រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែសីហា ឆ្នាំ ២០២២៖ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិដំបូងបង្អស់នៅព្រះរាជាណាចក្រកម្ពុជា បានប្រគល់ទឹកប្រាក់បរិច្ចាគចំនួន ១៦.៤១០ ដុល្លារអាមេរិក ដែលទទួលបានតាមរយៈយុទ្ធនាការមួយដែលមានឈ្មោះថា «១០ ដុល្លារសម្រាប់កុមារកម្ពុជា» ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ។
យុទ្ធនាការ «១០ ដុល្លារសម្រាប់កុមារកម្ពុជា» ត្រូវបានផ្តួចផ្តើមឡើងដោយ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា (Manulife Cambodia) ដោយសហការជាមួយ មូលនិធិគន្ធបុប្ផាកម្ពុជា ស្របនឹងឱកាសគម្រប់ខួប ១០ ឆ្នាំនៃទំនុកចិត្តរបស់ក្រុមហ៊ុន ដើម្បីរួមចំណែកលើកកម្ពស់សុខភាព និងសុខុមាលភាពកុមារនៅកម្ពុជា។ តាមរយៈយុទ្ធនាការនេះ ក្រុមហ៊ុន មេនូឡាយហ្វ៍ ធ្វើការបរិច្ចាគទឹកប្រាក់សរុបចំនួន ១៦.៤១០ ដុល្លារ ដែលបានពីការបរិច្ចាគទឹកប្រាក់ ១០ ដុល្លារសម្រាប់ ១ បណ្ណសន្យារ៉ាប់រង ដែលអតិថិជនបានទិញពីក្រុមហ៊ុន ចាប់ពីថ្ងៃទី ២៧ ខែមិថុនា ដល់ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅ។ មិនតែប៉ុណ្ណោះ ឈ្មោះពេញរបស់អតិថិជននឹងត្រូវបានផ្តល់ជូនមូលនិធិគន្ធបុប្ជាកម្ពុជា ក្នុងនាមជាសប្បុរសជនដែលបានចូលរួមបរិច្ចាគថវិកាតាមរយៈមូលនិធិផងដែរ។
តំណាងមូលនិធិគន្ធបុប្ផាកម្ពុជា និងមុន្ទីរពេទ្យគន្ធបុប្ផា សូមថ្លែងអំណរគុណក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ចំពោះការផ្ដួចផ្ដើមនេះ និងក៏សូមថ្លែងអរគុណផងដែរជូនសប្បុរសជនទាំងអស់ដែលបានចូលរួមក្នុងយុទ្ធការដើម្បីកៀរគរការបរិច្ចាគ ដែលជាការរួមចំណែកជាមួយ មូលនិធិគន្ធបុប្ផាកម្ពុជា ក៏ដូចជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំង៥ ទីតាំងនៅព្រះរាជាណាចក្រកម្ពុជា។
លោក Justin Helferich អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា មានប្រសាសន៍ថា៖
«នៅក្រុមហ៊ុន មេនូឡាយហ្វ៍ យើងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់សុខភាព និងសុខុមាលភាព ក៏ដូចជាបន្តកសាងអនាគតកាន់តែប្រសើរឡើងជូនគ្រួសារកម្ពុជា។ ហេតុនេះហើយ ទើបជាផ្នែកមួយនៃការប្រារព្ធខួប ១០ ឆ្នាំនៃទំនុកចិត្តរបស់ក្រុមហ៊ុន យើងបានរៀបចំឲ្យមានយុទ្ធនាការ «១០ ដុល្លារសម្រាប់កុមារកម្ពុជា» ដោយសហការជាមួយ មូលនិធិគន្ធបុប្ផាកម្ពុជា។ ខ្ញុំរំភើបណាស់ដែលគំនិតផ្តួចផ្តើមនេះបានអនុញ្ញាតឱ្យយើងផ្តល់ការការពារផ្នែកហិរញ្ញវត្ថុជូនអតិថិជនយើង ស្របពេលជាមួយគ្នានៃការចូលរួមចំណែកគាំទ្រដល់និរន្តភាពរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការផ្តល់ការពិនិត្យ និងការព្យាបាលកុមារកម្ពុជាប្រកបដោយគុណភាព ដោយឥតគិតថ្លៃ និងមិនរើសអើង។»
តាមរយៈពិធីនេះប្រគល់-ទទួលនេះ, មូលនិធិគន្ធបុប្ផាកម្ពុជា ក៏សូមបន្តលើកទឹកចិត្តដល់សប្បុរសជន ទាំងក្នុង និងក្រៅប្រទេស មេត្តាចូលរួមបរិច្ចាគចូលជាសមាជិករបស់មូលនិធិគន្ធបុប្ផាកម្ពុជាដែលមានពីរប្រភេទគឺ(១) សមាជិកកិត្តិយស ដោយបរិច្ចាគចាប់ពី ២០ ០០០ ០០០ (ម្ភៃលាន) រៀល/៥ ០០០ (ប្រាំពាន់) ដុល្លារអាមេរិក ក្នុងមួយឆ្នាំ ឬ (២) សមាជិកគាំទ្រ ដោយបរិច្ចាគចាប់ពី ៥ ០០០ (ប្រាំពាន់) រៀល ក្នុងមួយខែ/៦០ ០០០ (ហុកសិបពាន់ )រៀល ក្នុងមួយឆ្នាំ ដើម្បីបង្ហាញពីសាមគ្គីភាពក្នុងស្មារតី “ខ្មែរជួយខ្មែរ” តាមរយៈមធ្យោបាយបរិច្ចាគដោយឥតគិតថ្លៃសេវា ដែលរួមមានធនាគារ ABA, ACLEDA, Canadia, Chip Mong, Sathapana, Wing, Vattanac, J Trust Royal, ARDB, Cambodian Public និង ភ្នាក់ងារ True Money ឬ តាមរយៈលេខទូរសព្ទ ០៦១ ៧០ ១១១១។
គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានចំណាយថវិកាជាង ៤ លានដុល្លារអាមេរិករួចមកហើយ ក្នុងសកម្មភាពគាំទ្រសហគមន៍កម្ពុជារួមមាន ការគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ការចែកមួកសុវត្ថិភាព ការឧបត្ថម្ភព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនៅអង្គរវត្ត ការរៃអង្គាសថវិកាដល់មន្ទីរពេទ្យកុមារ និងកម្មវិធីនានាជាច្រើនទៀត៕
ដើម្បីទទួលព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពីក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា សូមតាមដានទំព័រហ្វេសប៊ុក «Manulife Cambodia» តាមរយៈ www.facebook.com/ManulifeKH ឬ ចូលទៅកាន់គេហទំព័រ www.manulife.com.kh។