រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

កម្មវិធីមួកសុវត្ថិភាពសម្រាប់គ្រួសារ ផ្ដល់ជូននូវមួកសុវត្ថិភាពដល់សិស្សានុសិស្ស ក្នុងសាលាបឋមសិក្សា ខេត្តបាត់ដំបង

(បាត់ដំបង)៖ កម្មវិធី «មួកសុវត្ថិភាពសម្រាប់គ្រួសារ» ដែលកំពុងអនុវត្តដោយអង្គការមូលនិធិបង្ការរបួសអាស៊ី ក្រោមការឧបត្ថម្ភគាំទ្រពីក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានផ្ដល់មួកសុវត្ថិភាព ចំនួន១,២៣៨មួក ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងមាតាបិតា សិស្សនៅសាលាបឋមសិក្សា អន្លង់វិល ដែលស្ថិតក្នុងឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។

ពិធីដែលបានធ្វើនៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩នេះ មានការចូលរួមពីតំណាងថ្នាក់ខេត្ត និងថ្នាក់ជាតិ ព្រមទាំងមន្រ្តីពាក់ព័ន្ធ ក្នុងខេត្តបាត់ដំបង ក៏ដូចជាអ្នកពាក់ព័ន្ធលើការងារសុវត្ថិភាពចរាចរណ៍ ព្រមទាំងថ្នាក់ដឹកនាំ-បុគ្គលិកក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា និងអង្គការមូលនិធិបង្ការរបួសអាស៊ីផងដែរ។

លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានសម្ដែងក្តីសោមនស្សរីករាយដែលបានឃើញការអនុវត្តកម្មវិធីនេះ នៅក្នុងខេត្តបាត់ដំបង ព្រោះថាខេត្តនេះក៏មានអាត្រា នៃអ្នកស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍ខ្ពស់ នៅក្នុងចំណោមបណ្តាខេត្តរាជធានីទាំងអស់ នៃប្រទេសកម្ពុជា។

ដូច្នេះក្រុមការងារ ត្រូវផ្តល់ការការពារសមស្របដល់កុមារ ដើម្បីបណ្តះស្មារតីលើកកម្ពស់សុវត្ថិភាព ក្នុងការធ្វើដំណើរទៅមកសាលារៀន។ លោកស្រីក៏បានអំពាវនាវឲ្យកុមារទាំងអស់ ពាក់មួកសុវត្ថិភាពរាល់ពេលធ្វើដំណើរ ដោយកង់ ឬម៉ូតូ ទោះជិះជិតក្ដី ឆ្ងាយក្ដី និងជួយក្រើនរំលឹកដល់មាតាបិតា អាណាព្យាបាល ដើម្បីការពារអាយុជីវិត និងកាយសម្បទា និងទ្រព្យសម្បត្តិពីគ្រោះថ្នាក់ចរាចរណ៍។

បើទោះបីជាមានការដាក់ឲ្យអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ដែលក្នុងនោះបានកំណត់ឲ្យអ្នកជិះម៉ូតូទាំងអស់នៅកម្ពុជា ត្រូវតែពាក់មួកសុវត្ថិភាព កាលពីដើមឆ្នាំ២០១៥ ក៏ដោយ ក៏អត្រាពាក់មួកសុវត្ថិភាព ក្នុងចំណោមសិស្សានុសិស្សនៅទូទាំងប្រទេស មានកម្រិតទាបគួរឲ្យព្រួយបារម្ភ។ ជាក់ស្តែង មានសិស្សានុសិស្សប្រមាណ៨០% ទៅ៩៥% ធ្វើដំណើរដោយម៉ូតូ ឬកង់ទៅមកសាលាបឋមសិក្សាអន្លង់វិល ប៉ុន្តែស្ទើរតែពុំមានសិស្សានុសិស្សណាម្នាក់ ពាក់មួកសុវត្ថិភាពនៅពេលពួកគេធ្វើដំណើរ ទៅមកសាលារៀនឡើយ។

លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង បានឲ្យដឹងថា សាលាបឋមសិក្សាអន្លង់វិល ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ដែលជាតំបន់ដែលមានចរាចរណ៍មមាញឹកខ្ពស់ក្នុងខេត្តបាត់ដំបង។ ហេតុដូច្នេះហើយសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ គឺជាអ្នកដែលងាយប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍ខ្លាំងណាស់ ជាពិសេសក្នុងអំឡុងពេលធ្វើដំណើរទៅ និងមកពីសាលារៀន។ លោកជឿជាក់ថា ការជំរុញឲ្យមានការពាក់មួកសុវត្ថិភាព គឺជាឱកាសមួយ នៃការកាត់បន្ថយការររងរបួសក្បាលរាល់ពេលដែលធ្វើដំណើរ។

កម្មវិធីមួកសុវត្ថិភាពសម្រាប់គ្រួសារ ដែលបានចាប់ផ្ដើមដំណើរការនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០១២ មានគោលបំណងផ្តល់ជូននូវមួកសុវត្ថិភាព ដែលមានគុណភាពដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងឪពុកម្តាយ ក៏ដូចជាការលើកកម្ពស់ការពាក់មួកសុវត្ថិភាព តាមរយៈការចូលរួមរបស់ឪពុកម្តាយ ជាគំរូទៅដល់កូនៗ និងផ្តល់នូវឱកាស ឲ្យមានជាវគ្គបណ្តុះបណ្តាល ដែលផ្តោតសំខាន់ទៅលើម្តាយ ក៏ដូចជាឥរិយាបថសុវត្ថិភាពចរាចរណ៍របស់កូនៗពួកគាត់។

លោក Robert Elliott អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅ នៃក្រុមហ៊ុនមេនូឡាយហ្វ៍ ខេមបូឌា បានលើកឡើងថា ចាប់តាំងពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៩ សាលារៀនគោលដៅ ដែលបានចូលរួមក្នុងកម្មវិធី មួកសុវត្ថិភាពសម្រាប់ក្រុមគ្រួសារ បានបង្ហាញនូវលទ្ធផលជាវិជ្ជមាន ជាច្រើនដូចជា អត្រានៃការពាក់មួកសុវត្ថិភាព របស់កុមារបានកើនឡើងពី៣% ទៅ៩៧% ក្រោយពីការអនុវត្តកម្មវិធី។

លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំនៅកម្ពុជា បានអះអាងថា កុមារមើលឃើញមាតាបិតាជាគំរូ និងជាអ្នកសម្រេចចិត្ត ប៉ុន្តែមានមាតាបិតា ក្នុងអត្រាទាបដែលរំលឹកកូនៗ ឲ្យពាក់មួកសុវត្ថិភាពពេលធ្វើដំណើរតាមម៉ូតូ។ ដូច្នេះសូមមាតាបិតា អាណាព្យាបាលបង្កលក្ខណៈ និងជំរុញឲ្យកូនប្រតិបត្តិតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឲ្យបានខ្ជាប់ខ្ជួន (ពាក់មួកសុវត្ថិភាព) ដូចដែលចង់ឲ្យកូនៗស្តាប់ និងប្រតិបត្តិតាមដំបូន្មាន និងការប្រៀនប្រដៅរបស់ខ្លួន។

ជាមួយគ្នានេះ លោកស្នើឲ្យ ក្រសួងអប់រំ យុវជន និងកីឡា កំណត់ឲ្យមានការពាក់មួកសុវត្ថិភាពជាបទបញ្ជាផ្ទៃ ក្នុងសម្រាប់សិស្សពេលធ្វើដំណើរមកសាលារៀន ព្រោះច្បាប់បានកំណត់ហើយថា កុមារមានអាយុចាប់ពី៣ឆ្នាំ ហើយធ្វើដំណើរតាមម៉ូតូ (មកសាលារៀន) ត្រូវតែពាក់មួកសុវត្ថិភាព។ សិស្សដែលជាទំពាំង ឬអនាគត ធនធានមនុស្សរបស់ប្រទេសជាតិ គួរតែជាអ្នកដែលចូលរួមអនុវត្ត និងប្រតិបត្តិតាមច្បាប់ ហើយគួរចាប់ផ្តើមពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកមុនគេ។

សូមជម្រាបថា ចាប់តាំងពីឆ្នាំ២០១២មក ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា និងអង្គការមូលនិធិបង្ការរបួសអាស៊ី បានផ្ដល់ការអប់រំ និងចំណេះដឹងអំពី សុវត្ថិភាពចរាចរណ៍ផ្លូវគោកទៅដល់សិស្សានុសិស្ស ចំនួន៥,០០២នាក់ គ្រូបង្រៀនចំនួន២៦១នាក់ និងមាតាបិតា អាណាព្យាបាល ចំនួន៩,១២៩នាក់ នៅក្នុងប្រទេសកម្ពុជា តាមរយៈកម្មវិធីមួកសុវត្ថិភាពសម្រាប់ក្រុមគ្រួសារនេះផងដែរ ហើយមួកសុវត្ថិភាពរបស់មេនូឡាយហ្វ៍ ខេមបូឌា បានជួយសង្រ្គោះកុមារប្រមាណជាង ១០០នាក់ពីការរងរបួសក្បាលធ្ងន់ធ្ងរ៕

 

សម្រាប់ព័ត៌​មានបន្ថែម​ពីផលិតផល និងសេវា​កម្ម​​របស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា សូម​ចូល​ទៅកាន់៖​ www.manulife.com.kh/km/products.html​ និងព័ត៌មានថ្មីៗពីទំព័រហ្វេសប៊ុកផ្លូវ​ការ «Manulife Cambodia»  តាម​រយៈ www.facebook.com/ManulifeKH ឬ ​ចូល​ទៅកាន់​គេហ​ទំ​ព័រ www.manulife.com.kh