ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិដំបូងគេនៅកម្ពុជា មេនូឡាយហ្វ៍ (Manulife) បានប្រកាសតែងតាំងលោក ចាន់ រដ្ឋា ជាអគ្គនាយក (CEO) ចាប់ពីថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៣ នេះតទៅ។ លោក ចាន់ រដ្ឋា គឺជាជនជាតិខ្មែរដំបូងគេបង្អស់ដែលបានទទួលតំណែងជាអគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅនៃក្រុមហ៊ុនអន្តរជាតិមួយនេះ។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន លោក ចាន់ រដ្ឋា គឺជាបុគ្គលិកដំបូងគេបង្អស់របស់ក្រុមហ៊ុន Manulife នៅពេលក្រុមហ៊ុនបានចាប់ផ្តើមប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ ២០១២ ហើយលោកក៏បានបម្រើការងារអស់រយៈពេល ៨ ឆ្នាំរហូតដល់ឆ្នាំ ២០២០។ លោក ចាន់ រដ្ឋា មានបទពិសោធយ៉ាងច្រើន និងស៊ីជម្រៅក្នុងវិស័យធានារ៉ាប់រងអាយុជីវិត ហើយលោកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍក្រុមហ៊ុន Manulife នៅក្នុងទីផ្សារកម្ពុជា។ លោកបានដឹកនាំនាយកដ្ឋានផ្នែកលក់របស់ក្រុមហ៊ុនឲ្យឈានមុខគេ និងទទួលបានតំណែងលេខ ១ នៅលើទីផ្សារផងដែរ។
លោក ចាន់ រដ្ឋា ទទួលបានពានរង្វាន់ Global Star of Excellence ពី Manulife ក្នុងឆ្នាំ ២០១៣ ហើយលោកត្រូវបានទទួលស្គាល់ជា Asia Young Leader of the Year ក្នុងឆ្នាំ ២០១៨ ដោយស្ថាប័នអន្តរជាតិ Asia Insurance Review។ ថ្មីៗនេះ លោកត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌថ្នាក់ មហាសេរីវឌ្ឍន៍ ផងដែរ។
លោក Sachin N. Shah អគ្គនាយកចាត់ការទូទៅ របស់ក្រុមហ៊ុន Manulife ប្រចាំតំបន់អាស៊ីទទួលបន្ទុកផ្នែកទីផ្សារកំពុងរីកចម្រើន បានមានប្រសាសន៍ថា៖ «យើងខ្ញុំពិតជារំភើបណាស់ដែលបានស្វាគមន៍ លោក ចាន់ រដ្ឋា មកកាន់ក្រុមហ៊ុន Manulife។ បទពិសោធន៍ ចំណេះដឹង ក៏ដូចជាការទទួលស្គាល់របស់លោក ចាន់ រដ្ឋា ស័ក្តិសមបំផុតសម្រាប់ដំណាក់កាលបន្ទាប់នៃការរីកចម្រើនរបស់ក្រុមហ៊ុន Manulife ក្នុងការបន្តកសាងអនាគតហិរញ្ញវត្ថុដ៏ល្អប្រសើរជូនក្រុមគ្រួសារកម្ពុជា»។
គួរបញ្ជាក់ផងដែរថា លោក ចាន់ រដ្ឋា ទទួលតំណែងបន្តពីលោក Justin Helferich ដែលបានដឹកនាំក្រុមហ៊ុន Manulife ឆ្លងកាត់បញ្ហាប្រឈមពីខាងក្រៅដែលមិនធ្លាប់មានពីមុខមក ស្របពេលជាមួយគ្នានោះ បានបន្តរក្សាការរីកចម្រើនរបស់ក្រុមហ៊ុនឲ្យនៅតែរឹងមាំសម្រាប់ថ្ងៃអនាគត។
ក្រៅពីតួនាទីនៅក្នុងក្រុមហ៊ុន លោក Justin ក៏ជាអនុប្រធានគណៈកម្មការប្រតិបត្តិនៃសមាគមធានារ៉ាប់រងកម្ពុជាផងដែរ ដោយលោកបានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់នូវភាពជាអ្នកដឹកនាំ ផ្នត់គំនិត និងចូលរួមសម្របសម្រួលកិច្ចសហការរវាងវិស័យឯកជន និងនិយ័តករពាក់ព័ន្ធនឹងការបង្កើតបទប្បញ្ញត្តិនានា ដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងការរីកចម្រើនរបស់វិស័យធានារ៉ាប់រងអាយុជីវិតនៅកម្ពុជាផងដែរ។
លោក Sachin បានបន្ថែមទៀតថា៖ «ឆ្នាំ ២០២២ កន្លងទៅនេះ យើងមានមោទកភាពដែលបានប្រារព្ធខួប ១០ ឆ្នាំនៃទំនុកចិត្តនៅកម្ពុជា ដែលក្រុមហ៊ុន Manulife នៅតែបន្តរក្សាបាននូវតំណែង និងការរីកចម្រើនទៅមុខ ក្រោមការដឹកនាំរបស់លោក Justin»។
នៅពេលដែលក្រុមហ៊ុនចាប់ផ្តើមប្រតិបត្តិអាជីវកម្មក្នុងឆ្នាំ ២០១២ Manulife គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិដំបូងគេបង្អស់ដែលបានចូលមកទីផ្សារកម្ពុជា ហើយបានណែនាំប្រជាពលរដ្ឋខ្មែរឲ្យបានយល់ដឹង និងស្គាល់អំពីផលិតផល និងសេវាកម្មធានារ៉ាប់រងអាយុជីវិត។ ក្រុមហ៊ុនបានបន្តបេសកកម្មរបស់ខ្លួនក្នុងការជួយកសាងអនាគតហិរញ្ញវត្ថុដ៏រឹងមាំ និងកាន់តែប្រសើរឡើងជូនប្រជាជនកម្ពុជា។ បច្ចុប្បន្ននេះ Manulife បាននិងកំពុងផ្តល់ការការពារអនាគតហិរញ្ញវត្ថុជូនអតិថិជនជាង ១០១.០០០ នាក់ និងផ្តល់សំណងជាទឹកប្រាក់សរុបជិត ១០.០០០.០០០ ដុល្លារអាមេរិកជូនអតិថិជននៅកម្ពុជា។
ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា នៅតែបន្តរក្សាតំណែងលេខ ១ ក្នុងនាមជាក្រុមហ៊ុនដែលមានចំណែកទីផ្សារច្រើនជាងគេ (សម្រាប់ចំនួនបុព្វលាភធានារ៉ាប់រងឆ្នាំដំបូង) ក្នុងឆ្នាំ ២០២២។ ក្រុមហ៊ុនក៏បានផ្តល់ទឹកប្រាក់ត្រលប់ទៅវិញដល់អតិថិជនដែលមានបណ្ណសន្យារ៉ាប់រងដល់កាលកំណត់ដំបូងគេនៅកម្ពុជា ហើយនឹងបន្តផ្តល់ជូនប្រមាណ ១.០០០.០០០ ដុល្លារអាមេរិកដល់អតិថិជនកម្ពុជាក្នុងឆ្នាំ ២០២៣ នេះ។
ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ក៏បានចំណាយថវិកាជាង ៥.០០០.០០០ ដុល្លារអាមេរិករួចមកហើយក្នុងសកម្មភាពទំនួលខុសត្រូវសង្គមរួមមាន ការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ការចែកមួកសុវត្ថិភាព ការឧបត្ថម្ភព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនៅអង្គរវត្ត ការរៃអង្គាសថវិកាដល់មន្ទីរពេទ្យកុមារ ការឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា ការផ្តល់ជូនអត្ថប្រយោជន៍បន្ថែមដល់អតិថិជនក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺ កូវីដ-១៩ និងកម្មវិធីនានាជាច្រើនទៀត។
ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា គឺជាក្រុមហ៊ុនដំបូងគេនៅកម្ពុជាដែលបានពង្រីកវិសាលភាពអាជីវកម្មទៅកាន់ខេត្ត សៀមរាប កំពង់ចាម បាត់ដំបង បន្ទាយមានជ័យ និងព្រះសីហនុ ដើម្បីឱ្យក្រុមគ្រួសារកម្ពុជាកាន់តែច្រើនឡើងៗទទួលបានការការពារផ្នែកហិរញ្ញវត្ថុ។
ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា គឺជាផ្នែកមួយនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ហ្វាយនែនសល (Manulife Financial Corporation)។ ដោយមានទីស្នាក់ការកណ្តាលជាសកលនៅទីក្រុងតូរ៉ុនតូ ប្រទេសកាណាដា ក្រុមហ៊ុនផ្តល់ការប្រឹក្សាហិរញ្ញវត្ថុ និងដំណោះស្រាយធានារ៉ាប់រងតាមរយៈប្រតិបត្តិការអាជីវកម្មជាក្រុមហ៊ុន មេនូឡាយហ្វ៍ នៅប្រទេសកាណាដា នៅតំបន់អាស៊ី និងអឺរ៉ុប និងជាក្រុមហ៊ុន John Hancock នៅសហរដ្ឋអាមេរិក ហើយកំពុងការពារអតិថិជនជាង ៣៤.០០០.០០០ នាក់នៅទូទាំងសកលលោក៕
ដើម្បីទទួលព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពីក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា សូមតាមដានទំព័រហ្វេសប៊ុក «Manulife Cambodia» តាមរយៈ www.facebook.com/ManulifeKH ឬ ចូលទៅកាន់គេហទំព័រ www.manulife.com.kh។