រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

មួកសុវត្ថិភាពសម្រាប់ក្រុមគ្រួសារ ជួយការពារកុមារនៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ព្រះរាជាណាចក្រកម្ពុជា-តាមរយៈការគាំទ្ររបស់ក្រុមហ៊ុនមេនូឡាយហ្វ៍ (Manulife)ទៅដល់ កម្មវិធី មួកសុវត្ថិភាពសម្រាប់គ្រួសារ  បានចែកជូនជាមួកសុវត្ថិភាពចំនួនជាង ១ ០០០មួកទៅដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាលសិស្សនៃសាលាបឋមសិក្សា ហ៊ុន សែន ក្រុង ដែលមានទីតាំងស្ថិតនៅក្នុងក្រុងព្រះសីហនុ។

ជាមួយគ្នានេះដែរ មាតាបិតា អាណាព្យាបាលសិស្ស ជាង ១០០នាក់ នឹងចូលរួមក្នុងសិក្ខាសាលាបណ្តុះបណ្តាលជាបន្តបន្ទាប់ដើម្បីលើកកម្ពស់ការពាក់មួកសុវត្ថិភាព។ កម្មវិធី មួកសុវត្ថិភាពសម្រាប់ក្រុមគ្រួសារ បានផ្តោតលើការចូលរួមចំណែករបស់មាតាបិតា អាណាព្យាបាលសិស្ស  ជាពិសេសអ្នកម្តាយដែលជាបុគ្គលគំរូដល់កូនៗជាកុមារក្នុងការពាក់មួកសុវត្ថិភាព។

កម្មវិធីនេះមានការចូលរួមពី តំណាងជាន់ខ្ពស់នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អភិបាលរងខេត្តព្រះសីហនុ អ្នកពាក់ព័ន្ធផ្នែកសុវត្ថិភាពចរាចរណ៍ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន មាតាបិតា អាណាព្យាបាលសិស្ស សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ បុគ្គលិក និងក្រុមការងាររដ្ឋបាលនៃសាលាបឋមសិក្សា ហ៊ុន សែនក្រុង អ្នកសារព័ត៌មាន បុគ្គលិកនៃក្រុមហ៊ុនមេនូឡាយហ្វ៍ ខេមបូឌា និងបុគ្គលិកនៃមូលនិធិបង្ការរបួសអាស៊ី។

ទោះបីជាកាលពីឆ្នាំ២០១៧នៅកម្ពុជា មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ប្រមាណ ៧៥ភាគរយជាអ្នកជិះម៉ូតូទោចក្រយានយន្ត តែមានអ្នកបើកបរជាមនុស្សពេញវ័យតែ ២៧ភាគរយ និងអ្នករួមដំណើរ រួមទាំងកុមារផងតែ ៨ភាគរយប៉ុណ្ណោះបានពាក់មួកសុវត្ថិភាព។ ការរងរបួស និងការស្លាប់ទាំងនេះអាចបង្ការបានតាមរយៈការពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ។

យោងតាមការសិក្សាស្រាវជ្រាវបានបង្ហាញថា ការពាក់មួកសុវត្ថិភាពបានត្រឹមត្រូវអាចកាត់បន្ថយហានិភ័យនៃការរងរបួសក្បាលធ្ងន់ធ្ងរ ៦៩ភាគរយ និងហានិភ័យនៃការស្លាប់បាន៤២ភាគរយ ។ កម្មវិធី មួកសុវត្ថិភាពសម្រាប់ក្រុមគ្រួសារ នឹងរួមចំណែកដោះស្រាយបញ្ហានៃការមិនពាក់មួកសុវត្ថិភាពដោយធ្វើការជាមួយនឹងមាតាបិតាអាណាព្យាបាលសិស្ស  ដែលជាអ្នកធ្វើការសម្រេចចិត្ត និងជាគំរូនៅក្នុងជីវិតរបស់កុមារ។ មាតាបិតាអាណាព្យាបាលសិស្ស  គឺជាអ្នកសម្រេចចិត្តដ៏ចម្បងក្នុងការទិញមួកសុវត្ថិភាពសម្រាប់កូនៗរបស់ពួកគេ និងជាអ្នកក្រើនរំលឹកដល់កុមារដើម្បីឱ្យពួកគេពាក់មួកសុវត្ថិភាពនៅរាល់ពេលជិះម៉ូតូ។

លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈ កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានមានប្រសាសន៍ថា៖ “មានការផ្សារភ្ជាប់គ្នាជាវិជ្ជមានរវាងចំ ណេះដឹងរបស់មាតាបិតាអំពីការពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ និងចំណេះដឹងរបស់កុមារអំពីការពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ"។ លោកជំទាវបានបន្ថែមទៀតថា៖ “រាជរដ្ឋាភិបាលពិតជាមានការគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាពិសេសការពាក់មួកសុវត្ថិភាពក្នុងចំណោមសិស្សានុសិស្សសំដៅកាត់បន្ថយ និងបង្ការការស្លាប់ និងការរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍។” 

ឯកឧត្តម ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ បានមានប្រសាសន៍ថា៖ “ខេត្តរបស់យើងមានការកើនឡើងនូវចំនួនអ្នកប្រើប្រាស់ផ្លូវថ្នល់ ហើយជាលទ្ធផលមានគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងជាបន្តបន្ទាប់។ ហើយក្នុងចំណោមជនរងគ្រោះទាំងនោះមួយចំនួនជាកុមារ។ យើងបានប្តេជ្ញាចិត្តកាត់បន្ថយចំនួនគ្រោះថ្នាក់ចរាចរណ៍ដោយគាំទ្រដល់កិច្ចសហការពីសំណាក់អាជ្ញាធរខេត្ត និងដៃគូពាក់ព័ន្ធដូចជា អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជនដែលផ្តោតលើការដោះស្រាយបញ្ហាសុវត្ថិភាពចរាចរណ៍សម្រាប់កុមារ។” 

លោក Robert Elliott អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅនៃក្រុមហ៊ុនមេនូឡាយហ្វ៍ ខេមបូឌា បាន មានប្រសាសន៍ថា៖ «យើងប្តេជ្ញាធ្វើការជាមួយអង្គការមូលនិធិបង្ការរបួសអាស៊ី និងរាជរដ្ឋាភិបាលកម្ពុជាដើម្បី ផ្តល់នូវអនាគតល្អប្រសើរសម្រាប់ក្រុមគ្រួសារនៅក្នុងសហគមន៍ដែលយើងប្រតិបត្តិការអាជីវកម្ម។ ចាប់តាំងពី ឆ្នាំ២០១២មក កម្មវិធី មួកសុវត្ថិភាពសម្រាប់គ្រួសារ បានផ្តល់នូវការអប់រំ និងជំនាញអំពីសុវត្ថិភាពចរាចរណ៍ ដល់សិស្សានុសិស្សចំនួនជាង ៤ ០០០នាក់ និងមាតាបិតាសិស្សចំនួនជាង ៨ ០០០នាក់។ តាមរយៈការអប់រំ នេះ យើងបានជួយដល់ក្រុមគ្រួសាររាប់ពាន់គ្រួសារឱ្យមានជម្រើសសុវត្ថិភាពល្អៗ និងបានចូលរួមកសាងសហ គមន៍ឱ្យកាន់តែមានសុវត្ថិភាពជាងមុន។»

លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា “សាលាបឋមសិក្សាហ៊ុនសែនក្រុងត្រូវបានជ្រើសរើសមកអនុវត្តកម្មវិធី ដោយសារតែទីតាំងជាតំបន់ដែលមានការប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍ខ្ពស់ ហើយសិស្សានុសិស្សត្រូវធ្វើដំណើរទៅមកសាលារៀនតាមផ្លូវដែលមានចរាចរណ៍មមាញឹកនៅក្នុងខេត្ដ។ សិស្សានុសិស្សរបស់សាលារៀននេះប្រមាណ ៩០ភាគរយធ្វើដំណើរទៅមកដោយជិះកង់ ឬតាមម៉ូតូជាមួយអាណាព្យាបាល។» លោកបានបញ្ជាក់ទៀតថា៖“កាលពីឆ្នាំកន្លងមកនេះ មានសិស្សម្នាក់បានស្លាប់បាត់បង់ជីវិត ហើយយ៉ាងហោចណាស់មានសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូចំនួនប្រាំពីរនាក់ទទួលរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍។ កម្មវិធី មួកសុវត្ថិភាពសម្រាប់គ្រួសារ នឹងផ្តល់នូវមួកសុវត្ថិភាពដែលមានគុណភាព និងការបណ្តុះបណ្តាលសុវត្ថិភាពចរាចរណ៍ដល់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងមាតាបិតាអាណាព្យាបាលសិស្សដែលរស់នៅក្នុងសហគមន៍ដែលងាយរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍។"

កម្មវិធី មួកសុវត្ថិភាពសម្រាប់គ្រួសារ នឹងត្រូវបានអនុវត្តនៅខេត្តព្រះសីហនុពេញមួយឆ្នាំសិក្សា២០១៨ ដល់ ២០១៩។ ការស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍បានកើនឡើងប្រមាណជិត ១០% នៅក្នុងខេត្តកាលពីឆ្នាំ២០១៧  ហើយបានធ្វើឱ្យខេត្តព្រះសីហនុក្លាយជាខេត្តដែលមានកម្រិតគ្រោះថ្នាក់ចរាចរណ៍ទី ១១ខ្ពស់ជាងគេ។ គោលដៅរបស់អង្គការមូលនិធិបង្ការរបួសអាស៊ី គឺបន្តបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃការពាក់មួកសុវត្ថិភាពសម្រាប់ប្រជាជនទាំងអស់នៅក្នុងខេត្តព្រះសីហនុ។