ទីក្រុង TORONTO – ក្រុមហ៊ុន មេនូឡាយហ្វ៍ បានផ្តល់ជូនបុគ្គលិករបស់ខ្លួននៅគ្រប់ប្រទេសជុំវិញពិភពលោកដែលមានចំនួន ៣៥ ០០០ នាក់នូវចំនួនទឹកប្រាក់ដែលស្មើនឹង ៥០ ដុល្លារកាណាដាសម្រាប់ម្នាក់ៗដើម្បីចូលរួមចំណែកក្នុងសកម្មភាពសប្បុរសធម៌នៅក្នុងសហគមន៍សម្រាប់ពេលវិស្សមកាលខាងមុខនេះ។
លោក Roy Gori អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន មេនូឡាយហ្វ៍ បានមានប្រសាន៍ថា៖ «ឆ្នាំ ២០២០ គឺជាឆ្នាំដ៏លំបាកមួយសម្រាប់បុគ្គល គ្រួសារ និងសហគមន៍ជាច្រើននៅជុំវិញពិភពលោក ហើយពេលវេលានេះជំរុញឲ្យយើងផ្តល់អាទិភាពលើសុខភាព និងសុវត្ថិភាព ព្រមទាំងប្រកាន់ខ្ជាប់នូវគន្លងថ្មីនៃការធ្វើទំនាក់ទំនង និងផ្តល់កម្លាំងចិត្តឲ្យគ្នាទៅវិញទៅមក។ ប្រសិនបើយើងទាំងអស់គ្នាអាចបង្ហាញនូវការយកចិត្តទុកដាក់ និងអំពើល្អ បើទោះបីជាក្នុងកម្រិតតិចតួចក្តី យើងនឹងអាចរួមចំណែកជួយឱ្យពិភពលោកកាន់តែប្រសើរឡើងបាន។»
ក្រុមហ៊ុន មេនូឡាយហ្វ៍ នឹងបង្វែរការប្រារព្ធពិធីផ្សេងៗសម្រាប់ចុងឆ្នាំ ទៅជាការលើកទឹកចិត្តឲ្យ បុគ្គលិកនៅជុំវិញពិភពលោកឲ្យផ្តល់ការបរិច្ចាគដល់បុគ្គល ឬអង្គការនានានៅក្នុងសហគមន៍របស់ពួកគាត់។ បុគ្គលិកក៏អាចរួមបញ្ចូលវិភាគទាននេះជាមួយមិត្តរួមការងារផ្សេងទៀត ប្រសិនបើពួកគាត់ចង់បង្ហាញការគាំទ្រជាក្រុម។ ក្រុមហ៊ុនក៏សូមលើកទឹកចិត្តដល់បុគ្គលិកឱ្យចែករំលែករឿងរ៉ាវនៃការបរិច្ចាគរបស់ពួកគាត់នៅលើបណ្តាញសង្គមដោយប្រើប្រាស់ (hastag) #ManulifeActofKindness ។ រាល់សារដែលបានបង្ហោះ និងរឿងរ៉ាវនានានឹងត្រូវបានចែករំលែកនៅលើគេហទំព័រwww.manulife.com/actofkindness។
លោក Gori បានមានប្រសាសន៍ថា «យើងជឿជាក់ថា ភាពជោគជ័យរបស់យើងក្នុងនាមជាក្រុមហ៊ុនមួយពឹងផ្អែកយ៉ាងសំខាន់លើភាពជោគជ័យរបស់សហគមន៍ដែលយើងមានប្រតិបត្តិការអាជីវកម្ម។យើងរីករាយក្នុងការផ្តល់ជំនួយដើម្បីគាំទ្រដល់សហគមន៍ដែលខ្វះខាត។ តាមរយៈការជំរុញទឹកចិត្ត និងផ្តល់លទ្ធភាពដល់ក្រុមការងារទូទាំងសកលលោករបស់យើងក្នុងការចែករំលែកសកម្មភាពមនុស្សធម៌នេះ យើងសង្ឃឹមថាយើងអាចជួយធ្វើឲ្យជីវិតកាន់តែប្រសើរឡើងសម្រាប់មនុស្សនៅជុំវិញពិភពលោក។»
ក្រុមហ៊ុន មេនូឡាយហ្វ៍ និងក្រុមហ៊ុន John Hancock បានចូលរួមធ្វើសកម្មភាពជាច្រើននៅឆ្នាំនេះ ដើម្បីគាំទ្រសហគមន៍នៅជុំវិញពិភពលោក។ ជាការឆ្លើយតបទៅនឹងជំងឺកូវីដ ១៩ ក្រុមហ៊ុន មេនូឡាយហ្វ៍ បានធ្វើការបរិច្ចាគជាទឹកប្រាក់ជិត ៥ លានដុល្លាររួចមកហើយដោយផ្តោតលើសកម្មភាពជាច្រើនរួមមាន សន្តិសុខស្បៀងសម្រាប់ជនងាយរងគ្រោះបំផុត ការគាំទ្រសុខុមាលភាពរបស់បុគ្គលិក ការថែទាំសុខភាព ការគាំទ្រសុខភាពផ្លូវចិត្តតាមរយៈកម្មវិធីឌីជីថល ការផ្តល់ជំនួយហិរញ្ញវត្ថុដល់អតិថិជន និងការសម្របសម្រួលការបរិច្ចាគ និងកម្មវិធីស្ម័គ្រចិត្ត(តាមប្រព័ន្ធឌីជីថល)។
ដើម្បីទទួលព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពីក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា សូមតាមដានទំព័រហ្វេសប៊ុក «Manulife Cambodia» តាមរយៈ www.facebook.com/ManulifeKH ឬ ចូលទៅកាន់គេហទំព័រ www.manulife.com.kh។