ភ្នំពេញ, កម្ពុជា - នៅថ្ងៃនេះ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា និងធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ (ABA) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីកិច្ចសហការជាដៃគូចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិត ដើម្បីផ្ដល់នូវដំណោះស្រាយធានារ៉ាប់រងអាយុជីវិតដល់អតិថិជនរបស់ធនាគារ ABA នៅទូទាំងប្រទេសកម្ពុជា។ ចាប់តាំងពីការផ្ដើមប្រតិបត្តិការរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ នៅក្នុងប្រទេសកម្ពុជាកាលពីខែមិថុនា ឆ្នាំ ២០១២ មក កិច្ចព្រមព្រៀងនេះជាការចាប់ជាដៃគូជាមួយធនាគារទីបីហើយ ដើម្បីលក់ ផលិតផលធានារ៉ាប់រងអាយុជីវិតតាមធនាគារ ។
លោក Robert Elliott អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា មានប្រសាសន៍ថា «ពួកយើងរីករាយក្នុងការចាប់ជាដៃគូជាមួយធនាគារ ABA ដែលជាធនាគារមួយក្នុងចំណោមស្ថាប័នធនាគារលំដាប់កំពូលនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយក្រុមគ្រួសារទាំងឡាយនៅក្នុងប្រទេសកម្ពុជានេះឱ្យសម្រេចបាននូវក្ដីសុបិន និងបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុរបស់ពួកគេ។ កិច្ចព្រមព្រៀងលើការលក់ផលិតផលធានារ៉ាប់រងអាយុជីវិតតាមធនាគារនេះនឹងជួយឱ្យក្រុមហ៊ុនមេនូឡាយហ្វ៍ ខេមបូឌា ពង្រីកវិសាលភាពរបស់ខ្លួនទៅដល់អតិថិជនជាច្រើននាក់ផ្សេងទៀត ព្រមទាំងផ្ដល់នូវការប្រឹក្សាយោបល់ និងដំណោះស្រាយហិរញ្ញវត្ថុ ទាក់ទងនឹងការការពារប្រភពចំណូលផ្សេងៗរបស់ពួកគេ អនាគតនៃការសិក្សារបស់បុត្រធីតា និងការសន្សំនៅក្នុងក្រុមគ្រួសារទាំងអស់។»
លោក Askhat Azhikhanov អគ្គនាយកប្រតិបត្តិរបស់ធនាគារ ABA មានប្រសាសន៍ថា «នៅថ្ងៃនេះ ពួកយើងមានមោទនភាពជាខ្លាំងក្នុងការប្រកាសភាពជាដៃគូរបស់យើងជាមួយក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនផ្ដល់សេវាកម្មធានារ៉ាប់រងអាយុជីវិតឈានមុខលំដាប់ថ្នាក់ពិភពលោក។ យើងជឿជាក់ថា កិច្ចសហការជាដៃគូនេះនឹងជួយពង្រឹងលទ្ធភាពក្នុងការចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិតតាមធនាគាររបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ក៏ដូចជាជួយឱ្យអតិថិជនរបស់យើងសម្រេចបាននូវគោលដៅហិរញ្ញវត្ថុរបស់ពួកគេ។»
ការលក់ផលិតផលធានារ៉ាប់រងអាយុជីវិត តាមធនាគារជាចំណុចគន្លឹះដ៏សំខាន់មួយនៃយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ដើម្បីពង្រឹង និងបង្កើតឱ្យមានជម្រើសផ្សេងៗគ្នាក្នុងការចែកចាយផលិតផលរបស់ខ្លួន និងជម្រុញបន្ថែមពីលើការបែងចែកផលិតផលធានារ៉ាប់រងអាយុជីវិត តាមរយៈទីប្រឹក្សាធានារ៉ាប់រងរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍។ តាមរយៈភាពជាដៃគូនេះ ក្រុមហ៊ុន មេនូឡាយហ្វ៍ នឹងធ្វើការពង្រឹងផ្សព្វផ្សាយបន្ថែមនូវស្លាកយីហោរបស់ខ្លួន ការឈរជើងលើទីផ្សារដ៏រឹងមាំ និងពង្រីកបន្ថែមនូវមូលដ្ឋានអតិថិជននៅក្នុងប្រទេសកម្ពុជា។
ចាប់ពីពេលនេះតទៅ អតិថិជនរបស់ធនាគារ ABA នឹងអាចពិភាក្សាពីផែនការហិរញ្ញវត្ថុរបស់ពួកគេ និងជាវផលិតផលធានារ៉ាប់រងអាយុជីវិតពីក្រុមហ៊ុន មេនូឡាយហ្វ៍ តាមរយៈមន្ត្រីជំនាញប្រឹក្សាធានារ៉ាប់រងដែលប្រចាំការនៅសាខាចំនួន ១១ របស់ធនាគារ ABA។ សាខាទាំងនោះរួមមាន ៨ សាខានៅទីក្រុងភ្នំពេញ - សាខាទីស្នាក់ការកណ្ដាល សាខាម៉ៅសេទុង សាខាទឹកថ្លា សាខាកណ្ដាល សាខាបុរីកីឡា សាខាផ្សារធំថ្មី សាខាទួលគោក និងសាខាស្តាតចាស់ ព្រមទាំងបីសាខាផ្សេងទៀតនៅតាមបណ្ដាខេត្តចំនួន៣ ដូចជាខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តព្រះសីហនុ។