រំលងទៅអត្តបទសំខាន់ រំលងទៅមាតិកាជូនដំណឹង
Back

អ្នក​រត់​ប្រណាំ​ង​ជា​ច្រើន​ បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​សម្រាប់ ទិវា​រត់​ប្រណាំង​អន្តរជាតិ​ពាក់​កណ្ដាល​ម៉ារ៉ាតុង​នៅ​អង្គរ​វត្ត​ លើក​ទី​ ២១

កីឡាការនី​ដំបូង​បំផុត​របស់​កម្ពុជា​ដែល​បាន​ចូល​រួម​ក្នុង​ការ​រត់​ប្រណាំង​ម៉ារ៉ាតុង​អូឡាំពិក​នឹង​រត់​ចម្ងាយ​ ២១​ គីឡូ​ម៉ែត្រ​ នៅ​ក្នុង​ការ​រត់​ប្រណាំង​នេះ​

សៀមរាប, កម្ពុជា  – នៅ​ថ្ងៃ​ទី ៤ ខែ​ធ្នូ​ឆ្នាំ​នេះ​ អ្នក​រត់​ប្រណាំង​រាប់ពាន់​នាក់ ​ដែល​មក​ពី​បណ្ដា​ប្រទេស​នានា​ទូ​ទាំង​ពិភពលោក ​នឹង​ធ្វើ​ការ​រត់​ប្រណាំង​ នៅ​ឧទ្យាន​បុរេប្រវត្តិ​អង្គរ​ក្នុង​ខេត្ត​សៀម​រាប​​ ដែល​ជា​ទី​តាំង​បេតិ​កភ័ណ្ឌ​ពិភពលោក ​របស់​អង្គការ​ UNESCO​។​ ឆ្នាំ​នេះ​ជា​ខួប​លើក​ទី​ ២១​ ហើយ​របស់ព្រឹត្តិ​ការ​ណ៍​រត់​ប្រណាំង ​ដ៏​ល្បី​ល្បាញ​លំដាប់​ពិភព​លោក​មួយ​នេះ​។

ដោយ​មាន​ការ​ឧបត្ថម្ភ​ធំ ​ដោយ​ក្រុម​ហ៊ុន​ មេនូឡាយហ្វ៍​ និង​រៀប​ចំ​ដោយ​គណៈ​កម្មា​ធិការ​ជាតិ​អូឡាំពិកកម្ពុជា​ កម្ម​វិធី​រត់​ប្រណាំ​ងនេះ ​មាន​គោល​បំណង​លើក​កម្ពស់​សុខភាព​ និង​សុខុមាលភាព​​ ព្រម​ទាំង​ធ្វើ​ការ​ប្រមូលមូលនិធិ​ ជូន​ដល់​បណ្ដា​អង្គការ ​ដែល​ធ្វើ​ការ​គាំ​ទ្រ​ដល់​កុមារ ដែល​ជួប​ការ​ខ្វះ​ខាត​ និង​ជន​រង​គ្រោះ​ដោយ​សារ​គ្រាប់​មីន ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​ក្នុង​នោះ​រួម​មាន​ មន្ទីរ​ពេទ្យ​កុមារ​គន្ធបុផ្ផា​ មន្ទីរ​ពេទ្យ​កុមារ​អង្គរ​ និង​កាកបាទ​ក្រហម​កម្ពុជាជា​ដើម​​។​

លោក​ស្រី​ លី​ ណារី​​ ដែល​បាន​បង្កើត​ប្រវត្តិ​សាស្ត្រ​ដ៏​អស្ចារ្យ​មួយ ដោយ​លោក​ស្រី​បាន​ក្លាយ​ជា​កីឡាការនី​ដំបូង​បំផុត​ របស់​កម្ពុជា​ដែល​បាន​រត់​ចម្ងាយ​ឆ្ងាយ​ ក្នុង​ការ​រត់​ប្រណាំង​ម៉ារ៉ាតុង​អូឡាំពិក​ក្នុង​ឆ្នាំ​នេះ​នៅ​ Rio de Janeiro​ នឹង​ចូល​រួម​រត់​ប្រណាំ​ង​ ក្នុងព្រឹត្តិការណ៍នេះ​ផង​ដែរ​។​

ឯក​ឧត្តម​ វ៉ាត់​ ចំរើន​ អគ្គ​លេខា​ធិការ​ នៃ​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ​មាន​ប្រសាសន៍​ថា​៖​ «យើង​កំពុង​ទន្ទឹង​រង់​ចាំ​ ដើម្បីប្រារព្ធ​ខួប​លើក​ទី​ ២១​ នៃ​ព្រឹត្តិការណ៍​រត់​ប្រណាំង​អន្តរជាតិ​ពាក់​កណ្ដាល​ម៉ារ៉ាតុង​នៅ​អង្គរ​វត្ត​ ហើយ​ដោយ​មាន​ការ​គាំ​ទ្រ​យ៉ាង​ខ្លាំង​ ពី​ក្រុម​ហ៊ុន​ មេនូឡាយហ្វ៍​ ខ្ញុំ​ជឿ​ជាក់​ថា​យើង​នឹង​អាច​ផ្ដល់​បទពិសោធន៍​ រត់​ប្រណាំង​ដ៏​អស្ចារ្យ ​ដែល​ពុំ​ធ្លាប់​មាន​ពី​មុន​មក ​សម្រាប់​អ្នក​ដែល​ចូល​រួម​រត់​ប្រណាំង​ទាំង​អស់​ មក​ពី​ជុំ​វិញ​ពិភពលោក​។​ យើង​រត់​ដើម្បី​សុខភាព​ សុខុមាលភាព​ និង​សហគមន៍​ដែល​កំពុង​ត្រូវ​ការ​ការ​គាំ​ទ្រ​របស់​យើង​ខ្លាំង​បំផុត​។​»​ 

«​ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​ដល់​ក្រុមហ៊ុន​ មេនូឡាយហ្វ៍​ ដែល​បាន​ជួយ​ធ្វើ​ឱ្យ​ការ​​រត់​ម៉ារ៉ាតុង​នេះ ​ក្លាយ​ទៅជា​កម្មវិធី​ប្រមូល​មូលនិធិ​ដ៏​ធំ​បំផុត​មួយ​ ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​គាំ​ទ្រ​ដល់​កុមារ​ដែលជួប​ការ​ខ្វះ​ខាត​ និង​ជន​ពិការ​។»​​ 

នេះ​ជា​ឆ្នាំ​ទី​ពីរ​ហើយ​ដែល​ក្រុម​ហ៊ុន​ មេនូឡាយហ្វ៍​ បាន​ធ្វើ​ជា​ម្ចាស់​ឧបត្ថម្ភ​ធំ​ នៃ​ព្រឹត្តិការណ៍​នេះ​ចាប់​តាំង​ពី​ក្រុមហ៊ុន​នេះ ​បាន​ចុះ​ហត្ថលេខា​ព្រម​ព្រៀង ​លើ​ការ​ឧបត្ថម្ភ​រយៈ​ពេល​ ៥​ ឆ្នាំ​ជាមួយ​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ កាល​ពី​ខែ​កក្កដា​ឆ្នាំ​ ២០១៥​។​ ជា​ការ​រួម​ចំណែក ​ក្នុង​ការឧបត្ថម្ភ​នេះ​ ក្រុម​ហ៊ុន​ មេនូឡាយហ្វ៍​ បាន​បរិច្ចាគ​ជា​ទឹក​ប្រាក់​ចំនួន​ ២៥​ ០០០​ ដុល្លារ​អាមេរិក​ ដល់​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​កាល​ពី​ឆ្នាំ​មុន​។​

 

លោក​ Robert Elliott​ អគ្គ​នាយក​ប្រតិបត្តិ​ និង​នាយក​ចាត់​ការ​ទូទៅ​ នៃ​ក្រុម​ហ៊ុន​ មេនូឡាយហ្វ៍​ ខេមបូឌា​ មាន​ប្រសាសន៍​ថា​៖​ «​យើង​មាន​មោទនភាព​ណាស់​ ដែល​មាន​ឱកាស​ឧបត្ថម្ភ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មួយ​នេះ​។​ បន្ទាប់​ពី​ប្រតិបត្តិ​ការ​អាជីវកម្ម​រយៈ​ពេល​ ៤​ ឆ្នាំ​របស់​យើ​ងនៅ​កម្ពុជា​ យើ​ងនៅ​តែ​រក្សា​ឆន្ទៈ​ដ៏​មុះ​មុត​របស់​យើង ​ក្នុង​ការ​កសាង​អនាគត​ហិរញ្ញវត្ថុ​ដ៏​ប្រសើរ​ ជាង​មុន​សម្រាប់​ក្រុម​គ្រួសារ​កម្ពុជា​។​ យើង​ជឿ​ជាក់​ថា​សុខភាព​ និង​សុខុមាលភាព​របស់​អតិថិ​ជន​របស់​យើង ​គឺ​ជា​កត្តា​សំខាន់​​បំផុត​ដែល​ជួយ​យើង​ឱ្យ​សម្រេច​ទស្សន​វិស័យ​របស់​យើង​បាន​។​ ដូច្នេះ​ហើយ​ ការ​គាំ​ទ្រ​ដល់​កម្មវិធី​មួយ​ដែល​អាច​ជួយ​លើក​កម្ពស់​សុខ​ភាព​ និង​សុខុមាលភាព​ ដូច​ជា​កម្មវិធី​រត់​ប្រណាំង​អន្តរជាតិ​ពាក់​កណ្ដាល​ម៉ារ៉ាតុង​នៅ​អង្គរវត្ត​នេះ​ គឺ​ស្រប​គ្នា​ល្អ​បំផុត​ ទៅតាម​គោល​ដៅ​រយៈ​ពេល​វែង​របស់​យើង​។​»​ 

កាល​ពី​ឆ្នាំ​ ១៩៩៦​ អ្នក​រត់​ប្រណាំង​ប្រមាណ​ ៥០០​ នាក់​បាន​ចូល​រួម​ក្នុង​ការ​រត់​ប្រណាំង​នេះ ​ដែល​ជា​លើក​ដំបូង​បំផុត ​នៃ​ការ​រៀប​ចំ​កម្មវិធី​នេះ​ឡើង​ ហើយ​ចំនួន​នេះ​បន្ត​កើន​ឡើង​ជា​លំដាប់​ ជា​រៀង​រាល់​ឆ្នាំ​។​ កាល​ពី​ឆ្នាំ​មុន​ អ្នក​រត់​ប្រណាំ​ង​ចំនួន​​ ៨​៤៩៣​ នាក់​ដែល​ធ្វើ​ដំណើរ​មក​ពី​ ៧៥​ ប្រទេស​បានអញ្ជើញ​ចូល​រួម​ក្នុង​ព្រឹត្តិការ​ណ៍​នេះ​​ ដែល​ការ​ចូល​រួម​នេះ​បានរួម​ចំណែក​យ៉ាង​សំខាន់ ​ក្នុង​វិស័យ​ទេសចរណ៍​​ក្នុង​ប្រទេស​កម្ពុជា​។​

ការ​រត់​ប្រណាំង​លើ​ចម្ងាយ​ផ្លូវ​ ២១​ គីឡូម៉ែត្រ​នឹង​ចាប់​ផ្ដើម ​នៅ​ច្រក​ខាង​លិច​ នៃ​ប្រាសាទ​អង្គរ​វត្ត​ ដែល​ជា​វិមាន​សាសនា​ដ៏​ធំ​បំផុត​មួយ​ លើ​ពិភព​លោក​ និង​ត្រូវ​បាន​ប្រារព្ធ​ឡើង​ នៅ​​ឧទ្យាន​បុរេប្រវត្តិ​អង្គរ​ ដែល​ពោរ​ពេញ​ដោយ​ទេសភាព​ ដ៏​ស្រស់​ត្រកាល ​ដែល​បង្ហាញ​ចេញ​ពី​​ប្រាសាទ​បុរាណ​នានា​នៅ​តំបន់​នោះ​។​

ដើម្បី​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​ដ៏អស្ចារ្យ​នេះ​ សូម​ចុះ​ឈ្មោះ​ដោយ​ចូល​ទៅ​កាន់​ គេ​ហទំព័រ​ www.cambodia-events.org