ភ្នំពេញ, កម្ពុជា – នៅថ្ងៃនេះ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា និងធនាគារ ពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្ដីពីកិច្ចសហការជាដៃគូចែកចាយ ផលិតផលធានារ៉ាប់រងអាយុជីវិត ដើម្បីផ្ដល់នូវដំណោះស្រាយធានារ៉ាប់រងអាយុជីវិត ដល់អតិថិជនរបស់ធនាគារ FTB នៅទូទាំងប្រទេសកម្ពុជា។ ចាប់តាំងពីការផ្ដើមប្រតិបត្តិការ របស់ក្រុមហ៊ុន មេនូឡាយហ្វ៍ នៅក្នុងប្រទេសកម្ពុជាកាលពីខែមិថុនា ឆ្នាំ ២០១២មក កិច្ចព្រមព្រៀងនេះជាការចាប់ជាដៃគូជាមួយធនាគារទីបួន ហើយដើម្បីលក់ផលិតផលធានារ៉ាប់រងអាយុជីវិតតាមធនាគារ។
លោក Robert Elliott អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា មានប្រសាសន៍ថា «ពួកយើងរីករាយក្នុងការចាប់ជាដៃគូជាមួយធនាគារ FTB ដែលជាធនាគារដំបូងគេបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលបាន និងកំពុងធ្វើប្រតិបត្តិការជាង ៣៦ ឆ្នាំមកហើយ ដើម្បីជួយក្រុមគ្រួសារទាំងឡាយនៅក្នុងប្រទេសកម្ពុជានេះឱ្យសម្រេចបាននូវក្ដីសុបិន និងបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុរបស់ពួកគេ។ កិច្ចព្រមព្រៀងលើការលក់ ផលិតផលធានារ៉ាប់រងអាយុជីវិតតាមធនាគារនេះ នឹងជួយឱ្យក្រុមហ៊ុនមេនូឡាយហ្វ៍ ខេមបូឌា ពង្រីកវិសាលភាពរបស់ខ្លួនទៅដល់អតិថិជនជាច្រើននាក់ផ្សេងទៀត ព្រមទាំងផ្ដល់នូវការប្រឹក្សាយោបល់ និងដំណោះស្រាយហិរញ្ញវត្ថុ ទាក់ទងនឹងការការពារប្រភពចំណូលផ្សេងៗរបស់ពួកគេ អនាគតនៃការសិក្សារបស់បុត្រធីតា ការសន្សំនៅក្នុងក្រុមគ្រួសារ ព្រមទាំងការសន្សំសម្រាប់ការចូលនិវត្តន៍ផងដែរ។»
ឯកឧត្តម ហ្គី អានវ៉ានិថ អគ្គនាយក នៃធនាគារ FTB មានប្រសាសន៍ថា «កិច្ចសហការជាដៃគូជាមួយក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា នឹងកំណត់ប្រវត្តិសាស្ត្រថ្មីមួយរបស់ធនាគារ FTB ហើយកិច្ចសហការនេះនឹងផ្ដល់ភាពងាយស្រួលដល់ក្រុមគ្រួសាររបស់អតិថិជន និងបុគ្គលិករបស់យើងក្នុងការទទួលបាននូវផលិតផលដ៏មានអត្ថប្រយោជន៍ខ្ពស់ពីក្រុមហ៊ុន មេនូឡាយហ្វ៍។»
ធនាគារ FTB តែងតែខិតខំប្រឹងប្រែងដើម្បីនាំយកសេវាកម្មថ្មីៗមកជូនអតិថិជន។ ឆ្លងតាមប្រវត្តិសាស្ត្ររបស់ខ្លួន ធនាគារ FTB បានទទួលពានរង្វាន់ធំៗជាច្រើននៅក្នុងវិស័យហិរញ្ញវត្ថុរួមមាន Outstanding e-Banking Partnership Bank 2016 និង Outstanding e-Commerce Platform 2016 ពី International Data Group (IDG) Best Innovation in Retail Banking 2015 និង Best Commercial Bank Cambodia 2015 ពី International Banker និង Leader in Preparid Payment Volume 2015 ពី Visa។
ការលក់ផលិតផលធានារ៉ាប់រងអាយុជីវិត តាមធនាគារជាចំណុចគន្លឹះដ៏សំខាន់មួយ នៃយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ដើម្បីពង្រឹង និងបង្កើតឱ្យមានជម្រើសផ្សេងៗគ្នាក្នុងការចែកចាយផលិតផលរបស់ខ្លួន និងជម្រុញបន្ថែម ពីលើការបែងចែកផលិតផលធានារ៉ាប់រងអាយុជីវិត តាមរយៈទីប្រឹក្សាធានារ៉ាប់រងរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍។ តាមរយៈភាពជាដៃគូនេះ ក្រុមហ៊ុនមេនូឡាយហ្វ៍ នឹងធ្វើការពង្រឹងផ្សព្វផ្សាយបន្ថែម នូវស្លាកយីហោរបស់ខ្លួន ការឈរជើងលើទីផ្សារដ៏រឹងមាំ និងពង្រីកបន្ថែមនូវមូលដ្ឋានអតិថិជននៅក្នុងប្រទេសកម្ពុជា។
ចាប់ពីពេលនេះតទៅ អតិថិជនរបស់ធនាគារ FTB នឹងអាចពិភាក្សាពីផែនការហិរញ្ញវត្ថុរបស់ពួកគេ និងជាវផលិតផលធានារ៉ាប់រងអាយុជីវិតពីក្រុមហ៊ុន មេនូឡាយហ្វ៍ តាមរយៈមន្ត្រីជំនាញប្រឹក្សាធានារ៉ាប់រងដែលប្រចាំការនៅសាខាចំនួន ១០ របស់ធនាគារ FTB។ សាខាទាំងនោះរួមមាន ៦ សាខានៅទីក្រុងភ្នំពេញ និង ៤ សាខាផ្សេងទៀតនៅតាមបណ្ដាខេត្ត ដូចជាខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តព្រះសីហនុ និងខេត្តកំពង់ចាម។