រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

កម្មវិធីមួកសុវត្ថិភាពសម្រាប់គ្រួសារ ត្រូវបានពង្រីកទៅកាន់ខេត្តកំពង់ចាម

កំពង់ចាម, ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧  - កម្មវិធីមួកសុវត្ថិភាពសម្រាប់គ្រួសារ ដែលទទួលបានការគាំទ្រពី ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា​ បានប្រារព្ធពិធីអបអរខួប ៦​ ឆ្នាំ​ របស់ខ្លួនតាមរយៈការពង្រីកការអប់រំអំពីសុវត្ថិភាព ចរាចរណ៍ទៅកាន់សាលាបឋមសិក្សាវាលវង់ ស្ថិតក្នុងខេត្តកំពង់ចាម។ ក្នុងឆ្នាំនេះកម្មវិធីបានផ្តល់មួក​សុវត្ថិ​ភាព ​ដែលមានគុណភាព​ជាង ១,០០០ មួកសុវត្ថិភាពដល់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងមាតាបិតា​សិស្ស។ ជាមួយគ្នានេះដែរ​​កម្មវិធីក៏ផ្តល់នូវការអប់រំដល់សិស្សានុសិស្ស សំដៅ​បង្កើនការយល់ដឹងរបស់​ពួកគេ​អំពី​សុវត្ថិភាព​ចរាចរណ៍​​ផង​ដែរ​។

ឯកឧត្តម គួច ចំរើន  អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍៖ «កាលពីឆ្នាំ២០១៦ មានមនុស្ស ៨៦ នាក់ បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងខេត្តរបស់យើង ដែលចំនួននេះស្មើនឹង ៥ ​ភាគរយ នៃចំនួនអ្នកស្លាប់សរុបនៅទូទាំងប្រទេស។»​ ​ឯកឧត្តមអភិបាលបានបន្ថែមទៀតថា៖ «​វាពិតជាមិន​អាចទៅរួចទេ ក្នុងការវាស់វែងពីទំហំនៃការឈឺចាប់ ​និងការទទួលរងនូវការបាត់បង់ទាំងឡាយ បណ្តាលមក​ពីគ្រោះ​ថ្នាក់​ចរាចរណ៍។​ ប៉ុន្តែការបំពេញ​ការងារជាមួយអង្គការមូលនិធិបង្ការរបួសអាស៊ី និងក្រុមហ៊ុន មេនូ​ឡាយហ្វ៍ ខេមបូឌា​ លើកម្មវិធីមួកសុវត្ថិភាពសម្រាប់ក្រុមគ្រួសារនេះ គឺជាជំហានដ៏សំខាន់មួយ ឆ្ពោះទៅធ្វើឱ្យការធ្វើចរា​ចរណ៍របស់​ប្រជាពល​រដ្ឋ​​នៅក្នុងសហគមន៍របស់យើង កាន់តែមានសុវត្ថិភាព។»​

លោកជំទាវ​ មឹន មាណវី  រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈ កម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានមានប្រសាសន៍ថា៖ «ជារៀងរាល់ឆ្នាំនៅកម្ពុជាមានអ្នកស្លាប់ ដោយសារ​គ្រោះថ្នាក់ចរាចរណ៍ប្រមាណជិត ២០០០ នាក់។»​ លោកជំទាវ​បានមានប្រសាសន៍បន្ថែមទៀតថា៖ «​ដោយសារ​ទោចក្រ​យាន​យន្ត​(ម៉ូតូ) និង ទោចក្រយានយន្តសណ្តោងរ៉ឺម៉ក មានរហូតដល់ទៅ ៨៣ ភាគ រយនៃយានយន្តសរុប​ដែលកំពុងធ្វើ​ចរាចរណ៍នៅលើដងផ្លូវក្នុងប្រទេសកម្ពុជា ដូច្នេះកម្មវិធីមួកសុវត្ថិភាព សម្រាប់គ្រួសារពិតជាមាន​សារៈសំខាន់ណាស់ ក្នុងការកសាងចំណេះដឹងសុវត្ថិភាពចរាចរណ៍ និងធ្វើឱ្យ​កុមាររបស់យើងកាន់តែមានសុវត្ថិភាព។ ខណៈដែលកម្មវិធីនេះបន្តសកម្មភាពរបស់ខ្លួន ចំនួនមួកសុវត្ថិ​ភាពដែលផ្តល់ជូន ព្រមទាំងសកម្មភាពពង្រឹងការយល់ដឹង​នឹងត្រូវបង្កើន​ហើយនឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍​នៅ​កម្ពុជា។»​

គិតចាប់ពីពេលប្រកាសផ្តើមអនុវត្តកម្មវិធីក្រោមភាពជាដៃគូ ជាមួយក្រុមហ៊ុនមេនូឡាយហ្វ៍​ ខេមបូឌា កាលពីឆ្នាំ២០១២ កម្មវិធីមួកសុត្ថិភាពសម្រាប់គ្រួសារ បានផ្តល់មួកសុវត្ថិភាពប្រមាណជិត ៥០០០ មួក និងសិក្ខា សាលាបណ្តុះបណ្តាលអំពីសុវត្ថិភាពចរាចរណ៍ចំនួន ១៨ លើកដល់លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋទូទៅ ប្រមាណ​៦០០នាក់​។

លោក  Robert Elliott ​អគ្គ​នាយក​ប្រតិបត្តិ​​ និង​នាយក​ចាត់​ការ​ទូទៅ​នៃ​ក្រុម​ហ៊ុន​ មេនូឡាយហ្វ៍​ ខេមបូឌា​ បានមាន​ប្រសាសន៍ថា៖ «​យើងប្តេជ្ញាក្នុងការកសាង​អនាគតដ៏ល្អប្រសើរ សម្រាប់គ្រួសារទាំងឡាយ នៅក្នុងសហ​គមន៍​ដែល​យើងកំពុងធ្វើ​ប្រតិបត្តិការអាជីវកម្ម​។ កម្មវិធីមួកសុត្ថិភាពសម្រាប់គ្រួសារនេះ គឺជាផ្នែកមួយដ៏សំខាន់ នៃកិច្ចខិតខំ​ប្រឹងប្រែងរបស់យើង ដើម្បីធានាសុវត្ថិភាពជូនកុមារ និងក្រុមគ្រួសារកម្ពុជា តាមរយៈការ​ផ្តល់​ការអប់រំដល់​ពួកគេអំពី​សុវត្ថិភាព​ចរា​ចរណ៍​ និងសារៈសំខាន់នៃការពាក់មួកសុវត្ថិភាព ដែលមានគុណភាព នៅពេលធ្វើដំណើរតាមម៉ូតូ ឬកង់នៅ​លើដងផ្លូវ។»​

លោក គឹម បញ្ញា  នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖ «សាលាបឋមសិក្សាវាលវង់ ត្រូវបានជ្រើសរើសមកអនុវត្តកម្មវិធី ​ដោយសារតែទីតាំងជាតំបន់ ដែលមានប្រឈមនឹង គ្រោះថ្នាក់​ចរាចរណ៍​ខ្ពស់ ហើយសិស្សានុសិស្សត្រូវធ្វើដំណើរទៅមក សាលារៀនតាមផ្លូវ ដែលមានចរា​ចរណ៍មមាញឹកនៅក្នុងខេត្ដ។​ សិស្សានុសិស្សរបស់សាលារៀននេះ ប្រមាណ ៨០ ភាគរយធ្វើដំណើរទៅម​ក​ដោយជិះកង់ ឬតាមម៉ូតូជាមួយ​អាណាព្យាបាល។»​ លោកបានបញ្ជាក់ទៀតថា៖ «​កាលពីឆ្នាំសិក្សា២០១៦-២០១៧ មានសិស្សានុ​សិស្ស​​៥នាក់ និង​លោកគ្រូ អ្នកគ្រូចំនួន ៤ នាក់នៃសាលាបឋម​សិក្សាវាលវង់ បាន​ទទួល​រងរបួសដោយ​សារគ្រោះថ្នាក់ចរាចរណ៍។ ដូច្នេះកម្មវិធីមួកសុវត្ថិភាពសម្រាប់គ្រួសារ នឹងផ្តល់មួក​សុវត្ថិ​ភាព ដែលមានគុណភាព រួមជាមួយនឹងការបណ្តុះបណ្តាល ​អំពីសុវត្ថិភាពចរាចរណ៍ដល់សិស្សានុ​សិស្ស លោកគ្រូ អ្នកគ្រូ និងអ្នករស់នៅក្នុងសហគមន៍ ដែលងាយរងគ្រោះបំផុត។»​

ចូលរួមនៅក្នុងអង្គពិធីនេះ​រួមមាន៖ សិស្សានុសិស្ស​ លោកគ្រូ អ្នកគ្រូ មន្រ្តីរាជការ អ្នកសារព័ត៌មាន ​និងសមា​ជិក​សហ​គមន៍ប្រមាណ ១០០០ នាក់។ គណៈអធិបតីក្នុងអង្គពិធីរួមមាន៖ លោកជំទាវ មឹន មាណវី រដ្ឋលេខា​ធិ​ការ​ក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តកំពង់ចាម លោក Robert Elliott អគ្គ​នាយក​ប្រតិបត្តិ​​ និង​នាយក​ចាត់​ការ​ទូទៅ​នៃ​ក្រុម​ហ៊ុន​ មេនូឡាយហ្វ៍​ ខេមបូឌា និងលោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំប្រទេសកម្ពុជា។