ភ្នំពេញ, កម្ពុជា – នៅថ្ងៃនេះ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា និងធនាគារ ស៊ីអាយអិមប៊ី បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងស្ដីពី កិច្ចសហការជាដៃគូចែកចាយ ផលិតផលធានារ៉ាប់រងអាយុជីវិតដើម្បីបំពេញតម្រូវការ ផ្នែកហិរញ្ញវត្ថុជូនដល់អតិថិជនរបស់ធនាគារ ស៊ីអាយអិមប៊ី នៅទូទាំងប្រទេសកម្ពុជា។ ចាប់តាំងពីការផ្ដើមប្រតិបត្តិការរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ នៅក្នុងប្រទេសកម្ពុជាកាលពីខែមិថុនា ឆ្នាំ ២០១២ មក កិច្ចព្រមព្រៀងនេះ ជាការចាប់ជាដៃគូជាមួយធនាគារទីប្រាំហើយ ដើម្បីលក់ផលិតផលធានារ៉ាប់រងអាយុជីវិតតាមធនាគារ។
លោក Robert Elliott អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា មានប្រសាសន៍ថា៖ «ការចាប់ជាដៃគូជាមួយធនាគារ ដែលមានសក្តានុពលខ្លាំងដូចជាធនាគារ ស៊ីអាយអិមប៊ី ក្នុងនាមជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ស៊ីអាយអិមប៊ី គ្រុប ដែលជាធនាគារសាកលនាំមុខគេមួយរបស់អាស៊ាន និងជាធនាគារវិនិយោគធំបំផុតមួយនៅអាស៊ី នឹងជួយពង្រឹងបន្ថែមកិច្ចសហប្រតិបត្តិការ ដែលយើងមានជាមួយធនាគារជាដៃគូទាំងអស់នៅកម្ពុជា។ ការចាប់ជាដៃគូជាមួយធនាគារនេះនឹងជួយឱ្យក្រុមហ៊ុន មេនូឡាយហ្វ៍ ខិតទៅជិតអតិថិជនកាន់តែច្រើនថែមទៀតតាមរយៈការផ្ដល់ជូននូវដំណោះស្រាយលំដាប់ ពិភពលោកដែលពោរពេញទៅដោយភាពច្នៃប្រឌិតរួមមានដូចជា ការការពារប្រាក់ចំណូល ការអប់រំរបស់បុត្រធីតា គម្រោងសន្សំ និងការចូលនិវត្តន៍ជាដើម។»
លោក ប៊ុន យីន ប្រធាននាយកប្រតិបត្តិ របស់ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី មានប្រសាសន៍ថា៖ «តាមរយៈការចាប់ផ្ដើមនៃកិច្ចសហការថ្មីនេះ យើងរំពឹងយ៉ាងមុតមាំថា ការប្ដេជ្ញាចិត្តរួមគ្នា ការគោរពគ្នា និងការយោគយល់គ្នាទៅវិញទៅមក រវាងភាគីទាំងសងខាង នឹងបង្កើតបានជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ដើម្បីសម្រេចបានផលប្រយោជន៍យូរអង្វែងជាមួយគ្នា នាពេលអនាគត។ យើងនឹងសហការ យ៉ាងជិតស្និទ្ធ ជាមួយក្រុមហ៊ុន មេនូឡាយហ្វ៍ ក្នុងការផ្តល់ជូននូវសេវាកម្ម និងផលិតផលធានារ៉ាប់រងអាយុជីវិតថ្មី ដើម្បីបំពេញតម្រូវការអតិថិជនរបស់យើង។ ហើយយើងក៏សង្ឃឺមជឿជាក់ផងដែរ ក្នុងការនាំយកផលិតផលដ៏សម្បូរបែប និងសេវាកម្មប្រចាំតំបន់របស់ធនាគារ ស៊ីអាយអិមប៊ី ទៅដល់អតិថិជនរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍។»
លោក ប៊ុន យីន បានបន្ថែមថា៖ «ផ្អែកលើចំណុចខ្លាំងនៃសេវាកម្មរបស់ខ្លួន ធនាគារ ស៊ីអាយអិមប៊ី បានបង្កើតមោទនភាពរបស់ខ្លួន ដោយមិនត្រឹមតែ ជាអ្នកផ្តល់សេវាកម្មហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាដៃគូអាជីវកម្មដ៏ល្អមួយ របស់អតិថិជនផងដែរ ក្នុងការគាំទ្រពួកគេឱ្យធ្វើការសម្រេចចិត្ត ត្រឹមត្រូវលើផ្នែកហិរញ្ញវត្ថុ និងការវិនិយោគ នៅក្នុងជីវិត។"
ក្រោយពីបានចាប់ផ្ដើមដំណើរការក្នុងឆ្នាំ ២០១០ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី មានភាពរឹងមាំក្នុងការកសាងវត្តមានរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការកើនឡើងឥតឈប់ឈររបស់អតិថិជន ធនាគារបានផ្ដល់ជូនសេវាកម្ម និងផលិតផលធនាគារដ៏ទូលំទូលាយ រួមមានសេវាកម្មហិរញ្ញវត្ថុបុគ្គល សេវកម្មធនាគារពាណិជ្ជ ព្រមទាំងសេវាកម្មសាជីវកម្ម និងប្រតិបត្តិការធនាគារផងដែរ។
ការលក់ផលិតផលធានារ៉ាប់រងអាយុជីវិតតាមធនាគារ ជាចំណុចគន្លឹះដ៏សំខាន់មួយនៃយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ដើម្បីពង្រឹង និងបង្កើតឱ្យមានជម្រើសផ្សេងៗគ្នា ក្នុងការចែកចាយផលិតផលរបស់ខ្លួន និងជម្រុញបន្ថែមពីលើការបែងចែក ផលិតផលធានារ៉ាប់រងអាយុជីវិតតាមរយៈទីប្រឹក្សាធានារ៉ាប់រងរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍។ តាមរយៈភាពជាដៃគូនេះ ក្រុមហ៊ុនមេនូឡាយហ្វ៍ នឹងធ្វើការពង្រឹងបន្ថែម នូវកេរ្តិ៍ឈ្មោះរបស់ខ្លួន ការឈរជើងលើទីផ្សារដ៏រឹងមាំ និងពង្រីកបន្ថែមនូវមូលដ្ឋានអតិថិជន នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាជម្រុញបន្ថែមលើកិច្ចសហការជាដៃគូ ដ៏ជោគជ័យដែលយើងកំពុងមាន នាពេលបច្ចុប្បន្ន ជាមួយធនាគារជាដៃគូទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ចាប់ពីពេលនេះតទៅ អតិថិជនរបស់ធនាគារ ស៊ីអាយអិមប៊ី នឹងអាចពិភាក្សាពីផែនការហិរញ្ញវត្ថុរបស់ពួកគេ និងជាវផលិតផល និងដំណោះស្រាយធានារ៉ាប់រងអាយុជីវិតពីក្រុមហ៊ុន មេនូឡាយហ្វ៍ តាមរយៈមន្ត្រីជំនាញប្រឹក្សាធានារ៉ាប់រងដែលប្រចាំការនៅសាខាចំនួន ១២ របស់ធនាគារ ស៊ីអាយអិមប៊ី នៅរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តបាត់ដំបង និងខេត្តកំពង់ចាម។