ទីក្រុងហុងកុង - ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានឈ្នះពានរង្វាន់កិត្តិយសចំនួន ៤ នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ភាពជាអ្នកដឹកនាំផ្នែកទំនាក់ទំនងអតិថិជនល្អឥតខ្ចោះប្រចាំឆ្នាំ ២០១៨ ដែលត្រូវបានរៀបចំឡើងដោយស្ថាប័ន Asia Pacific Customer Service Consortium កាលពីខែមិថុនា កន្លងទៅនេះ។
ជារៀងរាល់ឆ្នាំ កម្មវិធីប្រគល់ពានរង្វាន់ដ៏អស្ចារ្យនេះទទួលស្គាល់អ្នកដឹកនាំនៅក្នុងវិស័យនានា និងបុគ្គលឆ្នើមនៅជុំ វិញតំបន់អាស៊ីប៉ាស៊ីហ្វិកសម្រាប់ការច្នៃប្រឌិតសេវាកម្មដែលយកអតិថិជនជាគោល។ ពានរង្វាន់ទាំង ៤ ដែលក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ទទួលបានមានដូចជា៖
1. ពានរង្វាន់កិត្តិនាមក្រុមហ៊ុនឆ្នើមប្រចាំឆ្នាំ៖ ពានរង្វាន់នេះឆ្លុះបញ្ចាំងឲ្យឃើញនូវភាពជោគជ័យរបស់ក្រុមហ៊ុនក្នុងការលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីការធានារ៉ាប់រងអាយុជីវិតនៅកម្ពុជាក្នុងរយៈពេល ៦ ឆ្នាំកន្លងមកនេះ។
2. ពានរង្វាន់ទំនាក់ទំនងល្អជាមួយអតិថិជនប្រចាំឆ្នាំ៖ ពានរង្វាន់នេះតំណាងឱ្យកិច្ចខិតខំប្រឹងប្រែងរបស់បុគ្គលិក និងទីប្រឹក្សាធានារ៉ាប់រងរបស់ក្រុមហ៊ុនក្នុងការផ្តល់ជូននូវផលិតផល និងសេវាកម្មការពារហិរញ្ញវត្ថុដែលមានភាពចាំបាច់បំផុតដល់អតិថិជន។ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ក៏ទទួលបានពានរង្វាន់នេះកាលពីឆ្នាំមុនផងដែរ។
3. ពានរង្វាន់ភាពជាអ្នកដឹកនាំសកម្មភាពត្រូវសង្គមប្រចាំឆ្នាំ៖ ពានរង្វាន់នេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការគាំទ្រដល់សហគមន៍ក្នុងស្រុកតាមរយៈការឧបត្ថម្ភ និងសកម្មភាពសង្គមនានារបស់ក្រុមហ៊ុន។ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ក៏បានទទួលពានរង្វាន់នេះផងដែរកាលពីឆ្នាំមុន។
4. ពានរង្វាន់អគ្គនាយកប្រតិបត្តិឆ្នើមផ្នែកធានារ៉ាប់រងប្រចាំឆ្នាំ៖ ពានរង្វាន់ពិសេសមួយនេះត្រូវបានប្រគល់ដោយស្ថាប័ន APCSC ជូនដល់លោក Robert Elliott អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា។
លោក Robert Elliott មានប្រសាសន៍ថា៖ «ពានរង្វាន់នេះលើកទឹកចិត្តឱ្យយើងបន្តយកអតិថិជនជាគោល ក៏ដូចជាបន្តផ្តល់វិភាគទានហិរញ្ញវត្ថុនៅក្នុងសកម្មភាពសង្គមឲ្យកាន់តែទូលំទូលាយបន្ថែមទៀត។» លោក Elliott បានមានប្រសាសន៍បន្តថា៖«ខ្ញុំសូមថ្លែងអំណរគុណចំពោះស្ថាប័ន Asia Pacific Customer Service Consortium ដែលបានប្រគល់ពានរង្វាន់អគ្គនាយកប្រតិបត្តិឆ្នើមផ្នែកធានារ៉ាប់រងប្រចាំឆ្នាំមកដល់ខ្ញុំ ហើយខ្ញុំពិតជាមានភាពរីករាយ និងមានកិត្តិយសណាស់ដែលទទួលបានពានរង្វាន់នេះ។ ខ្ញុំក៏សូមអរគុណផងដែរដល់ក្រុមការងាររបស់ខ្ញុំនៅក្នុងក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ចំពោះការប្តេជ្ញាចិត្តក្នុងការកសាងអាជីវកម្ម និងធ្វើឱ្យក្រុមហ៊ុនរបស់យើងទទួលបានជោគជ័យក្នុងទីផ្សារកម្ពុជា។ ពួកគាត់បានផ្តល់ឱ្យខ្ញុំនូវទំនុកចិត្តយ៉ាងរឹងមាំមួយចំពោះអនាគតរបស់ក្រុមហ៊ុនក៏ដូចជាវិស័យធានារ៉ាប់រងអាយុជីវិតទាំងមូលនៅកម្ពុជា។»
លោក Jason Chu ប្រធានស្ថាប័ន APCSC បានមានប្រសាសន៍ថា៖ «ខ្ញុំសូមអបអរសាទរដល់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ដែលទទួលបានពានរង្វាន់អន្តរជាតិផ្នែកទំនាក់ទំនងអតិថិជនដ៏ល្អឥតខ្ចោះទាំងនេះ។ ភាពជាអ្នកដឹកនាំផ្នែកទំនាក់ទំនងអតិថិជននេះ គឺជាដំណើរនៃការធ្វើការជាក្រុមមួយ។ អ្នកដឹកនាំផ្នែកទំនាក់ទំនងអតិថិជនទាំងអស់កសាងទំនុកចិត្ត អនុវត្តតាមការសន្យារបស់ខ្លួន ពង្រឹងកិច្ចសហការជាក្រុម ហើយកសាងទំនាក់ទំនងប្រកបដោយទំនុកចិត្តយ៉ាងស៊ីជម្រៅជាមួយអតិថិជន និងបុគ្គលិក។ អ្នកដឹកនាំផ្នែកទំនាក់ទំនងអតិថិជនតែងតែមានទំនួលខុសត្រូវចំពោះការចូលរួមជាវិជ្ជមានដល់សហគមន៍ និងជនដែលជួបការខ្វះខាត។ យើងទន្ទឹងរង់ចាំមើលនូវសមិទ្ធផល និងការច្នៃប្រឌិតថ្មីៗរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ដើម្បីធ្វើឲ្យបទពិសោធន៏របស់អតិថិជនកាន់តែមានភាពប្រសើរឡើង និងបន្តការកសាងទំនាក់ទំនងអតិថិជនឲ្យកាន់តែរឹងមាំថែមទៀតនាពេលអនាគត។»