រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

លោក Robert Elliott ប្រធាន​ក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ​ ត្រូវបានប្រទានកិត្តិយសពីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាសម្រាប់ការរួមចំណែកក្នុងវិស័យធានារ៉ាប់រង

លោក Robert ត្រូវបានប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌ ថ្នាក់មហាសេនា

ភ្នំពេញ - លោក Robert Elliott ប្រធាន​ក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ត្រូវបានព្រះករុណាព្រះបាទសម្តេចបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា​ប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌ​ថ្នាក់មហាសេនាដែលជាការទទួលស្គាល់ស្នាដៃ​របស់លោកលើការជួយអភិវឌ្ឍន៍វិស័យធានារ៉ាប់រង នៅកម្ពុជា ការលើកកម្ពស់ការអប់រំផ្នែកហិរញ្ញវត្ថុដល់សាធារណជន ក៏ដូចជាការរួមចំណែកក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាផងដែរ។

គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ​ ថ្នាក់ មហាសេនា គឺជាគ្រឿងឥស្សរិយយសប្រទានដោយព្រះមហាក្សត្សតាមរយៈព្រះរាជក្រឹត្យ និងប្រកាសនីយបត្រ។​ នេះជាគ្រឿងឥស្សរិយយសខ្ពស់ជាងគេលំដាប់ទី ២ បន្ទាប់ពីគ្រឿងឥស្សរិយយសថ្នាក់មហាសិរីវឌ្ឍន៍  ហើយលោក Robert គឺជាបុគ្គលមួយរូបក្នុងចំណោមជនបរទេសតិចតួចបំផុត​ក្នុងវិស័យហិរញ្ញវត្ថុដែលទទួលបានគ្រឿងឥស្សរិយយសនេះ។

លោក Anil Wadhwani អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ប្រចាំតំបន់អាស៊ីបានមានប្រសាសន៍ថា៖ «លោក Robert ពិតជាសក្តិសមនឹងទទួលបានគ្រឿងឥស្សរិយយសនេះណាស់។ ការចូលរួមចំណែករបស់លោកក្នុងការអភិវឌ្ឍវិស័យធានារ៉ាប់រងអាយុជីវិតនៅកម្ពុជាពិតជាគួរឲ្យស្ងើចសរសើរ។ ​ ​លោកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាង អាជីវកម្មរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ឱ្យក្លាយជាក្រុមហ៊ុនឈានមុខគេក្នុងទីផ្សារកម្ពុជាក៏ដូចជាការរីកលូតលាស់របស់វិស័យធានារ៉ាប់រងអាយុជីវិតក្នុងស្រុកទាំងមូលផងដែរ។»

វិស័យធានារ៉ាប់រងអាយុជីវិតមានវត្តមាននៅទីផ្សារកម្ពុជាក្នុងឆ្នាំ ២០១២ ស្របពេលដែលក្រុមហ៊ុន មេនូឡាយហ្វ៍ ទទួលបានអាជ្ញាបណ្ណអាជីវកម្មក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិដំបូងបង្អស់។ បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតចំនួន ១៣ ក្រុមហ៊ុន ហើយ ក្រុមហ៊ុន​ មេនូឡាយហ្វ៍ ជាក្រុមហ៊ុនដែលមានចំណែកទីផ្សារអាជីវកម្មអាយុជីវិតនាំមុខគេសម្រាប់ឆ្នាំ២០២០។ ជារួម វិស័យធានារ៉ាប់រងអាយុជីវិតនៅកម្ពុជាផ្ដល់ការងារដល់ប្រជាជនប្រមាណ ១០.០០០ នាក់ដែលក្នុងនោះ  ៦.០០០ នាក់ជាបុគ្គលិកនៅក្រុមហ៊ុន មេនូឡាយហ្វ៍ រាប់បញ្ចូលទាំងទីប្រឹក្សាធានារ៉ាប់រងផងដែរ។

ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១២ ក្រោមការដឹកនាំរបស់លោក Robert ជាអគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅ។ ក្រោយមក លោកក៏ត្រូវបានបោះឆ្នោតតែងតាំងជាអនុប្រធានសមាគមធានារ៉ាប់រង​កម្ពុជាផងដែរ។

លោក Robert មកពីចក្រភពអង់គ្លេសហើយបានបម្រើការងារនៅ​ក្រុមហ៊ុន មេនូឡាយហ្វ៍ តាំងពីឆ្នាំ ១៩៨០​​ ក្នុងបណ្ដាប្រទេសជាច្រើន។ ក្រៅពីមុខងារជាប្រធាន​ក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា លោក Robert ក៏ជាអគ្គនាយកប្រតិបត្តិ និងជានាយកចាត់ការទូទៅរបស់ ក្រុមហ៊ុន មេនូឡាយហ្វ៍ ប្រចាំប្រទេសមីយ៉ាន់ម៉ាផងដែរ។ មុនពេលចូលបម្រើការងារជាមួយក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា លោកបានចំណាយពេល ៣ ឆ្នាំជាមួយក្រុមហ៊ុន មេនូឡាយហ្វ៍ នៅប្រទេសសិង្ហបុរី ដឹកនាំនាយកដ្ឋានផ្នែកលក់ បណ្តាញ​ដៃគូ​ចែកចាយ ហើយមុននោះផងដែរ លោកស្នាក់នៅទីក្រុងហុងកុង។

លោក Robert បានមានប្រសាសន៍ថា៖ «ខ្ញុំពិតជារំភើបចិត្ត និងរីករាយក្រៃលែងដែលបានទទួលគ្រឿងឥស្សរិយយសនេះ។ ខ្ញុំសប្បាយចិត្តដែលបានជួយប្រជាជនកម្ពុជាក្នុងការកសាងអនាគតហិរញ្ញវត្ថុដ៏ល្អប្រសើរ និងរឹងមាំមួយដើម្បីឲ្យពួកគាត់អាចរៀបចំផែនការសន្សំនាពេលអនាគត និងគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគាត់ឱ្យកាន់តែមានប្រសិទ្ធភាព។ ការទទួលបានការទទួលស្គាល់លើការងារដែលខ្ញុំស្រឡាញ់ពិតជារឿងដែលអស្ចារ្យណាស់។ ខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមការងាររបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ទាំងអស់ព្រោះថាការទទួលស្គាល់នេះអាចធ្វើទៅបានក៏ដោយសារការប្ដេជ្ញាចិត្តខ្ពស់របស់បុគ្គលិកចំពោះអតិថិជនផងដែរ៕»​

ដើម្បីទទួលព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពី​ក្រុមហ៊ុន​ មេ​នូ​ឡាយ​ហ្វ៍​ ខេមបូឌា  សូម​​តាម​ដាន​ទំ​ព័រហ្វេសប៊ុក «Manulife Cambodia»  តាម​រយៈ www.facebook.com/ManulifeKH ឬ ​ចូល​ទៅកាន់​គេហ​ទំ​ព័រ www.manulife.com.kh