រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា - នៅថ្ងៃទី ២២ ខែកុម្ភៈឆ្នាំ ២០២០ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានរៀបចំពិធីប្រគល់ពានកិត្តិយសដល់ទីប្រឹក្សាធានារ៉ាប់រងឆ្នើមរបស់ខ្លួន ក៏ដូចជាពិធីពិសាភោជនាហារពិសេសមួយដោយមានការចូលរួមពីទីប្រឹក្សាធានារ៉ាប់រងឆ្នើមច្រើនជាង ៦០០ នាក់មកពីបណ្តាខេត្តផ្សេងៗគ្នាក្នុងប្រទេសកម្ពុជា។ កម្មវិធីនេះត្រូវបានធ្វើឡើងដើម្បីអបអរសាទរដល់សមិទ្ធផលរបស់ទីប្រឹក្សាធានារ៉ាប់រងរបស់ក្រុមហ៊ុនក្នុងឆ្នាំ ២០១៩។ ទីប្រឹក្សាឆ្នើមចំនួន ៣០ រូបរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានជាប់ជាសមាជិកនៃ Million Dollar Round Table (MDRT) កាលពីឆ្នាំ ២០១៩ ហើយទីប្រឹក្សាមួយរូបរបស់ក្រុមហ៊ុននេះក៏បានជាប់ជាសមាជិកលំដាប់កំពូល Court of the Table (COT) ដែលជាការទទួលស្គាល់លំដាប់ខ្ពស់បំផុតមួយនៅក្នុងសមាគម MDRT ផងដែរ។ MDRT ជាសមាគមលំដាប់ពិភពលោកមួយសម្រាប់បុគ្គលិកឆ្នើមក្នុងវិស័យធានារ៉ាប់រងអាយុជីវិត និងវិស័យហិរញ្ញវត្ថុ ។
ថ្លែងក្នុងពិធីប្រគល់ពានកិត្តិយសដល់ទីប្រឹក្សាឆ្នើមនេះ លោក Robert Elliott អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា មានប្រសាសន៍ថា៖ «យើងរៀបចំពិធីប្រគល់ពានកិត្តិយសនេះឡើងដើម្បីថ្លែងអំណរគុណដល់ទីប្រឹក្សាធានារ៉ាប់រងរបស់យើងចំពោះការខិតខំប្រឹងប្រែងប្រចាំថ្ងៃរបស់ពួកគាត់ក្នុងការផ្ដល់ការប្រឹក្សាយោបល់ និងដំណោះស្រាយហិរញ្ញវត្ថុរយៈពេលវែងដល់ក្រុមគ្រួសារកម្ពុជា។ ដោយសារការខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្តរបស់ពួកគាត់ យើងកំពុងការពារប្រជាជនកម្ពុជាជាង ១១៤,០០០ នាក់ជាមួយនឹងទឹកប្រាក់ធានាសរុបចំនួនច្រើនជាង ២,៥ ពាន់លានដុល្លារអាមេរិក។»
លោកស្រី ឆេង យូហេង ទីប្រឹក្សាធានារ៉ាប់រងឆ្នើមម្នាក់ និងជាសមាជិក COT ក្នុងឆ្នាំ ២០១៩ ក៏បានបង្ហាញចំណាប់អារម្មណ៍ផងដែរថា៖ « ការចូលរួមជាមួយក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ក្នុងនាមជាទីប្រឹក្សាធានារ៉ាប់រងបានធ្វើអោយខ្ញុំដឹងថាខ្ញុំមានសមត្ថភាពភាពក្នុងការជួយដល់ប្រជាជនកម្ពុជា និងសហគមន៍ដែលខ្ញុំរស់នៅ។ អាជីពនេះអនុញ្ញាតឱ្យខ្ញុំអភិវឌ្ឍវិជ្ជាជីវៈរបស់ខ្ញុំ ហើយស្របពេលជាមួយគ្នាដែរជួយមនុស្សជាច្រើនក្នុងការការពារមនុស្សជាទីស្រឡាញ់របស់ពួកគាត់ និងសម្រេចគោលដៅហិរញ្ញវត្ថុរយៈពេលវែងរបស់ពួកគាត់ផងដែរ» ។
គួរបញ្ចាក់ផងដែរថា ចាប់តាំងពីប្រតិបត្តិការអាជីវកម្មក្នុងឆ្នាំ ២០១២ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានផ្តល់ការបណ្តុះបណ្តាលអំពីការធានារ៉ាប់រងអាយុជីវិត និងការរៀបចំផែនការហិរញ្ញវត្ថុរយៈពេលវែងដល់ទីប្រឹក្សាធានារ៉ាប់រងរាប់ពាន់នាក់ ហើយក្រុមហ៊ុនក៏បានផ្តល់ឱកាសឱ្យទីប្រឹក្សារបស់ខ្លួនធ្វើដំណើរទៅក្រៅប្រទេស ដើម្បីសិក្សាស្វែងយល់ពីបទពិសោធន៍ល្អៗនៅប្រទេសផ្សេងៗជុំវិញពិភពលោកផងដែរ។ ជាក់ស្តែង កាលពីខែមករាឆ្នាំនេះ ទីប្រឹក្សាធានារ៉ាប់រង ១៣០ នាក់ត្រូវបានផ្តល់ឱកាសឱ្យចូលរួមសន្និសីទអន្តរជាតិនៅទីក្រុង សេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
ដើម្បីទទួលព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពីក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា សូមតាមដានទំព័រហ្វេសប៊ុក «Manulife Cambodia» តាមរយៈ www.facebook.com/ManulifeKH ឬ ចូលទៅកាន់គេហទំព័រ www.manulife.com.kh។