កិច្ចព្រមព្រៀងធានារ៉ាប់រងបណ្ដោះអាសន្ននេះ (តទៅនេះហៅកាត់ថា "TIA") ត្រូវបានផ្ដល់ជូនជាមួយនឹងទម្រង់បែបបទស្នើសុំការធានារ៉ាប់រងនៃប័ណ្ណសន្យារ៉ាប់រងអាយុជីវិតជាលក្ខណៈឯកបុគ្គលពី ក្រុមហ៊ុន មេនូឡាយហ្វ៍ (ខេមបូឌា) ភីអិលស៊ី (តទៅនេះហៅកាត់ថា "ក្រុមហ៊ុន") និងការបង់បុព្វលាភរ៉ាប់រងដំបូង ដោយអនុលោមទៅតាមបញ្ញត្តិ និងលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ។ ទីប្រឹក្សាធានារ៉ាប់រង ឬ មន្ត្រីជំនាញប្រឹក្សាធានារ៉ាប់រង ឬ អ្នកពិនិត្យសុខភាពមិនត្រូវបានអនុញ្ញាតឲ្យធ្វើការកែប្រែ ធ្វើវិសោធនកម្ម ឬ ផ្លាស់ប្ដូរលក្ខខណ្ឌ និងបញ្ញត្តិនៃកិច្ចព្រមព្រៀងធានារ៉ាប់រងបណ្ដោះអាសន្ននេះឡើយទោះបីក្នុងទម្រង់ណាមួយក៏ដោយ។
លក្ខខណ្ឌ
1. បុព្វលាភរ៉ាប់រងដំបូងទាំងអស់សម្រាប់ប្រភេទនៃការធានារ៉ាប់រងជាមូលដ្ឋាន និងផលប្រយោជន៍ ឬ ផលប្រយោជន៍បន្ថែមណាមួយ ដែលកំពុងតែធ្វើការស្នើសុំត្រូវតែបង់ជូនក្រុមហ៊ុនរួមជាមួយនឹងទម្រង់បែបបទស្នើសុំការធានារ៉ាប់រងដែលបានបំពេញរួច។
2. រាល់មូលប្បទានបត្រ រូបិយាណត្តិ ឬ ប័ណ្ណបញ្ជាទូទាត់សាច់ប្រាក់ ដែលបានប្រើប្រាស់ដើម្បីបង់បុព្វលាភរ៉ាប់រង ត្រូវតែអាចទូទាត់បាននៅពេលដែលក្រុមហ៊ុនបង្ហាញក្នុងការទូទាត់លើកដំបូង។
3. អាយុអ្នកត្រូវបានធានាអាយុជីវិត (ដោយផ្អែកលើខួបកំណើតចុងក្រោយ) មិនត្រូវលើសពី ៦៥ ឆ្នាំ ឬ អាយុអតិបរមានៅពេលផ្ដល់ជូនប័ណ្ណសន្យារ៉ាប់រង (ប្រសិនបើតិចជាង ៦៥ ឆ្នាំ) សម្រាប់ប្រភេទនៃការធានារ៉ាប់រងដែលបានស្នើសុំ។
4. ចម្លើយរបស់អ្នកត្រូវបានធានាអាយុជីវិត ឬ ម្ចាស់ប័ណ្ណសន្យារ៉ាប់រងក្នុងសំណួរពាក់ព័ន្ធនឹងសុខភាព (ក) និង (ខ) ក្នុងទម្រង់បែបបទស្នើសុំការធានារ៉ាប់រងត្រូវបានឆ្លើយដោយត្រឹមត្រូវថា "ទេ"។ ប្រសិនបើមានចម្លើយណាមួយដែលឆ្លើយថា "បាទ/ចាស" នោះនឹងមិនមានការធានាណាមួយក្រោមកិច្ចព្រមព្រៀងធានារ៉ាប់រងបណ្ដោះអាសន្ននេះឡើយ។
បញ្ញត្តិ
1. កិច្ចព្រមព្រៀងធានារ៉ាប់រងបណ្ដោះអាសន្ននេះនឹងមានសុពលភាព បន្ទាប់ពីសំណុំឯកសារនៃទម្រង់បែបបទស្នើសុំការធានារ៉ាប់រង រួមទាំងភស្ដុតាងនៃការពិនិត្យសុខភាពត្រូវបានបំពេញចប់សព្វគ្រប់ និងបុព្វលាភរ៉ាប់រងដំបូងត្រូវបានបង់គ្រប់ចំនួន។ ការបង់់ប្រាក់តាមមូលប្បទានបត្រ រូបិយាណត្តិ ឬ ប័ណ្ណបញ្ជាទូទាត់សាច់ប្រាក់ ត្រូវតែអាចទូទាត់បានដោយធនាគារ ហើយក្រុមហ៊ុនបានទទួលប្រាក់មុននឹងកិច្ចព្រមព្រៀងធានារ៉ាប់រងបណ្ដោះអាសន្ននេះមានសុពលភាព។
2. ចំនួនប្រាក់សំណងករណីមរណភាពក្រោមកិច្ចព្រមព្រៀងនេះ និងកិច្ចព្រមព្រៀងធានារ៉ាប់រងបណ្ដោះអាសន្នផ្សេងទៀតដែលបានធ្វើឡើងជាមួយក្រុមហ៊ុនត្រូវតែមានចំនួនតិចជាង ៩.០០០ ដុល្លារអាមេរិក (ប្រាំបួនពាន់ដុល្លារអាមេរិក) (ឬ ចំនួនក្នុងរូបិយប័ណ្ណផ្សេងដែលសមមូល) ឬ ចំនួនទឹកប្រាក់សំណងករណីមរណភាពសរុបដែលបានស្នើសុំ (ប្រសិនបើតិចជាង ៩.០០០ ដុល្លារអាមេរិក) និងអាចត្រូវបានទូទាត់សំណងក្រោមលក្ខខណ្ឌនៃប័ណ្ណសន្យារ៉ាប់រង ដោយសារមរណភាពរបស់អ្នកត្រូវបានធានាអាយុជីវិត (រួមទាំងប្រាក់សំណងករណីមរណភាពបណ្ដាលមកពីគ្រោះថ្នាក់)។
3. ក្នុងករណីផលប្រយោជន៍សំណងដែលត្រូវទូទាត់តាមកិច្ចព្រមព្រៀងនេះ ដែលបណ្ដាលមកពីមូលហេតុក្នុងចំណុចទី ២ ខាងលើនេះមានចំនួនតិចជាងចំនួនទឹកប្រាក់ធានារ៉ាប់រងដែលបានស្នើសុំ នោះបុព្វលាភរ៉ាប់រងសម្រាប់ចំនួនទឹកប្រាក់ធានារ៉ាប់រងដែលលើស នឹងត្រូវបានប្រគល់ជូនទៅឲ្យអ្នកទទួលផលប្រយោជន៍ដែលត្រូវបានកំណត់នៅក្នុងទម្រង់បែបបទស្នើសុំការធានារ៉ាប់រងដែលបានដាក់ជូនក្រុមហ៊ុន។
4. បើទោះបីជាមានការចែងនៅក្នុងបទប្បញ្ញតិណាមួយផ្សេងទៀតក្នុងកិច្ចព្រមព្រៀងនេះក៏ដោយ ការទូទាត់ប្រាក់សំណងករណីមរណភាពនឹងមិនត្រូវបានធ្វើឡើងឡើយ ប្រសិនបើអ្នកត្រូវបានធានាអាយុជីវិតបានទទួលមរណភាពដោយសារមូលហេតុណាមួយ (ទោះបីជាដោយផ្ទាល់ ឬ មិនផ្ទាល់ក្ដី) ដូចខាងក្រោម៖
o ក. អ្នកត្រូវបានធានាអាយុជីវិតធ្វើអត្តឃាត ឬ ប៉ុនប៉ងធ្វើអត្តឃាត បើទោះបីជាមានសតិល្អធម្មតា ឬ មិនល្អក្ដី ឬ
o ខ. ការប្រើប្រាស់គ្រឿងញៀន ឬ សារធាតុញៀនដទៃទៀត ដែលជាការល្មើសច្បាប់នៃប្រទេសកម្ពុជា ឬ
o គ. អ្នកត្រូវបានធានាអាយុជីវិតបានទទួលមរណភាពទោះបីជាផ្ទាល់ ឬ មិនផ្ទាល់ក្ដីបណ្ដាលមកពីការប្រព្រឹត្ត ឬ ការប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ឬ
o ឃ. អ្នកត្រូវបានធានាអាយុជីវិតទទួលមរណភាពបណ្តាលមកពីជំងឺអេដស៍(AIDS) ឬ បញ្ហាណាមួយទាក់ទងនឹងការឆ្លងមេរោគហ៊ីវ (HIV) ឬ
o ង. មរណភាពដែលមិនបានស្ថិតនៅក្រោមការធានារ៉ាប់រងក្នុងកិច្ចសន្យានៃប័ណ្ណសន្យារ៉ាប់រងដែលបានស្នើសុំ ឬ
o ច. អ្នកត្រូវបានធានាអាយុជីវិតបានទទួលមរណភាពដែលបណ្ដាលមកពីហេតុការណ៍មួយ ឬ ហេតុការណ៍ដែលកើតឡើងជាបន្តបន្ទាប់គ្នា ដែលបានកើតឡើងមុនពេលដែល TIA អាចចាប់ផ្ដើមមានសុពលភាព។ ប្រសិនបើមរណភាពរបស់អ្នកត្រូវបានធានាអាយុជីវិតបណ្ដាលមកពីមូលហេតុណាមួយខាងលើនេះ ទោះបីជាដោយផ្ទាល់ ឬ មិនផ្ទាល់ក្ដី ក្រុមហ៊ុននឹងសងត្រលប់ទៅអ្នកស្នើសុំវិញនូវបុព្វលាភរ៉ាប់រងដែលបានបង់រួច តែប៉ុណ្ណោះដោយពុំមានការប្រាក់ ដោយកាត់ចេញនូវថ្លៃចំណាយលើការពិនិត្យសុខភាពក្នុងការវាយតម្លៃហានិភ័យក្រោមប័ណ្ណសន្យារ៉ាប់រងដែលបានស្នើសុំ។
5. ការធានារ៉ាប់រងក្រោមកិច្ចព្រមព្រៀងធានារ៉ាប់រងបណ្ដោះអាសន្ននេះនឹងត្រូវចាត់ទុកជាមោឃៈ ក្នុងករណីដែលមានការអះអាងមិនត្រឹមត្រូវ និង/ឬ ការលាក់បាំងព័ត៌មានដែលមានសារៈសំខាន់ណាមួយរបស់អ្នកស្នើសុំ ឬ អ្នកត្រូវបានធានាអាយុជីវិតនៅក្នុងទម្រង់បែបបទស្នើសុំការធានារ៉ាប់រង។
6. ការទូទាត់ណាមួយពីក្រុមហ៊ុនក្រោមកិច្ចព្រមព្រៀងនេះត្រូវគ្រប់គ្រងដោយលក្ខខណ្ឌនៃប័ណ្ណសន្យារ៉ាប់រងដែលបានស្នើសុំ និងត្រូវទូទាត់ជូនអ្នកទទួលផលប្រយោជន៍ដែលត្រូវបានកំណត់ក្នុងទម្រង់បែបបទស្នើសុំការធានារ៉ាប់រង។
7. TIA នេះ នឹងត្រូវបានបញ្ចប់សុពលភាពតាមកាលបរិច្ឆេទណាមួយដែលកើតឡើងឆាប់ជាងគេដូចខាងក្រោម៖
o ក. កាលបរិច្ឆេទនៃប័ណ្ណសន្យារ៉ាប់រងដែលបានស្នើសុំបានចាប់ផ្ដើមមានសុពលភាព ឬ
o ខ. កាលបរិច្ឆេទដែលក្រុមហ៊ុនផ្ញើលិខិតជូនដំណឹង ឬ ធ្វើការជូនដំណឹងទៅអ្នកស្នើសុំថាប័ណ្ណសន្យារ៉ាប់រងដែលបានស្នើសុំមិនត្រូវបានអនុម័តយល់ព្រម ឬ កាលបរិច្ឆេទដែលការធានារ៉ាប់រងក្រោមកិច្ចព្រមព្រៀងនេះត្រូវបានបញ្ចប់ ឬ
o គ. ៩០ ថ្ងៃចាប់ពីកាលបរិច្ឆេទដែលទម្រង់បែបបទស្នើសុំត្រូវបានចុះហត្ថលេខា។
8. ការបញ្ចប់សុពលភាពកិច្ចព្រមព្រៀងនេះស្របតាមចំណុចទី ៧ ខាងលើនឹងមិនប៉ះពាល់ដល់សិទ្ធិទាមទារសំណងណាមួយដែលបានកើតឡើងមុនការបញ្ចប់នេះឡើយ។ ប្រសិនបើក្រុមហ៊ុនយល់ព្រមទទួលទម្រង់បែបបទស្នើសុំការធានារ៉ាប់រងដែលបានស្នើសុំដោយមិនមានការកែប្រែ នោះចំនួនបុព្វលាភរ៉ាប់រងដំបូងដែលបានទទួលស្គាល់ក្នុងបង្កាន់ដៃនេះនឹងត្រូវបានទទួលស្គាល់ជា បុព្វលាភរ៉ាប់រងដំបូងដែលត្រឹមត្រូវស្របតាមប័ណ្ណសន្យារ៉ាប់រង។ ប្រសិនបើក្រុមហ៊ុនបដិសេធទម្រង់បែបបទស្នើសុំការធានារ៉ាប់រង ឬ ប្រសិនបើអ្នកស្នើសុំបដិសេធមិនទទួលយកប័ណ្ណសន្យារ៉ាប់រងដោយសារមិនមែន ជាអ្វីដូចដែលបានស្នើសុំ នោះចំនួនទឹកប្រាក់ដែលត្រូវបានបង្ហាញក្នុងបង្កាន់ដៃនេះនឹងត្រូវធ្វើការទូទាត់ត្រលប់ទៅឲ្យអ្នកស្នើសុំវិញដោយកាត់ចេញនូវថ្លៃចំណាយលើការពិនិត្យសុខភាពក្នុងការវាយតម្លៃហានិភ័យ ក្រោមប័ណ្ណសន្យារ៉ាប់រងដែលបានស្នើសុំ (ប្រសិនបើមាន)។
ការធានារ៉ាប់រងអាយុជីវិតណាមួយរួមទាំងប្រាក់សំណងករណីមរណភាពដែលបណ្ដាលមកពីគ្រោះថ្នាក់ដែលបានស្នើសុំនៅក្នុងទម្រង់បែបបទស្នើសុំការធានារ៉ាប់រងនឹងមិនមានសុពលភាពទេរហូតដល់ប័ណ្ណ សន្យារ៉ាប់រងត្រូវបានផ្ដល់ជូន ហើយរាល់លក្ខខណ្ឌតម្រូវទាំងអស់ត្រូវបានបំពេញ និងបុព្វលាភរ៉ាប់រងដំបូងដែលនៅជំពាក់ (ប្រសិនបើមាន) ត្រូវបានបង់គ្រប់ចំនួនជូនក្រុមហ៊ុន។ ប្រសិនបើលោកអ្នកមិនទាន់ទទួលបានកិច្ចសន្យានៃប័ណ្ណសន្យារ៉ាប់រងក្នុងរយៈពេល ៩០ ថ្ងៃចាប់ពីកាលបរិច្ឆេទនៃទម្រង់បែបបទស្នើសុំការធានារ៉ាប់រង សូមមេត្តាទាក់ទងមកក្រុមហ៊ុនដើម្បីសាកសួរព័ត៌មានតាមរយៈ៖
ចាន់ រដ្ឋា
អគ្គនាយក
ក្រុមហ៊ុនមេនូឡាយហ្វ៍ (ខេមបូឌា) ភីអិលស៊ី
អគារធីខេសេនត្រល លេខ ១២ ជាន់ទី ១៤ ផ្លូវលេខ ២៨៩ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ
ផ្នែកសេវាបម្រើអតិថិជន (ទូរសព្ទឥតគិតថ្លៃ)៖ ១៨០០ ២១១ ២១១ www.manulife.com.kh www.facebook.com/ManulifeKH