(ភ្នំពេញ ថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២០) ដើម្បីពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួននៅក្នុងទីផ្សារកម្ពុជា ក្រុមហ៊ុន មេនូឡាយហ្វ៍ (ខេមបូឌា) ភីអិលស៊ី នឹងធ្វើការផ្លាស់ប្តូរការិយាល័យកណ្តាលរបស់ខ្លួនទៅកាន់អគារ ធីខេ សេនត្រល ដែលជាអគារពាណិជ្ជកម្មថ្មីទើបនឹងត្រូវបានបញ្ចប់ការសាងសង់រួចរាល់ និងមានទីតាំងនៅលើមហាវិថីគីមអ៊ីលស៊ុង (ផ្លូវ ២៨៩) នៃរាជធានីភ្នំពេញ។ យុទ្ធសាស្រ្តនៃការផ្លាស់ប្តូរនេះធ្វើឡើងដើម្បីផ្តល់សេវាកម្មឲ្យកាន់តែប្រសើរ និងប្រកបដោយគុណភាពខ្ពស់ដល់អតិថិជនក៏ដូចជាផ្តល់បរិយាកាសការងារកាន់តែធំទូលាយ និងទំនើបដល់បុគ្គលិក និងទីប្រឹក្សារបស់ខ្លួនដើម្បីពង្រឹងកិច្ចសហការការងារក៏ដូចជាភាពរីកចម្រើនរបស់ក្រុមហ៊ុន។
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជួលអគារជាមួយក្រុមហ៊ុន ផាប៊ូរី អ៊ិនវេសម៉ិន ឯ.ក នៅរសៀលនេះ បានធ្វើឲ្យក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ក្លាយជាអ្នកជួលដ៏សំខាន់របស់អគារថ្មីនេះ។ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា នឹងចាប់ផ្តើមប្រតិបត្តិការនៅការិយាល័យថ្មីរបស់ខ្លួននៅមុនដំណាច់ឆ្នាំនេះ ដោយរួមបញ្ចូលនូវការិយាល័យកណ្តាល (រួមទាំងមជ្ឈមណ្ឌលផ្តល់សេវាកម្មអតិថិជនដែលមានទីតាំងបច្ចុប្បន្ននៅអគារ ស៊ីរី) និងមជ្ឈមណ្ឌលបណ្តុះបណ្តាល (ដែលមានទីតាំងនៅអគារ ភ្នំពេញ សិនធើ)។
លោក Justin Helferich អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា មានប្រសាសន៍ថា៖«យើងរីករាយណាស់ដែលបានជ្រើសរើស ធីខេ សេនត្រល សម្រាប់ការិយាល័យកណ្តាលថ្មីរបស់យើងនៅទីក្រុងភ្នំពេញ។ ការផ្លាស់ប្តូរទីតាំងនេះជាការឆ្លើយតបទៅនឹងកំណើនក្រុមការងាររបស់យើង ហើយខ្ញុំជឿជាក់ថាទីតាំងដ៏ទំនើបនេះនឹងជំរុញឲ្យមានការច្នៃប្រឌិត និងកិច្ចសហការខ្ពស់ក្នុងក្រុមការងារដែលនឹងជួយយើងបន្ថែមទៀតក្នុងការកសាងអនាគតហិរញ្ញវត្ថុកាន់តែរឹងមាំ និងកាន់តែប្រសើរឡើងជូនក្រុមគ្រួសារកម្ពុជា។»
លោក តែ វង្សឆាយ ដែលជាប្រធានក្រុមហ៊ុន ផាប៊ូរី អ៊ិនវេសម៉ិន ឯ.ក បានមានប្រសាសន៍ថា៖«យើងខ្ញុំដែលជាក្រុមហ៊ុន ផាប៊ូរី អ៊ិនវេសម៉ិន ឯ.ក មានសេចក្តីសោមនស្សរីករាយក្នុងការស្វាគមន៍ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ក្នុងនាមជាអ្នកជួលដ៏សំខាន់របស់យើងនៅ ធីខេ សេនត្រល ។ ការសម្រេចចិត្តរបស់ មេនូឡាយហ្វ៍ ខេមបូឌា ក្នុងការផ្លាស់ទីតាំងការិយាល័យកណ្តាលរបស់ខ្លួនមកកាន់អគាររបស់យើងបានបង្ហាញយ៉ាងច្បាស់ពីចក្ខុវិស័យរបស់យើងក្នុងការបង្កើតកន្លែងធ្វើការដែលស័ក្តិសមនឹងការរស់នៅ ប្រកបដោយបរិយាកាសការងារបែបទំនើបក្នុងរាជធានី។»
លោកស្រី អាន សុធីតា ដែលជានាយកគ្រប់គ្រងក្រុមហ៊ុន ស៊ីប៊ីអអ៊ី ខេមបូឌា (CBRE Cambodia) និងជាភ្នាក់ងារគ្រប់គ្រងអចលនទ្រព្យរបស់ ធីខេ សេនត្រល បានមានចំណាប់អារម្មណ៍ថា៖ «មេនូឡាយហ្វ៍ ខេមបូឌា បានជ្រើសយកជម្រើសដ៏ល្អសម្រាប់ក្រុមការងាររបស់ខ្លួន។ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា និង ធីខេ សេនត្រល សុទ្ធតែជាក្រុមហ៊ុនដែលយកចិត្តទុកដាក់លើសហគមន៍ដែលនេះបញ្ជាក់ពីភាពល្អឥតខ្ចោះនៃកិច្ចសហការនេះ។ ក្រុមការងាររបស់ ស៊ីប៊ីអអ៊ី ខេមបូឌា (CBRE Cambodia) នៅ ធីខេ សេនត្រល នឹងធ្វើការយ៉ាងសស្រាក់សស្រាំដើម្បីធានាថាភាគីទាំងពីរទទួលបានសមិទ្ធផលស្របតាមចក្ខុវិស័យរួមគ្នានេះ។»
ធីខេ សេនត្រល មានទីតាំងស្ថិតនៅចំកណ្តាលខណ្ឌទួលគោកដែលជាតំបន់ពាណិជ្ជកម្មកណ្តាលទី ២ ដែលកំពុងតែរីកលូតលាស់។ លើសពីនេះក៏មានអគារអាផាតមិនសម្រាប់ជួលប្រកបដោយសេវាកម្មលំដាប់ខ្ពស់ ដែលនឹងចាប់ផ្តើមប្រតិបត្តិការនៅដំណាក់កាលបន្ទាប់។
ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានមកដល់ទីផ្សារកម្ពុជាក្នុងឆ្នាំ ២០១២ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិដំបូងគេបង្អស់។ ប៉ុន្មានឆ្នាំកន្លងមកនេះក្រុមហ៊ុន មេនូឡាយហ្វ៍ បានជួយលើកកម្ពស់ការយល់ដឹងជាសាធារណៈស្តីពីវិស័យធានារ៉ាប់រងអាយុជីវិតតាមរយៈសិក្ខាសាលា និងកម្មវិធីបែបអប់រំនានា។ រហូតមកដល់ពេលនេះ ប្រជាជនជាង ១៥ ម៉ឺននាក់បានចូលរួមសិក្ខាសាលារបស់ក្រុមហ៊ុន ហើយក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បាននិងកំពុងការពារអនាគតហិរញ្ញវត្ថុក្រុមគ្រួសារជូនអតិថិជនកម្ពុជាជាង ១២ ម៉ឺននាក់ផងដែរ៕»
ដើម្បីទទួលព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពីក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា សូមតាមដានទំព័រហ្វេសប៊ុក «Manulife Cambodia» តាមរយៈ www.facebook.com/ManulifeKH ឬ ចូលទៅកាន់គេហទំព័រ www.manulife.com.kh។