ខេត្តកំពង់ចាម, កម្ពុជា ៖ ថ្ងៃនេះ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បើកសម្ពោធការិយាល័យទី ៤ នៅខេត្តកំពង់ចាម ដើម្បីពង្រីក និងបន្តបំពេញតម្រូវការកើនឡើង នៃសេវាកម្មធានារ៉ាប់រងអាយុជីវិត និងការរៀបចំផែនការហិរញ្ញវត្ថុ របស់អតិថិជននៅទីនោះ។
សាខាថ្មីនេះ បានបើកឲ្យដំណើរការ បន្ទាប់ពីការបើកទីស្នាក់ការកណ្តាល របស់ក្រុមហ៊ុននៅរាជធានីភ្នំពេញ នៅខែមិថុនា ឆ្នាំ ២០១២ ការិយាល័យសាខាខេត្តសៀមរាប នៅខែធ្នូ ឆ្នាំ ២០១៤ និងការិយាល័យសាខាខេត្តបាត់ដំបង នៅខែតុលា ឆ្នាំ ២០១៥។
លោក Robert Elliott អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា មានប្រសាសន៍ថា៖ «ក្រុមហ៊ុន មេនូឡាយហ្វ៍ បន្តពង្រីកអាជីវកម្ម និងការិយាល័យសាខារបស់ខ្លួន ទៅកាន់អតិថិជននៅ តាមបណ្ដាខេត្តគោលដៅជាច្រើននៅកម្ពុជា។ យើងសង្ឃឹមថា ការបើកការិយាល័យសាខា នៅគ្រប់ទីកន្លែងនឹងអាចបម្រើអតិថិជន បានកាន់តែច្រើន ហេតុនេះហើយទើបក្រុមហ៊ុន មេនូឡាយហ្វ៍ បន្តពង្រីកអាជីវកម្មរបស់ខ្លួនជាលំដាប់។»
លោក Robert Elliott បន្តថា៖ «ការពង្រីកសាខានេះឆ្លុះបញ្ចាំងពីឆន្ទៈ និងការប្តេជ្ញាចិត្ត របស់ក្រុមហ៊ុន ក្នុងការជួយអតិថិជននៅកម្ពុជា និងក្រុមគ្រួសារបស់ពួកគេ ក្នុងការកសាងអនាគត មួយដ៏ប្រសើរតាមរយៈ ការការពារប្រាក់ចំណូល ការសន្សំ ឬក៏ការរៀបចំកញ្ចប់ថវិកា សម្រាប់អនាគតការសិក្សាបុត្រធីតារបស់ពួកគេ។»