្សាជាមួយអ្នកម្តាយ ហើយបន្ទាប់មកក៏បានសម្រេចចិត្តផ្តើមការសន្សំនៅក្រុមហ៊ុន មេនូឡាយហ្វ៍ ចាប់តាំងពីពេលនោះមក។» គាត់បានបន្តថា៖ «ការព្រួយបារម្ភដ៏ធំបំផុតសម្រាប់គ្រួសារយើងខ្ញុំនៅពេលនោះ គឺគិតថាតើយើងនឹងទទួលបានទឹកប្រាក់ត្រឡប់មកវិញ ឬក៏អត់នៅចុងបញ្ចប់នៃរយៈពេលសន្សំ។ ៧ ឆ្នាំក្រោយមក! ថ្ងៃនេះពិតជាបានមកដល់ ហើយខ្ញុំរីករាយយ៉ាងខ្លាំងក្នុងការអះអាងថាយើងពិតជាទទួលបានទឹកប្រាក់សន្សំ (អត្ថប្រយោជន៍ធានារ៉ាប់រងដល់កាលកំណត់) ត្រឡប់មកវិញដូចដែលក្រុមហ៊ុនបានសន្យាពិតមែន។ អ្វីដែលសំខាន់ជាងនេះទៅទៀតសម្រាប់គ្រួសារយើងខ្ញុំ គឺយើងខ្ញុំបានជួយទំនុកបម្រុងផ្នែកហិរញ្ញវត្ថុដល់ការសិក្សានៅវិទ្យាល័យដល់ប្អូនប្រុស។»
លោក Justin Helferich អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា មានប្រសាសន៍ថា៖ «អត្ថប្រយោជន៍ធានារ៉ាប់រងដល់កាលកំណត់ដំបូងគេដែលយើងបានផ្តល់ជូនថ្ងៃនេះគឺជាភស្ដុតាងបញ្ជាក់ថាយើងបានគោរពពាក្យសន្យាក្នុងការជួយកសាងអនាគតហិរញ្ញវត្ថុដ៏រឹងមាំ និងកាន់តែប្រសើរជាងមុនជូនក្រុមគ្រួសារកម្ពុជា។ យើងមានមោទនភាព និងរីករាយក្រៃលែងដែលបានឃើញអតិថិជនរបស់យើងសម្រេចគោលដៅហិរញ្ញវត្ថុរយៈពេលវែងរបស់ពួកគាត់ជាមួយយើង។ សម្រាប់ មេនូឡាយហ្វ៍ នេះគ្រាន់តែជាការចាប់ផ្តើមតែប៉ុណ្ណោះ។ យើងទន្ទឹងរង់ចាំក្នុងការផ្តល់ជូននូវអត្ថប្រយោជន៍ធានារ៉ាប់រងដល់កាលកំណត់ដល់អតិថិជនជាច្រើនផ្សេងៗទៀត។»
អត្ថប្រយោជន៍ធានារ៉ាប់រងដល់កាលកំណត់គឺជាចំនួនទឹកប្រាក់ដែលក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតផ្តល់ជូនឱ្យអ្នកត្រូវបានធានារ៉ាប់រងនៅពេលដែលកាលបរិច្ឆេទនៃបណ្ណសន្យារ៉ាប់រងដល់កាលកំណត់។ នេះមានន័យថាប្រសិនបើលោកអ្នកមានផែនការសន្សំ រយៈពេល ១០ ឆ្នាំជាមួយក្រុមហ៊ុន មេនូឡាយហ្វ៍ លោកអ្នកនឹងទទួលបាននូវអត្ថប្រយោជន៍ទាំងអស់ត្រឡប់ទៅវិញនៅចុងបញ្ចប់នៃរយៈពេលសន្សំ ១០ ឆ្នាំរបស់លោកអ្នក។
ក្រុមហ៊ុន មេនូឡាយហ្វ៍ មានវត្តមាននៅកម្ពុជាក្នុងឆ្នាំ ២០១២ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិដំបូងបង្អស់។ នៅខែ តុលា ឆ្នាំ ២០១២ ប្រហែលជាបួនខែបន្ទាប់ពីការចាប់ផ្តើមប្រតិបត្តិការអាជីវកម្ម ក្រុមហ៊ុនបានធ្វើការទូទាត់សំណងករណីមរណភាពលើកដំបូង ដែលជាសំណងដំបូងបង្អស់ក្នុងវិស័យធានារ៉ាប់រងអាយុជីវិតទាំងមូលនៅកម្ពុជាផងដែរ។ ប្រាំបីឆ្នាំក្រោយមក មេនូឡាយហ្វ៍ ក៏ជាក្រុមហ៊ុនដែលបានផ្តល់ជូនអត្ថប្រយោជន៍ធានារ៉ាប់រងដល់កាលកំណត់ដំបូងបំផុតក្នុងវិស័យនេះផងដែរ។ បច្ចុប្បន្ន ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា កំពុងផ្ដល់ការការពារជូនដល់ប្រជាជនកម្ពុជាចំនួនច្រើនជាង ១២ ម៉ឺនគ្រួសារនៅទូទាំងប្រទេសជាមួយទឹកប្រាក់ធានាសរុបចំនួនច្រើនជាង ២.៧០០ លានដុល្លារអាមេរិក។
ដើម្បីទទួលព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពីក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា សូមតាមដានទំព័រហ្វេសប៊ុក «Manulife Cambodia» តាមរយៈ www.facebook.com/ManulifeKH ឬ ចូលទៅកាន់គេហទំព័រ www.manulife.com.kh។