ថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២៤
សៀមរាប៖ ក្រុមហ៊ុន មេនូឡាយហ្វ៍ បានទាក់ទាញភ្ញៀវទេសចរណ៍រាប់ម៉ឺននាក់មកកាន់ខេត្តសៀមរាបជាថ្មីម្តងទៀតក្នុងនាមជាអ្នកឧបត្ថម្ភគាំទ្រផ្ដាច់មុខនៃទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងលើកទី ២៩ នៅអង្គរវត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី អមដោយវត្តមានឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក៏ដូចជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេសទាំងអត្តពលិកជាតិ និងអន្តរជាតិ ជាង 14,370 នាក់មកពី 87 ប្រទេសជុំវិញពិភពលោក។ ក្នុងនោះ ក៏មានវត្តមានដ៏ខ្ពង់ខ្ពស់របស់លោក Philip Witherington អគ្គនាយក និងជាប្រធាន ក្រុមហ៊ុន Manulife ប្រចាំអាស៊ី ថា្នក់ដឹកនាំ បុគ្គលិកគ្រប់ជាន់ថ្នាក់មកពីក្រុមហ៊ុន មេនូឡាយហ្វ៍ នៅជុំវិញពិភពលោកប្រមាណ 420 នាក់ផងដែរក្រោមពាក្យស្លោក "ច្នៃជីវិតកាន់តែប្រសើរ"។ នេះគឺជាការបំបែកកំណត់ត្រាថ្មីនៃព្រឹត្តិការណ៍នេះដែលមានអ្នកចូលរួមខ្ពស់បំផុត លើសឆ្នាំកន្លងទៅដល់ទៅ ៤០%។
ភាពជាដៃគូគាំទ្រ និងសហការរៀបចំរវាង មេនូឡាយហ្វ៍ និងគណៈកម្មការអូឡាំពិកកម្ពុជា (NOCC) អស់រយៈពេល ១១ ឆ្នាំ កន្លងមកនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្រោមគោលដៅរួមគ្នាគឺ ជំរុញកំណើនសេដ្ឋកិច្ចសហគមន៍មូលដ្ឋាន ជួយប្រជាជនឱ្យរស់នៅប្រកបដោយសុខភាពល្អ និងជីវិតកាន់តែប្រសើរ។
ក្រៅពីជាម្ចាស់ឧបត្ថម្ភគាំទ្រតាំងពីឆ្នាំ ២០១៤ មក និងការគាំទ្រពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រុមហ៊ុន មេនូឡាយហ្វ៍ ក៏បានផ្តួចផ្តើមកម្មវិធីរៃអង្គាសថវិកាម្តងទៀតក្នុងចំណោមបុគ្គលិករបស់ខ្លួនទូទាំងពិភពលោកដើម្បីគាំទ្រដល់មន្ទីរពេទ្យ កុមារអង្គរ។ ជាលទ្ធផល ថវិកា ១១០ ០០០ ដុល្លារអាមេរិកត្រូវបានរៃអង្គាសដែលធ្វើឲ្យថវិកាបរិច្ចាគសរុបកើនដល់ប្រមាណ ៧៦០ ០០០ដុល្លារអាមេរិកគិតចាប់តាំងពី ឆ្នាំ 2015 មក។
ជាមួយគ្នានេះ នាព្រឹកថ្ងៃដដែល សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យលោក Philip Witherington ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Manulife ប្រចាំអាស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុនបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចបវរធិបតីដែលបានផ្តល់កិត្តិយសចូលរួមព្រឹត្តិការណ៍នៅឆ្នាំនេះ។ លោកប្រធានក្រុមហ៊ុនបានគោរពជម្រាបជូនសម្ដេចបវរធិបតី អំពីដំណើរការនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន នៅជុំវិញពិភពលោក ជាពិសេសនៅតំបន់អាស៊ី និងដែលមានមូលដ្ឋានធំនៅប្រទេសកាណាដា។ ក្រុមហ៊ុនបានផ្ដល់សេវាធានារ៉ាប់រងជីវិតមុនដំបូងគេបង្អស់ នៅកម្ពុជា ចាប់តាំងពីឆ្នាំ ២០១២ ក្នុងគោលដៅជួយគាំទ្រដល់ក្រុមគ្រួសារ និងធានាបាននូវសន្ដិសុខហិរញ្ញវត្ថុសម្រាប់គ្រួសារនៃប្រជាជនកម្ពុជា។ ជាមួយគ្នានោះ លោកប្រធានក្រុមហ៊ុនបានបង្ហាញពីការប្ដេជ្ញាចិត្តពង្រីកប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុនឱ្យកាន់តែរីកចម្រើនថែមទៀត និងបន្តចូលរួមចណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាក៏ដូចជាការគាំទ្រ និងធានាដល់សន្តិសុខហិរញ្ញវត្ថុដល់គ្រួសាររបស់ប្រជាជនកម្ពុជា សម្រាប់រយៈពេលវែង។
ជាការឆ្លើយតប សម្ដេចបវរធិបតីបានកោតសរសើរ និងថ្លែងអំណរគុណក្រុមហ៊ុនដែលចូលរួមឧបត្ថម្ភគាំទ្រព្រឹត្តិការណ៍រត់ម៉ារ៉ាតុងនាពេលកន្លងមក ហើយឆ្នាំនេះ មានអ្នកចូលរួមច្រើនកុះករជាង ១៤,៣៧០នាក់ ដែលចំនួននេះកើនលើសឆ្នាំកន្លងទៅ។ ព្រឹត្តិការណ៍នេះ មិនត្រឹមតែបានចូលរួមចំណែកដល់សកម្មភាពមនុស្សធម៌ នៅមន្ទីរពេទ្យកុមារអង្គរ និងជួយជនរងគ្រោះដោយសារគ្រាប់មីនប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្ហាញពីស្ថានភាពជាក់ស្ដែងរបស់កម្ពុជា ដែលជាប្រទេសមួយមានសុខសន្ដិភាព ស្ថិរភាព សុវត្ថិភាពពេញបរិបូរណ៍។ ទន្ទឹមនឹងនោះ សម្ដេចបវរធិបតីបាន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយគាំពារសង្គម ដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមរយៈការផ្ដល់ជូននូវសេវាធានារ៉ាប់រ៉ងផ្នែកថែទាំសុខភាព សម្រាប់មន្ត្រីរាជការ និងក្រុមគ្រួសារក្រីក្រ និងងាយរងគ្រោះ និងបានដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស។ សម្ដេចបវរធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពង្រឹង និងពង្រីកការវិនិយោគ និងបង្កើតផលិតផលថ្មីៗបន្ថែមទៀត ដើម្បីជាជម្រើសសម្រាប់សេវាធានារ៉ាប់រងជូនប្រជាជនកម្ពុជា៕
ក្រុមហ៊ុន មេនូឡាយហ្វ៍ ហ្វាយនែនសល គឺជាក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុឈានមុខគេមួយលំដាប់ពិភពដែលជួយប្រជាជនក្នុងការសម្រចចិត្តកាន់តែងាយស្រួល និងជីវិតកាន់តែប្រសើរ។ យើងមានស្នាក់ការកណ្តាលជាសកលនៅទីក្រុង Toronto ប្រទេស កាណាដា ហើយយើងមានប្រតិបត្តិការអាជីវកម្មជាក្រុមហ៊ុន មេនូឡាយហ្វ៍ តាមបណ្តាលការិយាល័យនៅក្នុងប្រទេសកាណាដា នៅតំបន់អាស៊ី និងអឺរ៉ុប និងជាក្រុមហ៊ុន John Hancock នៅសហរដ្ឋអាមេរិក។ យើងផ្តល់ការប្រឹក្សាហិរញ្ញវត្ថុ ដំណោះស្រាយធានារ៉ាប់រង ព្រមទាំងផលិតផល និងសេវាកម្មគ្រប់គ្រងទ្រព្យសម្បត្តិជូនដល់អតិថិជនជាលក្ខណៈបុគ្គល ជាក្រុម និងជាស្ថាប័ន។ គិតត្រឹមចុងឆ្នាំ ២០២៣ យើងមានបុគ្គលិកបម្រើការងាជាង ៣៨ ០០០ នាក់ ភ្នាក់ងារធានារ៉ាប់រងជាង ៩៨,០០០ នាក់ និងដៃគូចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិតរាប់ពាន់ដៃគូផ្សេងទៀត ដែលកំពុងបម្រើសេវាកម្មជូនអតិថិជនជាង ៣៥ លាននាក់នៅទូទាំងពិភពលោក។
ក្រុមហ៊ុន មេនូឡាយហ្វ៍ Manulife Financial Corporation បានធ្វើប្រតិបត្តិការអាជីវកម្មជា MFC នៅទីផ្សារមូលបត្រ តូរ៉ុនតូ ញូវយ៉ក និងទីផ្សារមូលបត្រហ្វីលីពីន ហើយនៅលើទីផ្សារមូលបត្រហុងកុងក្រោមឈ្មោះ ៩៤៥។
សម្រាប់ព័ត៌មានបន្ថែមស្ដីពី ក្រុមហ៊ុន មេនូឡាយហ្វ៍ សូមចូលទៅកាន់គេហទំព័រ www.manulife.com
ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានចាប់ផ្ដើមប្រតិបត្តិការជាផ្លូវការនៅប្រទេសកម្ពុជានៅពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០១២ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតលំដាប់អន្តរជាតិដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនមានការប្ដេជ្ញាចិត្តខ្ពស់ និងកំពុងជួយកសាងអនាគតហិរញ្ញវត្ថុដ៏រឹងមាំ និងកាន់តែប្រសើរជូនក្រុមគ្រួសារកម្ពុជាជាង ១០០ ០០០ នាក់។
ដើម្បីទទួលព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពីក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា សូមតាមដានទំព័រហ្វេសប៊ុក «Manulife Cambodia» តាមរយៈ www.facebook.com/ManulifeKH ឬ ចូលទៅកាន់គេហទំព័រ www.manulife.com.kh។