ព្រះរាជាណាចក្រកម្ពុជា - នៅព្រឹកថ្ងៃអាទិត្យ ទី ៣ ខែធ្នូ ឆ្នាំ ២០១៧ អ្នករត់ប្រណាំងរាប់ពាន់នាក់មកពីជុំវិញពិភពលោក នឹងជួបជុំគ្នានៅឧទ្យានបុរេប្រវត្តិអង្គរក្នុងខេត្តសៀមរាប ដែលជាទីតាំងបេតិកភ័ណ្ឌពិភពលោករបស់អង្គការ UNESCO ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុង នៅអង្គរវត្តលើកទី ២២ ដែលត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។
ក្រោមការឧបត្ថម្ភធំពីក្រុមហ៊ុន មេនូឡាយហ្វ៍ និងការរៀបចំដោយ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កម្មវិធីរត់ប្រណាំងនេះ មានគោលបំណងលើកកម្ពស់សុខភាព និងសុខុមាលភាព ព្រមទាំងរៃអង្គាសមូលនិធិមនុស្សធម៌ដើម្បីគាំទ្រដល់ អង្គការដែលជួយដល់កុមារក្រីក្រ និងជនរងគ្រោះដោយគ្រាប់មីននៅក្នុងប្រទេសកម្ពុជា ដែលក្នុងនោះរួមមានមន្ទីរពេទ្យកុមារគន្ធបុផ្ផា មន្ទីរពេទ្យកុមារអង្គរ កាកបាទក្រហមកម្ពុជា និងអង្គការសប្បុរសធម៌ដទៃទៀតនៅក្នុងប្រទេសកម្ពុជា។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង ជាអនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍បានមានប្រសាសន៍ថា៖ «កាលពីឆ្នាំមុន យើងទទួលបានជោគជ័យដ៏អស្ចារ្យមួយ ដោយទទួលបានអ្នកចូលរួមរត់ប្រណាំងជាង ៩ ០០០ នាក់ ដែលអញ្ជើញមកពីប្រទេសផ្សេងៗគ្នា ចំនួនជិត ៨០ ប្រទេស នៅក្នុងព្រឹត្តិការណ៍រត់ប្រណាំងមួយនេះ។ ជាមួយនឹងការគាំទ្រយ៉ាងពេញទំហឹងពីក្រុមហ៊ុន មេនូឡាយហ្វ៍ ក៏ដូចជាម្ចាស់ឧបត្ថម្ភផ្សេងៗទៀត ខ្ញុំមានសុទិដ្ឋិនិយមថា ព្រឹត្តិការណ៍នេះនឹងបន្តទទួលបានជោគជ័យ និងក្លាយទៅជាកម្មវិធីរៃអង្គាសថវិកាដ៏សំខាន់មួយ ដើម្បីបម្រើគោលដៅសប្បុរសធម៌នៅកម្ពុជាផងដែរ។ យើងរត់ដើម្បីសុខភាព សុខុមាលភាព និងរត់ដើម្បីសហគមន៏ ដែលត្រូវការការជួយគាំទ្រពីយើងខ្លាំងបំផុត។»
តាមរយៈការគាំទ្រពី គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រុមហ៊ុន មេនូឡាយហ្វ៍ បានធ្វើការរៃអង្គាសថវិកាពីបុគ្គលិករបស់ខ្លួន នៅជុំវិញពិភពលោកដើម្បីបរិច្ចាគជូនដល់ មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប និងសកម្មភាពមនុស្សធម៌ផ្សេងៗទៀត ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍រត់ប្រណាំងនេះ។
លោក Robert Elliott អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានមានប្រសាសន៍ថា៖ «គោលដៅចម្បងរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា គឺជួយកសាងអនាគតដ៏ប្រសើរជាងមុនមួយ សម្រាប់ក្រុមគ្រួសារកម្ពុជា។ ការរស់នៅប្រកបដោយសុខភាពល្អមានសារៈសំខាន់ណាស់ ក្នុងការជួយយើងឱ្យសម្រេចបាននូវ ទស្សនវិស័យរយៈពេលវែងនេះ។ ហេតុដូច្នេះហើយទើបយើងខិតខំប្រឹងប្រែង លើកម្ពស់ការរស់នៅប្រកបដោយសុខភាពល្អ និងភាពសកម្មនៅក្នុងសហគមន៍កម្ពុជា។ ការទទួលបានឱកាស ដើម្បីគាំទ្រព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង នៅអង្គរវត្តនេះ ស្របគ្នាយ៉ាងល្អបំផុតទៅនឹងទស្សនវិស័យរបស់យើង។» លោក Robert បន្ថែមថា៖ «ក្នុងឆ្នាំនេះ យើងមានការតាំងពិព័រណ៍មួយដែលមានឈ្មោះថា ManulifeMOVE Fitness Fair ដែលកម្មវិធីនោះ នឹងមានសកម្មភាពកម្សាន្តជាច្រើនទាក់ទងនឹងការលើកកម្ពស់ការរស់នៅប្រកបដោយសុខភាពល្អ។ កម្មវិធីតាំងពិព័រណ៍នេះ នឹងបើកសម្រាប់អ្នកចូលរួមរត់ប្រណាំង ភ្ញៀវទេសចរ ព្រមទាំងប្រពលរដ្ឋក្នុងសហគមន៍ ក្នុងអំឡុងពេលចុងសប្តាហ៏នៃព្រឹត្តិការណ៍រត់ប្រណាំងនេះ។»
អ្នករត់ប្រណាំងប្រមាណ ៥០០ នាក់ បានចូលរួមទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង នៅអង្គរវត្តជាលើកដំបូងនៅឆ្នាំ ១៩៩៦ ហើយព្រឹត្តិការណ៍នេះ កាន់តែមានប្រជាប្រិយភាពខ្លាំងឡើង ខណៈដែលចំនួនអ្នករត់ប្រណាំង បន្តកើនឡើងជារៀងរាល់ឆ្នាំ។ កាលពីឆ្នាំមុនអ្នករត់ប្រណាំងចំនួន ៩,១២៥ នាក់មកពី ៧៧ ប្រទេសបានចូលរួមក្នុងកម្មវិធីនេះ ហើយបានធ្វើឱ្យព្រឹត្តិការណ៍ដ៏អស្ចារ្យនេះរួមចំណែកយ៉ាងសំខាន់ ក្នុងវិស័យទេសចរនៅកម្ពុជាផងដែរ។
ការរត់ប្រណាំងនេះនឹងចាប់ផ្តើមនៅម៉ោង ៥:៥០ នាទីព្រឹក ហើយអ្នករត់ប្រណាំងអាចចូលរួមក្នុងចម្ងាយប្រកួតចំនួន ៣ ប្រភេទ ដែលក្នុងនោះមានចម្ងាយ ២១ គីឡូម៉ែត្រ ១០ គីឡូម៉ែត្រ ឬ ៣ គីឡូម៉ែត្រ។
លោកអ្នកអាចទាញយកកម្មវិធីទូរស័ព្ទ របស់ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង នៅអង្គរវត្តឆ្នាំ ២០១៧ (Angkor Wat Half Marathon 2017) តាមរយៈប្រព័ន្ធប្រតិបត្តិការ iOS ឬ Android។ កម្មវិធីនេះនឹងជួយឱ្យលោកអ្នក ត្រៀមលក្ខណៈក្នុងការរត់ប្រណាំង ក៏ដូចជាមានការណែនាំក្នុងការហ្វឹកហាត់ ដើម្បីជួយឱ្យការរត់ប្រណាំងរបស់អ្នក ប្រព្រឹត្តទៅបានល្អបំផុត។ ក្នុងនោះក៏មានគន្លឹះជាច្រើន សម្រាប់ជាជំនួយក្នុងការធ្វើដំណើរ ដើម្បីទៅចូលរួមក្នុងព្រឹត្តិការណ៍នេះផងដែរ។