រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

ក្រុម​ហ៊ុន​ មេនូឡាយហ្វ៍​ ខេមបូឌា​ ប្រារព្ធខួប ៥ ឆ្នាំក្នុងព្រះរាជាណាចក្រកម្ពុជា

Photo by KPR, Cambodia's Number 1 Event Photography Service Since 2010. More info http://qr.KPR.nu

ភ្នំពេញ, កម្ពុជា  – នៅថ្ងៃនេះក្រុមហ៊ុន មេនូឡាយហ្វ៍ ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ឈានមុខលំដាប់ពិភពលោកមួយ បានប្រារព្ធខួបប្រាំឆ្នាំរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន មេនូឡាយហ្វ៍ ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដែលមានភាគហ៊ុនបរទេស ១០០% ដំបូងគេបំផុតនៅប្រទេសកម្ពុជា នៅពេលដែលក្រុមហ៊ុន បានចាប់ដំណើរការអាជីវកម្ម កាលពីខែមិថុនា ឆ្នាំ២០១២។ ព្រឹត្តិការណ៌ដ៏សំខាន់នេះឆ្លុះបញ្ចាំងឱ្យឃើញ ពីការវិនិយោគរបស់ក្រុមហ៊ុន មកលើអនាគតរបស់ប្រទេសកម្ពុជា តាមរយៈការផ្ដល់ជូន នូវសន្តិសុខផ្នែកហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជាជាង ៤០ ០០០ នាក់។ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌាបានសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការនាំយកវិស័យធានារ៉ាប់រងអាយុជីវិតមកកាន់ទីផ្សារកម្ពុជា តាមរយៈបណ្ដាញចែកចាយផ្សេងៗគ្នា វគ្គសិក្ខាសាលាអប់រំ និងសកម្មភាពទីផ្សារបែបយុទ្ធសាស្រ្តនៅទូទាំងប្រទេស។ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតតែមួយគត់ ដែលបានពង្រីកខ្លួនយ៉ាងលឿន ទៅកាន់ខេត្តសំខាន់ៗរួមមាន ខេត្តសៀមរាបក្នុងឆ្នាំ ២០១៤ ខេត្តបាត់ដំបងក្នុងឆ្នាំ ២០១៥ និងខេត្តកំពង់ចាម ក្នុងឆ្នាំ ២០១៦។​

លោក​ Robert Elliott​ អគ្គ​នាយក​ប្រតិបត្តិ​ និង​នាយក​ចាត់​ការ​ទូទៅ​នៃ​ក្រុម​ហ៊ុន​ មេនូឡាយហ្វ៍​ ខេមបូឌា​ មាន​ប្រសាសន៍​ថា​៖ ​«យើងពិតជាមានមោទនភាពខ្លាំងណាស់ ក្នុងនាមជាក្រុមហ៊ុនអន្តរជាតិដំបូងគេ ក្នុងការត្រួសត្រាយផ្លូវសម្រាប់ វិស័យធានារ៉ាប់រងអាយុជីវិតក្នុងប្រទេសកម្ពុជា។ បុគ្គលិក និងបណ្ដាញផ្នែកលក់ ដែលពោរពេញដោយការប្ដេជ្ញាចិត្តខ្ពស់របស់យើង ដែលសុទ្ធតែមានការតាំងចិត្តខ្ពស់ ដើម្បីធ្វើឱ្យមានភាពផ្លាស់ប្ដូរជាវិជ្ជមានមួយ សម្រាប់អតិថិជនរបស់យើង រួមជាមួយដៃគូអាជីវកម្មរបស់យើង និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមចំណែកយ៉ាងសំខាន់ក្នុងភាពជោគជ័យរបស់យើង។​»​ លោក Robert ​បន្ថែម​ថា​​៖​ «យើងនឹងបន្ត ឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនយើង ហើយយើងនឹងនៅតែបន្តការប្ដេជ្ញាចិត្ត ក្នុងការកសាងសហគមន៍ក្នុងស្រុកមួយ ប្រកបដោយនិរន្តរភាព តាមរយៈការផ្ដល់ជូនដល់ប្រជាជនកម្ពុជានូវការការពារផ្នែកហិរញ្ញវត្ថុ។​»​

លោក​ Roy Gori អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន មេនូឡាយហ្វ៍ មានប្រសាសន៍ថា៖ ​«ពួកយើងពិតជាមានមោទនភាពណាស់ ដែលបានឃើញការរីកចម្រើនយ៉ាងខ្លាំង នៃអាជីវកម្មរបស់យើង នៅប្រទេសកម្ពុជាក្នុងរយៈពេលប្រាំឆ្នាំនេះ បន្ទាប់ពីការឈានចូលទីផ្សារមួយនេះ ហើយយើងប្ដេជ្ញាចិត្តយ៉ាងពេញទំហឹង ក្នុងការជួយដល់អតិថិជនរបស់យើង ដើម្បីសម្រេចឱ្យបាននូវក្ដីសុបិន និងបំណងប្រាថ្នារបស់ពួកគាត់។ ជាមួយនឹងសេដ្ឋកិច្ចដ៏រឹងមាំរបស់ប្រទេសកម្ពុជា និងការកើនឡើងនូវចំនួនប្រជាជន ដែលមានជីវភាពធូរធារ ប្រទេសកម្ពុជាបានក្លាយជាទីផ្សារមួយដ៏សំខាន់ នៃអាជីវកម្មរបស់យើងនៅតំបន់អាស៊ី ដែលនេះគឺជាចំណុចដ៏សំខាន់មួយនៃការរីកចម្រើនរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ជាសកល។»​

Photo by KPR, Cambodia's Number 1 Event Photography Service Since 2010. More info http://qr.KPR.nu

ចាប់តាំងពីឆ្នាំ ២០១២ មកក្រុមហ៊ុន មេនូឡាហ្វ៍ ខេមបូឌា បានចាប់ដៃគូជាមួយធនាគារល្បីៗនៅក្នុងប្រទេស ដែលរួមមានដូចជាធនាគារ ANZ Royal ធនាគារ Maybank ធនាគារ ABA ធនាគារ FTB និងធនាគារ CIMB ដើម្បីផ្ដល់ជូននូវដំណោះស្រាយនៃការធានារ៉ាប់រងអាយុជីវិត និងការសន្សំទៅកាន់អតិថិជនរបស់ធនាគារជាដៃគូនៅទូទាំងប្រទេស។ ខណៈពេលដែលអាជីវកម្មរបស់ក្រុមហ៊ុន កំពុងមានការរីកចម្រើន ក្រុមហ៊ុនក៏មានការរួមចំណែកយ៉ាងសកម្មផងដែរ ក្នុងការជួយដល់សហគមន៍កម្ពុជាដោយមានធ្វើការ បរិច្ចាគថវិកាជាងកន្លះលានដុល្លារសហរដ្ឋអាមេរិក ទៅកាន់សហគមន៍តាមរយៈសកម្មភាពសង្គម និងការឧបត្ថម្ភនានារបស់ក្រុមហ៊ុន។