រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

រត់​ប្រណាំង​អន្តរជាតិ​ពាក់​កណ្ដាល​ម៉ារ៉ាតុង​ នៅ​អង្គរ​​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​នេះ

អ្នក​​ដែល​ចូលចិត្ត​ដើរ​ផ្សង​ព្រេង​ និង​អ្នក​រត់​ប្រណាំង​រាប់ពាន់​នាក់​មក​ពី​ជុំវិញ​ពិភពលោក​នឹង​មក​កាន់​ឧទ្យាន​បុរាណ​អង្គរ​ក្នុង​ខេត្ត​សៀមរាប​ដែល​ជា​ទីតាំង​បេតិកភ័ណ្ឌ​ពិភពលោក​របស់​អង្គការ ​UNESCO​ ដើម្បី​ចូល​រួម​រត់​​ប្រណាំង​អន្តរ​ជាតិ​ពាក់​កណ្ដាល​ម៉ារ៉ាតុង​នៅ​អង្គរ​វត្ត​លើក​ទី​ ២៣​ នៅថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ​២០១៨ នេះ។

ការ​រត់​ប្រណាំង​នេះ​មាន​គោល​បំណង​លើក​កម្ពស់​សុខភាព ​និង​សុខុមាលភាព​ ព្រម​ទាំង​រៃ​អង្គាស​ថវិកា​ដើម្បី​គាំទ្រ​ដល់​អង្គការ​ដែល​ជួយ​ដល់​កុមារ​ក្រីក្រ​ និង​ជនរង​គ្រោះ​ដោយសារ​គ្រាប់​មីន​នៅ​កម្ពុជា​។ ក្នុង​នោះ​ក៏​រួម​មាន​មន្ទីរ​ពេទ្យ​កុមារ​គន្ធបុផ្ផា ​មន្ទីរ​ពេទ្យ​កុមារ​អង្គរ ​កាក​បាទ​ក្រហម​កម្ពុជា​ និង​អង្គការ​សប្បុរសធម៌​ដទៃ​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ឯកឧត្តម ​វ៉ាត់ ចំរើន ​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍​​មាន​ប្រសាសន៍​ថា៖ «ឆ្នាំ ២០១៧ ​ជា​ឆ្នាំ​ដំបូង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ព្រឹត្តិការណ៍​មួយ​នេះ​ដែល​យើង​ទទួល​បាន​អ្នក​រត់​ប្រណាំង​ជាង​ ១០ ០០០ ​នាក់​មក​ពី​ជិត ​៨០​ ប្រទេស​ក្នុង​ពិភព​លោក​ ហើយ​វា​ក៏​ជា​ឆ្នាំ​ដំបូង​ដែរ ដែល​ចំនួន​អ្នក​រត់​ប្រណាំង​ក្នុង​ស្រុក​មាន​ច្រើន​ជាង​អ្នក​រត់​ប្រ​ណាំង​អន្តរជាតិ ​១២%។ ​កំណើន​នេះ​សរ​បញ្ជាក់​ឲ្យ​ឃើញ​ពី​ការ​យល់​ដឹង​កាន់​តែ​ប្រសើរ​ឡើង​របស់​ប្រជាជន​កម្ពុជា​អំពី​ទិវា​រត់​ប្រណាំង​របស់​យើង​ ក៏​ដូចជា​សារៈ​សំខាន់​នៃ​ការ​រស់​នៅ​ប្រកប​ដោយ​សុខ​ភាព​ល្អ​ផង​ដែរ។ ​ដោយ​មាន​ការ​គាំទ្រ​ពី​ក្រុមហ៊ុន​ មេនូឡាយហ្វ៍​ ក្រុមហ៊ុន ​Wurkz និង​អ្នក​ឧបត្ថម្ភ​កម្មវិធី​ផ្សេង​ៗទៀត ​ខ្ញុំ​ជឿជាក់​ថា​ព្រឹត្តិការណ៍​នេះ​នឹង​នៅតែ​បន្ត​ទទួល​បាន​ភាព​ជោគជ័យ​ ព្រម​ទាំង​ក្លាយ​ទៅ​ជា​កម្មវិធី​រៃ​អង្គាស​ថវិកា​ដ៏​សំខាន់​មួយ​ដើម្បី​បម្រើ​គោលដៅ​សប្បុរសធម៌​នៅ​កម្ពុជា​ផង​ដែរ»។

លោក Robert Elliott ​អគ្គនាយក​ប្រតិបត្តិ ​និង​នាយក​ចាត់ការ​ទូទៅ​នៃ​ក្រុមហ៊ុន ​មេនូឡាយហ្វ៍​ ខេម​បូឌា ​បាន​មាន​ប្រសាសន៍​ថា៖ ​«ឆ្នាំ ២០១៨ ​នេះ​ជា​ឆ្នាំ​ទី ​៤​ ហើយ​ដែល​យើងបាន​ធ្វើជាម្ចាស់​ឧបត្ថម្ភធំ​ក្នុង​ព្រឹត្តិការណ៍​រត់​ប្រណាំង​អន្តរជាតិ​ពាក់​កណ្ដាល​ម៉ារ៉ាតុង​នៅ​អង្គរវត្តនេះ។ ​នេះ​ជា​ឱកាស​ដ៏​ល្អ​បំផុត​មួយ​សម្រាប់​យើង​ក្នុង​ការ​ជួយ​ឱ្យ​អតិថិជន​ បុគ្គលិក ​និង​សហគមន៍​របស់​យើង​មាន​សុខភាព​ល្អ​ ភាព​សកម្ម​ និង​ជីវិត​ដ៏ប្រសើរ​មួយ»។

ក្នុងឆ្នាំនេះ​ ក្រុមហ៊ុន មេនូឡាយហ្វ៍ នឹង​នៅ​តែបន្ត​ប្រារព្ធកម្មវិធី​ពិពរណ៍ដ៏អស្ចារ្យ​មួយ​របស់​ខ្លួន​ទាក់ទង​នឹង​ព្រឹត្តិការណ៍​រត់​ប្រណាំង​នេះ​ដែរ ហើយ​កម្មវិធី​នោះ​មានឈ្មោះថា​ Manulife Move។​ កម្មវិធី​នេះ​នឹង​បើកឱ្យសាធារណជនចូលរួមដោយឥតគិត​ថ្លៃរយៈ​ពេលបី​ថ្ងៃចាប់ពី​ថ្ងៃទី ​៣០ ​ខែ​វិច្ឆិកា ដល់​ថ្ងៃ​ទី ២ ​ខែធ្នូ។​

អ្នករត់​ប្រណាំង​ប្រមា​ណ​ ៥០០ ​នាក់​ បាន​ចូលរួម​ទិវា​រត់​ប្រណាំង​ពាក់​កណ្តាល​ម៉ារ៉ាតុង​នៅ​អង្គរ​វត្ត​ជា​លើក​ដំបូង​នៅ​ឆ្នាំ ​១៩៩៦ ​ហើយ​ព្រឹត្តិការណ៍​នេះ​កាន់​តែ​មាន​ប្រជាប្រិយភាព​ខ្លាំង​ឡើង​ ខណៈ​ដែល​ចំនួន​អ្នក​រត់​ប្រណាំង​បន្តកើន​ឡើង​ជា​រៀងរាល់ឆ្នាំ​។ កាល​ពី​ឆ្នាំ​មុន​ ចំនួន​អ្នក​ចុះ​ឈ្មោះ​ចូលរួម​កើន​ឡើង​ ១០% ​ធៀប​ទៅ​នឹង​ឆ្នាំ​ ២០១៦​ ដែល​ការ​កើ​នឡើង​នេះបា​ន​ធ្វើ​ឲ្យ​ព្រឹត្តិការណ៍​នេះ​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ជាពិសេស​ក្នុង​ខេត្ត​សៀមរាប។​ការ​រត់​ប្រណាំង​នេះ​ចាប់​ផ្ដើម​នៅ​ម៉ោង​ ៥:៥០ ​នាទី​ព្រឹក ​ហើយ​អ្នក​រត់​ប្រណាំង​អាច​ចូលរួម​ក្នុង​ចម្ងាយ​ប្រកួត​ចំនួន ​៣ ប្រភេទ​ ដែល​ក្នុង​នោះ​មាន​ចម្ងាយ​ ២១​ គីឡូ​ម៉ែត្រ​ ១០ ​គីឡូ​ម៉ែត្រ​ ឬ ​៣ ​គីឡូ​ម៉ែត្រ។

ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ សូមចុះឈ្មោះក្នុងគេហទំព័រ www.cambodia-events.org