បរទេសចិត្តល្អ៣រូប មកពីអង់គ្លេស និងស្កុតឡែន ហេតុតែឃើញប្រជាជននៅស្រុកជីក្រែងជួបការលំបាកក្នុងជីវភាពរស់នៅបច្ចុប្បន្ន សុខចិត្តបបួលគ្នាបង្កើតកម្មវិធីប្រណាំងពីភ្នំពេញទៅសៀមរាបដើម្បីប្រមូលថវិកា ២០ម៉ឺនដុល្លារ ជួយប្រជាជននៅទីនោះ។
លោក Mark Ferguson តំណាងក្រុមអ្នករត់ចម្ងាយឆ្ងាយនេះបានឲ្យដឹងថា លោករួមនិងមិត្តភ័ក្ដិ២នាក់ទៀតនឹងរត់ពីភ្នំពេញរហូតទៅដល់សៀមរាប គិតពីចម្ងាយផ្លូវប្រហែលជាង៣០០គីឡូម៉ែត្រ។ ការរត់នេះនឹងត្រូវឈប់សម្រាកតាមខេត្តមួយចំនួនដែលបានគ្រោងទុកទៅតាមផែនការ។
គោលបំណងធំនៃការរត់នេះ គឺដើម្បីស្វែងរកថវិកាយកទៅបរិច្ចាគដល់អង្គការ Temple Garden Foundation ដែលនឹងយកជួយប្រជាជនក្នុងស្រុកជីក្រែង ខេត្តសៀមរាប។ បុរសជនជាតិ ស្កុតឡែន រូបនេះបន្តថា ដោយសារតែឃើញប្រជាជននៅទីនោះមានការលំបាក ដូចជារស់នៅគ្មានអនាម័យ ធ្វើកសិកម្មតាមបែបបុរាណ និងមិនសូវមានចំណេះដឹង។
ក្រុមសប្បុរសជនខាងលើនេះ បន្តថាថវិកាដែលបានប្រមូលនេះនឹងជួយលើកិច្ចការអនាម័យ ដូចជាធ្វើបង្គន់ បង្កើតវគ្គបណ្ដុះបណ្ដាលផ្សេងៗ និងជួយទ្រទ្រង់លើផ្នែកមួយចំនួនទៀត។ បច្ចុប្បន្ននេះអ្នកទាំង៣ប្រមូលថវិកាបានជាង១០ម៉ឺនដុល្លារហើយ បើតាមគម្រោងនឹងប្រមូលឲ្យបាន ២០ម៉ឺន និងបន្តប្រមូលរហូត ២-៣ សប្ដាហ៍ទៀត។
កីឡាករទាំង៣នាក់ដែលរត់ចម្ងាយឆ្ងាយនេះរួមមាន លោក Mark Ferguson ជនជាតិស្កុតឡែន លោក Alex Reinert និងលោក Jonathan Gordon ជនជាតិអង់គ្លេស។ ពួកគេជាអ្នកធម្មតាទេ មិនមែនតំណាងអង្គការណាមួយនោះឡើយ ដោយសារស្រឡាញ់ការរត់ និងចង់ជួយប្រជាជនកម្ពុជាប៉ុណ្ណោះ។ អ្នកទាំង៣ក៏អរគុណដល់ក្រុមហ៊ុន Manulife ផងដែរ ដែលបានជួយសហការក្នុងការរត់ចម្ងាយឆ្ងាយនេះ ដូចជាផ្ដល់ក្រុមការងារចាំជួយតាមផ្លូវ ការស្នាក់នៅ និងហូបចុកជាដើម បើមិនមានការជួយទាំងអស់នេះទេ ពួកលោកនឹងពិបាកហើយ។
ប្រសិនបើសប្បុរសជនដែលចង់ចូលរួមបរិច្ចាគអាចចូលទៅកាន់គេហទំព័រ thecambodiarun.com ឬអាចតាមដានតាម Instagram Cambodia run។ ពួកគេចាប់ផ្ដើមរត់ពីភ្នំពេញនាព្រឹកមិញនេះហើយ ខណៈការរត់ចម្ងាយឆ្ងាយនេះនឹងដល់សៀមរាបនៅថ្ងៃសៅរ៍ ទី៧ ខែធ្នូ ២០១៩។ អ្នកទាំង៣នាក់នេះនឹងចូលរួមរត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអង្គរ លើកទី២៤ នៅសៀមរាបថ្ងៃទី៨ ខែធ្នូ បន្តទៀត៕
សម្រាប់ព័ត៌មានបន្ថែមពីផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា សូមចូលទៅកាន់៖ www.manulife.com.kh/km/products.html និងព័ត៌មានថ្មីៗពីទំព័រហ្វេសប៊ុកផ្លូវការ «Manulife Cambodia» តាមរយៈ www.facebook.com/ManulifeKH ឬ ចូលទៅកាន់គេហទំព័រ www.manulife.com.kh។