រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

វគ្គ​សិក្ខា​សាលា​លើក​ដំបូង​បំផុត ស្ដី​ពី​ការ​វិភាគ​ហានិភ័យ​ធានារ៉ាប់​រង​នៅ​កម្ពុជា!

ព្រះ​រាជា​ណាចក្រ​កម្ពុជា​ -  កាល​ពី​ថ្ងៃ​ទី​ ៩​ ខែ​តុលា​ ឆ្នាំ​ ២០១៧​ នេះ​ សមាគមធានា​រ៉ាប់​រង​កម្ពុជា​បាន​សហការ​ជាមួយ​សមាគម​អ្នក​គណនា​ហានិភ័យ ​នៃ​ប្រទេស​សិង្ហបុរី​ ដើម្បី​រៀប​ចំ​វគ្គ​សិក្ខាសាលាស្ដីពី​អាជីវកម្ម​ធានារ៉ាប់រង​ ដែល​ធ្វើ​ឡើង​ក្រោម​ប្រធាន​បទ​ «​ទិដ្ឋ​ភាព​​នៃ​​ក្រប​ខ័ណ្ឌ​វិភាគ​​ និង​គណនា​ហានិភ័យ​» ដែល​នេះ​ជា​វគ្គ​សិក្ខា​សាលា​ទ្រង់​ទ្រាយ​ធំ​ដំបូង​បំផុត ​សម្រាប់​វិស័យ​ធានារ៉ាប់​រង​នៅ​កម្ពុជាពាក់​ព័ន្ធ​នឹង​ការ​វិភាគ​ហានិភ័យ​។​ ក្រោម​ការ​គាំ​ទ្រ​ពី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញ​វត្ថុ នៃព្រះរាជាណាចក្រ​កម្ពុជា​ កម្មវិធី​នេះ​ប្រព្រឹត្ត​ទៅ​រយៈ​ពេល​ ២​ ថ្ងៃ​គឺ​នៅ​ថ្ងៃ​ច័ន្ទ​ និង​អង្គារ​ ដែល​ត្រូវ​នឹង​ថ្ងៃ​ទី​ ៩​ និង​ទី​ ១០​ ខែ​តុលា​ ឆ្នាំ​ ២០១៧​ នេះ​ដោយ​មាន​ការអញ្ជើញ​ចូល​រួម​ពី ​ឯកឧត្តមបណ្ឌិត​ ម៉ី វ៉ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រម​ទាំង​អ្នក​តំណាង​អញ្ជើញ​ មក​ពី​បណ្ដា​ក្រុម​ហ៊ុន​ធានារ៉ាប់​រង​​ទាំង​អស់ ​នៅ​កម្ពុជា​ ទាំង​ក្រុម​ហ៊ុន​ធានារ៉ាប់​រង​អាយុជីវិត​ និង​ក្រុម​ហ៊ុន​ធានារ៉ាប់​រង​មិន​មែន​អាយុជីវិត​។​ វគ្គសិក្ខា​សាលា​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បីលើកកម្ពស់ចំណេះដឹង និងជំនាញ ដល់បុគ្គលិកវិជ្ជាជីវៈធានារ៉ាប់រងនៅកម្ពុជា​ឲ្យកាន់តែមានសមត្ថភាពខ្ពស់ ដើម្បីផ្តល់សេវាកម្ម និងចូលរួមអភិវឌ្ឍ ទីផ្សារ​ធានារ៉ាប់រងឱ្យ​កាន់តែមានប្រសិទ្ធ​ភាពបន្ថែម​ទៀត​។​ ការ​រៀប​ចំ​ឱ្យ​មាន​កម្មវិធី​នេះ​ឡើង ​ដើរ​ស្រប​គ្នា​យ៉ា​ង​ល្អ​បំផុតនៅ​ក្នុង​វិស័យ​ធានា​រ៉ាប់​រង ​ព្រោះ​ការ​វិភាគ​ និង​ការ​ទទួល​យក​ហានិភ័យ ​គឺ​ជា​ចំណុច​ស្នូល​នៃ​អាជីវកម្ម​នេះ​។​

លោក​ ហ៊ុយ​ វ៉ា​ថារ៉ូ​ ប្រធាន​សមាគមន​ធានា​រ៉ាប់​រង​កម្ពុជា​ មាន​ប្រសាសន៍​ក្នុង​កិច្ច​ស្វាគមន៍​ នៃ​កម្មវិធី​នេះ​ថា​៖ ​«​ដោយសារតែភាពក្មេងខ្ចី នៃវិស័យធានារ៉ាប់រងរបស់កម្ពុជាយើង កង្វះបុគ្គលិក​វិជ្ជាជីវៈក្នុងស្រុក ​គឺជាបញ្ហាប្រឈមមួយ។ សមាគមធានារ៉ាប់រងកម្ពុជា បាននិងកំពុងប្រឹងប្រែង គ្រប់លទ្ធភាពដោយ​សហការ​យ៉ាង​ជិត​ស្និទ្ធ​ ជា​មួយ​ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញ​វត្ថុ​ ប្រតិបត្តិករ​ធានារ៉ាប់​រង​ និង​ភាគី​ពាក់​ព័ន្ធ​ទាំង​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​ដើម្បីរៀបចំ​ឲ្យបុគ្គលិកធានារ៉ាប់រងវិជ្ជាជីវៈ នៅ​កម្ពុជា​ មានឱកាសបង្កើនចំណេះដឹងជំនាញរបស់ខ្លួន លើគ្រប់ផ្នែកនៃខ្សែសង្វាក់អាជីវកម្មធានារ៉ាប់រង។ ហើយ​ការ​រៀប​ចំ​ឱ្យ​មាន​វគ្គ​សិក្ខា​ក្នុង​ថ្ងៃ​នេះ​ឡើង​ជា​ឧទាហរណ៍​ ជាក់​ស្ដែង​នៃកិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​យើង​។​ ខ្ញុំ​ចង់​ឆ្លៀត​ឱកាស​នេះ​ ដើម្បី​ថ្លែង​អំណរ​គុណ​ដល់​វាគ្មិន​ និង​អ្នក​ជំនាញ​ទាំង​អស់​ ដែល​អញ្ជើញ​មក​ពី ​សមាគម​អ្នក​គណនា​ហានិភ័យ​នៃ​ប្រទេស​សិង្ហបុរី​ ដែល​បានចូល​រួម​ចែក​រំលែក​បទពិសោធន៍​ ក្នុង​វិស័យ​ធានារ៉ាប់​រង​នេះ​ ជូន​ដល់​បុគ្គលិក​គោលដៅ​ ក្នុង​វិស័យ​នេះ​នៅ​កម្ពុជា​។​»​

ថ្លែង​ក្នុង​កិច្ច​បើក​វគ្គ​សិក្ខា​សាលា​នេះ​ ​ឯកឧត្តមបណ្ឌិត​ ម៉ី វ៉ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មាន​ប្រសាសន៍​ថា​៖​ «​ការរៀបចំសិក្ខាសាលានេះ គឺជាការឆ្លុះបញ្ចាំង ពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់តួអង្គទាំងអស់ នៅក្នុងទីផ្សារដើម្បីកសាង និងពង្រឹងសមត្ថភាពធនធានមនុស្ស និងជំនាញវិជ្ជាជីវៈក្នុង​គោលបំណង​ចូលរួមលើកកម្ពស់ប្រសិទ្ធភាព និងចីរភាពនៃការអភិវឌ្ឍទីផ្សារធានារ៉ាប់រងនៅកម្ពុជា។»​ ឯក​ឧត្តម​មាន​ប្រសាសន៍​បន្ត​ទៀត​ថា​៖​ «​ក្រោមទិសដៅនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ដែលទើបត្រូវបានធ្វើ បច្ចុប្បន្នភាពចុងក្រោយសម្រាប់ឆ្នាំ២០១៦ ដល់​ឆ្នាំ​ ២០២៥ សកម្មភាពអាទិភាពចម្បងៗមួយចំនួន ត្រូវបានដាក់ចេញយ៉ាងច្បាស់ ដូចជាការលើកកម្ពស់ បរិស្ថានបទប្បញ្ញត្តិល្អប្រសើរ ការពង្រឹងយន្តការគ្រប់គ្រង និងត្រួតពិនិត្យទីផ្សារ ឲ្យកាន់តែមានស្តង់ដារខ្ពស់ ស្របតាមភាពចាំបាច់ នៃការអភិវឌ្ឍទីផ្សារធានារ៉ាប់រងនៅកម្ពុជា ការបង្កើនការយល់ដឹង និងពង្រីកទីផ្សារធានារ៉ាប់រង តាមរយៈការជម្រុញ​ផ្សព្វផ្សាយ អំពីអត្ថប្រយោជន៍ នៃការធានារ៉ាប់រងជូនប្រជាពលរដ្ឋ និងការលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈ ទាំងបញ្ញត្តិករ ទាំង​ប្រតិបត្តិករ។»​

គួរ​បញ្ជាក់​ផង​ដែ​រថា ​វគ្គ​សិក្ខា​សាលា​រយៈ​ពេល​ពីរ​ថ្ងៃ​នេះ ​ជា​វគ្គ​សិក្ខា​សាលាធំ​​ដំបូង​បំផុតស្ដី​ពី​ ការវិភាគ​ហានិភ័យ​ធានា​រ៉ាប់​រង​ ចាប់​តាំង​ពី​វិស័យ​ធានា​រ៉ាប់​រង​នេះ ​ចាប់​កំណើត​ឡើង​នៅ​កម្ពុជា​​ ហើយ​វាគ្មិន​ និង​អ្នក​ជំនាញ​ ដែល​អញ្ជើញ​មក​ចែក​រំលែក ​បទពិសោធន៍​ក្នុង​វគ្គ​សិក្ខា​សាលា​នេះ​ សុទ្ធតែ​ជា​អ្នក​ជំនាញ​ផ្នែក​ហិរញ្ញ​វត្ថុ​ ផ្នែក​វិភាគ​ហានិភ័យ​ធានារ៉ាប់រង​ និង​វិស័យ​ពាក់​ព័ន្ធ​ដែល​មាន​បទពិសោធន៍​ជា​ច្រើន​ឆ្នាំ ​ក្នុង​វិស័យ​ទាំង​នេះ​នៅ​ទូទាំង​សកល​លោក​។​​