ភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា – កាលពីថ្ងៃទី ១៧ ខែមិថុនា ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ទទួលបានពានរង្វាន់ភាពជាអ្នកដឹកនាំផ្នែកទំនួលខុសត្រូវសង្គមប្រចាំឆ្នាំ និងពានរង្វាន់ទំនាក់ទំនងល្អជាមួយអតិថិជនប្រចាំឆ្នាំ ពីស្ថាប័ន Asia Pacific Customer Service Consortium។ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ជាក្រុមហ៊ុនតែមួយគត់នៅក្នុងប្រទេសកម្ពុជាដែលទទួលបានពានរង្វាន់នេះក្នុងប្រវត្ថិសាស្រ្តរបស់ស្ថាប័ន APCSC ជិត ២០ ឆ្នាំមកនេះ។ APCSC គឺជាស្ថាប័នអន្តរជាតិមួយដែលលើកកម្ពស់ផ្នែកទំនាក់ទំនងអតិថិជន ក្នុងបណ្តាក្រុមហ៊ុននានានៅក្នុងតំបន់។
ពានរង្វាន់ទំនាក់ទំនងល្អជាមួយអតិថិជនប្រចាំឆ្នាំ បង្ហាញឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់បុគ្គលិក និងទីប្រឹក្សាធានារ៉ាប់រងរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ក្នុងការជួយកសាងអនាគតហិរញ្ញវត្ថុដ៏ប្រសើរជាងមុនមួយសម្រាប់គ្រួសារកម្ពុជា តាមរយៈការផ្តល់ជូននូវផលិតផល និងសេវាកម្មការពារហិរញ្ញវត្ថុរបស់ខ្លួន។ ពានរង្វាន់ទី ២ ដែលជាពានរង្វាន់ភាពជាអ្នកដឹកនាំផ្នែកទំនួលខុសត្រូវសង្គមប្រចាំឆ្នាំ បង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការគាំទ្រដល់សហគមន៍ក្នុងស្រុកតាមរយៈការឧបត្ថម្ភ និងសកម្មភាពសង្គមរបស់ក្រុមហ៊ុន ដែលត្រូវបានធ្វើឡើងតាំងពីឆ្នាំ ២០១២ ។
លោក Robert Elliott អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា មានប្រសាសន៍ថា៖ «ក្រុមហ៊ុន មេនូឡាយហ្វ៍ មានគោលដៅជួយដល់ប្រជាជនដើម្បីសម្រេចឲ្យបាននូវក្តីសុបិន និងបំណងប្រាថ្នារបស់ពួកគេ នេះជាមូលហេតុដែលយើងតែងតែដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រ និងលើកស្ទួយដល់សហគមន៍។ យើងមានមោទនភាពខ្លាំងណាស់ដែលយើងបានក្លាយជាផ្នែកមួយនៃកម្មវិធីប្រគល់ពានរង្វាន់ដ៏មានអស្ចារ្យនេះ។» លោកបានបន្ថែមថា៖ «យើងពិតជាមានកិត្តិយសណាស់ដែលបានឈ្នះពានរង្វាន់ទាំងពីរនេះ។ ភាពជោគជ័យនេះលាតត្រដាងឲ្យឃើញថា យើងកំពុងដើរលើផ្លូវដ៏ត្រឹមត្រូវមួយ ហើយភាពជោគជ័យនេះនឹងកាន់តែលើកទឹកចិត្តឱ្យយើងនៅតែបន្តផ្តល់ជូននូវសុវត្ថិភាពហិរញ្ញវត្ថុដល់គ្រួសារកម្ពុជាជាច្រើនទៀត ក៏ដូចជាបន្តវិនិយោគនៅក្នុងសកម្មភាពសង្គមឲ្យកាន់តែទូលំទូលាយបន្ថែមទៀត។»
លោក Jason Chu ប្រធានស្ថាប័ន APCSC បានមានប្រសាសន៍ថា៖ «ខ្ញុំសូមអបអរសាទរដល់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ដែលទទួលបានពានរង្វាន់អន្តរជាតិផ្នែកទំនាក់ទំនងអតិថិជនដ៏ល្អឥតខ្ចោះ ។ ភាពជាអ្នកដឹកនាំផ្នែកអតិថិជននេះ គឺជាដំណើរចំណងទំនាក់ទំនងមួយ។ អ្នកដឹកនាំផ្នែកទំនាក់ទំនងអតិថិជនទាំងអស់កសាងទំនុកចិត្ត អនុវត្តតាមការសន្យារបស់ខ្លួន ពង្រឹងកិច្ចសហការជាក្រុម ហើយកសាងទំនាក់ទំនងប្រកបដោយទំនុកចិត្តយ៉ាងស៊ីជម្រៅជាមួយអតិថិជន និងបុគ្គលិករបស់យើង។ អ្នកដឹកនាំផ្នែកទំនាក់ទំនងអតិថិជន គឺជាអ្នកដឹកនាំនូវសកម្មភាពបរិស្ថាន និងសង្គម ដែលមានការទទួលខុសត្រូវចំពោះផលប៉ះពាល់ជាវិជ្ជមានដល់សហគមន៍ និងជនក្រីក្រ។ យើងទន្ទឹងរង់ចាំមើលនូវសមិទ្ធិផល និងការច្នៃប្រឌិតថ្មីៗរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ដើម្បីធ្វើឲ្យបទពិសោធន៏របស់អតិថិជនកាន់តែប្រសើរឡើង និងកសាងទំនាក់ទំនងអតិថិជន ឲ្យកាន់តែរឹងមាំនៅក្នុងឆ្នាំខាងមុខ។»
ជារៀងរាល់ឆ្នាំ ពានរង្វាន់ផ្នែកទំនាក់ទំនងអតិថិជនដ៏ល្អឥតខ្ចោះ តែងតែទទួលស្គាល់អ្នកដឹកនាំនៅក្នុងវិស័យនានា និងបុគ្គលឆ្នើម សម្រាប់ការច្នៃប្រឌិតសេវាកម្មដែលយកអតិថិជនជាគោលដើម្បីផ្តល់ជូននូវដំណោះស្រាយដែលប្រកបដោយគុណភាពទៅកាន់អតិថិជន។ អ្នកដែលចូលរួមទាំងអស់អញ្ជើញមកពីវិស័យផ្សេងៗគ្នាក្នុងលំដាប់អន្តរជាតិដោយពួកគេបង្ហាញពីភាពជោគជ័យក្នុងអាជីវកម្មរបស់ពួកគេ ការអនុវត្តដ៏ល្អបំផុតនិងភាពជាអ្នកដឹកនាំផ្នែកទំនាក់ទំនងអតិថិជនដ៏ល្អឥតខ្ចោះ។